និយមន័យនៃពាក្ស «ក្ស័យធន»
យោងតាមវចនានុក្រមខ្មែរ «ក្ស័យធន» មកពីពាក្យ ក្ស័យ + ធន ដោយ «ក្ស័យ» ជានាម មានន័យថា ការអស់ទៅ សេចក្តីបាត់បង់ វិនាស «ធន» ជានាមមាន ន័យថា ទ្រព្យ សម្បត្តិ ដូចនេះ ក្ស័យធន អាចនិយាយបានថាការអស់ទ្រព្យសម្បត្តិ។
និយមន័យនៃពាក្ស «ក្ស័យធន» តាមច្បាប់ បើក្នុងន័យច្បាប់ «ក្ស័យធន» សំដៅដល់កាលៈទេសៈដែលក្រុមហ៊ុន ឬម្ជាស់អាជីវកម្មមិនអាចទូទាត់សងបំណុលបាន ហើយត្រូវបានប្រកាសបញ្ជាក់ដោយតុលាការ បន្ទាប់ពីជម្រះបញ្ជីបំណុលតាមនីតិវីធី ដើម្បីបែងចែកទ្រព្យសកម្មរបស់ក្រុមហ៊ុន ឲទៅម្ចាស់បំណុលតាមលំដាប់អាទិភាព។
ពាក្យក្ស័យធននេះ ជាវាក្យសព្ទដែលយើងឧស្សាហ៍ឮជាពិសេសក្នុងអំឡុងបរិបទកូវីដ-១៩ ពោលគឺនៅពេលអាជីវកម្មជាច្រើនរួមមានសណ្្ឋាគារ រោងចក្រ ភោជនីយដ្ឋាន សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុនអាការចរណ៍ជាដើម ត្រូវផ្អាកដំណើរការ ដួលរលំ ឬឈានទៅរកការត្រូវបិទ ដែលបានន័យថាស្ថាប័នទាំងនោះប្រឈមមុខនឹងការក្ស័យធន។
កំណត់សំគាល់បន្ថែម៖ ទ្រព្យសកម្មគឺជាទ្រព្យដែលកាន់កាប់ដោយអាជីវកម្មហើយនឹងបម្រើផលប្រយោជន៏ផ្នែកសេដ្ឋកិច្ចដល់អាជីវកម្មនាពេលអនាគត។
ស្ថិតក្នុង ចំណាត់ថ្នាក់លេខ ៨២ ក្នុងចំណោមប្រទេសសរុប១៩០ ទាក់ទងនឹង «ភាពងាយស្រួលក្នុងការដោះស្រាយវិបត្តិក្ស័យធន»។
កត្តាអ្វីខ្លះដែលធ្វើឲ្យអាជីវកម្មប្រកាសក្ស័យធន?
កត្តាដែលធ្វើឲអាជីវកម្មប្រកាសក្ស័យធនអាចបែងចែកបានជាពីរកត្តាធំៗ៖
កត្តាខាងក្រៅ(External Factors)៖
- ឥទ្ធិពលខាងក្រៅដូចជាវិបត្តិសេដ្ឋកិច្ចជាតិនិងអន្តរជាតិកំណើនអតិផរណាល
- ការប្រែប្រួលឆាប់រហ័សនៃគោលនយោបាយរដ្ឋាភិបាលទៅលើពន្ធដារពន្ធគយជាដើម
- អាជីវកម្មចាប់ផ្តើមបាត់បង់តម្រូវការទីផ្សារ
កត្តាខាងក្នុង(Internal Factors)៖
- លំហូរយឺតយាវនៃចំណូលនិងទំហំចំណាយធំជាងចំណូល
- ទីតាំងអាជីវកម្មមិនអំណោយផល
- ចន្លោះប្រហោងនៃការរៀបចំការងារគណនេយ្យនិងរបាយការណ៍ហរិញ្ញវត្ថុ
កត្តាគួបផ្សំមួយចំនួនទៀតដែលធ្វើឲអាជីវកម្មប្រកាសក្ស័យធន៖
- កង្វះប្រាក់ចំណេញក្នុងរយៈពេលយូរ
- កម្សោយអភិបាលកិច្ចគ្រប់គ្រងរបស់ម្ចាស់ក្រុមហ៊ុន
- ផលិតភាពស្ទក់ទម្រន់របស់អ្នកធ្វើការ
- ភាពអាត្មានិយមលោភលន់នៃអំពើកិបកេងបន្លំលួចលុយរបស់អតិថិជននិងក្រុមហ៊ុន(embezzlement)
- ចោរកម្មបទល្មើសហរិញ្ញវត្ថុកត្តាគ្រោះធម្មជាតិនិងបញ្ហាផ្ទាល់ខ្លួនរួមមានគ្រោះថ្នាក់ឧបទ្ទវហេតុជំងឺបៀតបៀនសម្ពាធគ្រួសារដែលកើតមានទៅលើអភិបាលក្រុមហ៊ុនឬម្ជាស់អាជីវកម្ម
អត្ថប្រយោជន៍នៃការប្រកាសក្ស័យធន
ការប្រកាសក្ស័យធនដោយប្រព្រឹត្តទៅតាមនីតិវិធីនៃច្បាប់ក្ស័យធនត្រឹមត្រូវ បានផ្ដល់អត្ថប្រយោជន៍សមប្រកបជាច្រើនដល់ភាគីកូនបំណុល ម្ចាស់បំណុល កម្មករនិយោជិត និងរដ្ឋ។
ម្ចាស់បំណុលទទួលបានការទូទាត់សងបំណុល៖
ការទូទាត់សងជាសមូហភាពតាមលំដាប់អាទិភាព និងត្រឹមត្រូវស្របតាមសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនេះ គឺជាមុខងារក្នុងការបែងចែក។ ការប្រកាសក្ស័យធនតាមលក្ខខណ្ឌ និងវិធានច្បាប់ស្ដីពីក្ស័យធន នឹងធានានូវភាពយុត្តិធម៌ និងភាពស្របច្បាប់ក្នុងការបែងចែកទ្រព្យសកម្មរបស់កូនបំណុលដើម្បីការពារ និងបញ្ចប់ជម្លោះរវាងម្ចាស់បំណុល និងម្ចាស់បំណុល ឬម្ចាស់បំណុលទល់នឹងកូនបំណុល។
កូនបំណុលអាចស្រោចស្រង់អាជីវកម្មរបស់ខ្លួនឡើងវិញ៖
តាមរយៈនីតិវិធីស្ដារនីតិសម្បទា កូនបំណុលនឹងមានសង្ឃឹមម្ដងទៀតក្នុងការចាប់ផ្តើមជាថ្មីនៃអាជីវកម្មរបស់ខ្លួន។ ពិសេសដោយមានអានុភាពនៃផែនការសម្របសម្រួល កូនបំណុលនឹងអាចមានលទ្ធភាព ដោះទាល់បានមួយផ្នែក ពីការជាប់ជំពាក់បំណុលហិរញ្ញវត្ថុធ្ងន់ធ្ងរ តែពុំមែនបានន័យថា កូនបំណុលរួចផុតពីកាតព្វកិច្ចសងបំណុលត្រឡប់ទៅម្ចាស់បំណុលទាំងស្រុងទេ ពោលគឺក្នុងផែនការនេះ កូនបំណុល ឬអភិបាលបណ្តោះអាសន្នអាចដាក់សំណើទៅ ម្ចាស់បំណុលឱ្យលុបចោលបំណុលមួយចំនួន និង/ឬពន្យារពេលការទូទាត់សងបំណុល។
បុគ្គលិកបានប្រាក់ខែ ហើយរដ្ឋទទួលបានពន្ធ៖
ប្រាក់ដែលទទួលបានពីការ ជម្រះបញ្ជីទ្រព្យសម្បត្តិកូនបំណុល ត្រូវប្រើប្រាស់សម្រាប់ទូទាត់បណ្ដឹងទាមទារ រួមមានប្រាក់បៀវត្សបុគ្គលិក និងនិយោជិត ពន្ធដាររបស់រដ្ឋសមស្របតាមច្បាប់កំណត់ ជំរុញឲ្យមានដំណើរការសេដ្ឋកិច្ចបានល្អ។
កូនបំណុលអាចរួចផុតពីទណ្ឌកម្មផ្នែកច្បាប់៖
ការប្រកាសក្ស័យធន គឺជាកាតព្វកិច្ចរបស់ពាណិជ្ជករ។ ប្រសិនបើកូនបំណុលមិនប្រកាសតាមនីតិវិធីនៃច្បាប់ក្ស័យធនត្រឹមត្រូវទេ អាចនឹងទទួលទោសពីបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា៨១ ថា រាល់អំពើល្មើសក្នុងសំណុំរឿងក្ស័យត្រូវផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ព្រហ្មទណ្ឌជាធរមាន អាចជាបទល្មើសឆបោក ឬ រំលោភលើសេចក្ដីទំនុកចិត្តទាក់ទិននឹង ភាពក្ស័យធននៃអាជីវកម្មរបស់ពួកគេ។
កាត់បន្ថយវិប្បដិសារី និងភាពសោកសៅក្នុងសង្គមឲ្យនៅកម្រិតទាប៖ ការប្រកាសក្ស័យធន តាមនីតិវិធីច្បាប់ក្ស័យធនជួយបង្ការបញ្ហាសោកសង្វេគក្នុងសង្គមដោយសារតែបំណុលវ័ណ្ឌកដែលរុញច្រានឱ្យកូនបំណុល និងសាច់ញាតិរបស់គាត់ធ្លាក់ក្នុងភាពក្រីក្រយ៉ាងធ្ងន់ធ្ងរ ឬឈានទៅដល់ អត្តឃាត។ វាក៏បញ្ចៀសនូវការតស៊ូសងជម្នះលើបំណុលវ័ណ្ឌកដែលអាចបណ្តាលឱ្យ មានភាពតានតឹងផ្លូវចិត្ត សតិអារម្មណ៍ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ។
លក្ខខណ្ឌក្នុងការបើកសំណុំរឿងក្ស័យធន
មូលហេតុនៃការបើកសំណុំរឿង៖
លក្ខខណ្ឌតម្រូវក្នុងការសុំបើកសំណុំរឿងក្ស័យធនក្នុងករណីដែល កូនបំណុលមិនបានបំពេញកាតព្វកិច្ចមួយ ឬច្រើនដែលមានសុពលភាព និងដល់ការកំណត់សងដែលមានទឹកប្រាក់ចំនួន ៥ ០០០ ០០០ រៀល (ប្រហែល ១ ២៥០ ដុល្លាអាមេរិក) គឺជាមូលហេតុនៃការបើកសំណុំរឿងក្ស័យធនទល់នឹងកូនបំណុលនោះ។
វិសាលភាពអនុវត្ត ៖
ការសុំបើកសំណុំរឿងក្ស័យធន មានវិសាលភាពអនុវត្ត ចំពោះរូបវន្តបុគ្គលជាពាណិជ្ជករ និងនីតិបុគ្គលរួមមានក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនមូលធន លើកលែងចំពោះតែបុគ្គលដែលគ្រប់គ្រងដោយច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ច្បាប់ស្តីពីការធានារ៉ាប់រង និងច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។
ការបំពេញឯកសារ (ពាក្យបណ្ដឹង) ៖
បុគ្គលដែលអាចដាក់ពាក្យបណ្ដឹងសុំបើកសំណុំរឿង ក្ស័យធនត្រូវបានធ្វើឡើងដោយ កូនបំណុល ម្ចាស់បំណុលម្នាក់ឬច្រើន អភិបាលក្រុមហ៊ុនមូលធន ឬ តំណាងអយ្យការ។ បណ្ដឹងសុំបើកសំណុំរឿងក្ស័យធនត្រូវធ្វើឡើងជាលាយលក្ខណ៏អក្សរ និងចុះហត្ថលេខាដោយអ្នកប្ដឹង ដោយខ្លឹមសាររួមបញ្ចូលឈ្មោះអ្នកប្ដឹង ឈ្មោះកូនបំណុល បញ្ជីរាយនាមម្ចាស់បំណុល មូលហេតុ ភស្ដុតាងផ្ដល់ទម្ងន់ដល់បណ្ដឹង ពិសេសទឹកប្រាក់ដែល គេទាមទារក្នុងករណីសំណុំរឿងប្ដឹងដោយកូនបំណុល។ ការពិនិត្យពាក្យបណ្តឹងសុំការបង់ប្រាក់ ប្រដាប់ក្តី និងការដាក់ប្រាតិភោគលើបណ្តឹង ត្រូវកំណត់ដោយតុលាការ ដោយអនុលោមតាមបញ្ញតិ នៃក្រមនីតិរដ្ឋប្បវេណី។
រយៈពេលដែលកំណត់ថាក្ស័យធន៖
កូនបំណុលមានកាតព្វកិច្ចដាក់ពាក្យបណ្ដឹងបើកសំណុំរឿង ក្ស័យធនទល់នឹងខ្លួនឯង ដែលមានសុពលភាពក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទ ដែលកូនបំណុលនោះគ្មានលទ្ធភាពសងប្រាក់ទូទាត់បំណុលជូនម្ចាស់បំណុល។ និយាយឲ្យសាមញ្ញ បើកូនបំណុលគិតថាខ្លួនឯងអលទ្ធភាពក្នុងការសងបំណុល ដល់ថ្ងៃកំណត់សងរយពេល៣០ថ្ងៃ ហើយ នៅតែឥតមានលុយសងទៀត កូនបំណុលមានកាតព្វកិច្ចបើកសំណុំរឿងក្ស័យធនទល់នឹងខ្លួនឯង បើពុំដូច្នោះទេគឺអាចទទួលទណ្ឌកម្ម។
ការបង្កើតអភិបាលបណ្ដោះអាសន្ន៖
ចាប់ពីពេលដាក់ពាក្យប្ដឹងសុំបើលសំណុំរឿងក្ស័យធន រហូតដល់ពេលតុលាការចេញសេចក្ដីសម្រេចឲ្យបើកសំណុំរឿងក្ស័យធន តុលាការត្រូវចេញសេចក្ដី សម្រេចតែងតាំងអភិបាលបណ្ដោះអាសន្ន តាមពាក្យសុំជាលាយលក្ខណ៍អក្សររបស់កូនបំណុល ម្ចាស់បំណុល អភិបាលក្រុមហ៊ុនមូលធន ឬតំណាងអយ្យការ។ សិទ្ធិអំណាច និងភារកិច្ច របស់អភិបាលបណ្ដោះអាសន្ន ត្រូវបានចែងនៅក្នុងមាត្រាទី ២៣នៃជំពូកទី ៤ ក្នុងច្បាប់ស្ដីពីក្ស័យធន។
បន្ថែម៖
ថ្មីៗនេះ សភាពាណិជ្ជកម្មកម្ពុជា បានកំពុងបង្កើតគណៈកម្មការរៀបចំតុលាការពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការស៊ីវិល ក៏ដូចជាដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ក្នុងគោលដៅផ្ដល់តម្លាភាពដល់អ្នករកស៊ីក្នុងស្រុក និងពាណិជ្ជករពីក្រៅប្រទេស។
ការប្រកាសក្ស័យធនតាមនីតិវិធីច្បាប់ប្រព្រឹត្តទៅជា ៣ ដំណាក់កាលធំៗ ដូចតទៅនេះ ៖
ដំណាក់កាលដាក់ពាក្យបណ្ដឹង៖
បុគ្គលដែលអាចដាក់ពាក្យបណ្ដឹងសុំបើកសំណុំរឿង ក្ស័យធនត្រូវបានធ្វើឡើងដោយ កូនបំណុល ម្ចាស់បំណុលម្នាក់ឬច្រើន អភិបាលក្រុមហ៊ុនមូលធន ឬ តំណាងអយ្យការ។ ប្រសិនបើកូនបំណុលជានីតិបុគ្គល អភិបាលក្រុមហ៊ុនមានសិទ្ធិដាក់ពាក្យបណ្ដឹង សុំបើកសំណុំរឿងក្ស័យធន។ បណ្តឹងត្រូវដាក់ទៅតុលាការ មានសមត្ថកិច្ចដែលស្ថិតនៅខាងលំនៅឋាន របស់កូនបំណុល ឬការិយាល័យចុះបញ្ជីរបស់នីតិបុគ្គល ឬទីស្នាក់ការអាជីវកម្ម ឬទីកន្លែងដែល ទ្រព្យសម្បត្តិនោះស្ថិតនៅ។
សំគាល់៖
កូនបំណុលអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលក្ស័យធន។ ម្ចាស់បំណុលសំដៅ ដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិទាមទារសំណងពីកូនបំណុល ឬពីទ្រព្យសម្បត្តិរបស់កូនបំណុល។
ដំណាក់កាលបើកសំណុំរឿងក្ស័យធននៅតុលាការ៖ តុលាការត្រូវបើកសវនការលើបណ្ដឹងសុំបើក សំណុំរឿងក្ស័យធនរបស់កូនបំណុល ទោះក្នុងករណីណាក្ដីមិនឲ្យលើសពី ១៥ថ្ងៃ គិតចាប់ពីថ្ងៃបាន ទទួលពាក្យបណ្ដឹង។ ក្នុងករណីបណ្ដឹងសុំ ធ្វើឡើងដោយម្ចាស់បំណុល អភិបាលក្រុមហ៊ុនមូលធន ឬតំណាងអយ្យការ តុលាការត្រូវបើកសវនការមិនឲ្យលើសពី ៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួល ពាក្យបណ្ដឹង។
បន្ទាប់ពីសវនការ លើបណ្ដឹងសុំ ប្រសិនបើតុលាការយល់ឃើញថា បណ្ដឹងសុំមានមូលហេតុសមស្រប នោះតុលាការត្រូវចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរដើម្បីបើកសំណុំរឿងក្ស័យធនទល់នឹងកូន បំណុល តែងតាំងអភិបាលបណ្ដោះអាសន្ន និងត្រូវកំណត់កាលបរិច្ឆេទបើកកិច្ចប្រជុំម្ចាស់បំណុល ចាប់ពី ៣០ ថ្ងៃ តែមិនត្រូវលើសពី ៦០ ថ្ងៃ បន្ទាប់ពីបើកសំណុំរឿងក្ស័យធន។ កូនបំណុល ឬម្ចាស់បំណុលអាចប្តឹងជំទាស់ចំពោះសេចក្តីសម្រេចរបស់តុលាការក្នុងរយៈពេល ៧ ថ្ងៃ គិតចាប់ពីពី ថ្ងៃទទួលបានដំណឹងនៃសេចក្តីសម្រេចនោះ។
នៅពេលចេញសេចក្ដីសម្រេចបង្គាប់ឲ្យបើកសំណុំរឿងក្ស័យធន ឬនៅពេលណាមួយ បន្ទាប់ពីការចេញ សេចក្ដីសម្រេចនេះ តុលាការត្រូវបង្គាប់ឲ្យជម្រះបញ្ជីលើអាជីវកម្មរបស់កូនបំណុល។ ប្រសិនបើតុលាការយល់ថាអាជីវកម្មរបស់កូនបំណុលពីមុន មិនអាចនឹងមាននីតិសម្បទាឡើងវិញ ហើយមិនអាចមានការឯកភាពលើផែនការសម្របសម្រួល។ ម្យ៉ាងវិញទៀត សំណុំរឿងក្ស័យធន មិនត្រូវបើកឡើយ ហើយបណ្ដឹងសុំត្រូវលើកចោល បើទ្រព្យសកម្មរបស់កូនបំណុលមានចំនួន មិនគ្រប់គ្រាន់សម្រាប់ធានាការចំណាយក្នុងដំណើរការនៃនីតិវិធី។
ដំណាក់កាលបញ្ចប់សំណុំរឿងក្ស័យធន៖
រយៈពេលក្នុងការបញ្ចប់សំណុំរឿងក្ស័យធនអាស្រ័យលើ ផែនការសម្រុះសម្រួល ការស្តារនីតិសម្បទា ភាពស្មុគស្មាញនៃដំណើរការដកហូតទ្រព្យសម្បត្តិ និងការទូទាត់សិទ្ធិលើបំណុល។ នៅពេលចាប់ផ្ដើមការជម្រះបញ្ជី អភិបាលបណ្ដោះអាសន្នត្រូវ ប្ដូរទ្រព្យសកម្មដែលមិនមែនជាសាច់ប្រាក់របស់កូនបំណុលឲ្យទៅជាសាច់ប្រាក់ ដើម្បីឆ្លើយតប តម្រូវការនៃការទូទាត់បណ្ដឹងទាមទាររបស់ម្ចាស់បំណុលក្នុងសំណុំរឿងក្ស័យធន។ ប្រាក់ដែលទទួលបានពីការជម្រះបញ្ជីទ្រព្យសម្បត្តិរបស់កូនបំណុលត្រូវប្រើប្រាស់សម្រាប់ទូទាត់ ការទាមទារ សងតាមលំដាប់អាទិភាព ដោយប្រាក់បៀវត្សរ៍បុគ្គលិក និងនិយោជិត ប្រាក់បំណាច់របស់ អភិបាលបណ្តោះអាសន្ន សេវារដ្ឋបាល និងប្រាក់ប្រដាប់ក្តីតុលាការត្រូវបានទូទាត់មុន។ បន្ទាប់មកទើបទូទាត់ការទាមទារដែលមានកិច្ចធានាពន្ធដាររបស់រដ្ឋដែលមិនទាន់បានប្រកាស និងការទាមទារផ្សេងទៀតទាំងអស់ដែលគ្មានកិច្ចធានា។ ប្រាក់ថ្លៃលក់ដែលនៅសល់ ពីការបែងចែកបន្ទាប់ពីទូទាត់ម្ចាស់បំណុលរួចត្រូវប្រគល់ទៅឲ្យកូនបំណុល។
អភិបាលបណ្ដោះអាសន្នត្រូវដាក់ជូនតុលាការនូវរបាយការណ៍ជាលាយលក្ខណ៍អក្សរស្ដីពីសកម្មភាព របស់ខ្លួន។ រួចតុលាការត្រូវកោះអញ្ជើញកិច្ចប្រជុំចុងក្រោយម្ចាស់បំណុលក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីបានទទួលរបាយការណ៍ពីអភិបាលបណ្ដោះអាសន្ន។ តុលាការត្រូវចេញសេចក្ដីសម្រេច បញ្ចប់សំណុំរឿងក្ស័យធនភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់ម្ចាស់បំណុល។
ក្នុងករណីដែលកូនបំណុលជាក្រុមហ៊ុនមូលធន ត្រូវចាត់ទុកថាក្រុមហ៊ុននេះបានរំលាយ នៅពេលតុលាការចេញសេចក្ដីសម្រេចបញ្ចប់សំណុំរឿងក្ស័យធននៅពេលជម្រះបញ្ជី លើកលែងតែការបញ្ចប់សំណុំរឿងក្ស័យធននេះកើតឡើងពីការទូទាត់បណ្ដឹងទាមទារទាំងអស់។ ក្នុងករណីដែលសំណុំរឿងក្ស័យធន បានបើកទល់នឹងកូនបំណុលដែលជារូបវន្តបុគ្គល ឬក្រុមហ៊ុន សហកម្មសិទ្ធិដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានការបញ្ចប់សំណុំរឿងក្ស័យធន នៅពេលជម្រះបញ្ជី កូនបំណុលអាចដាក់ពាក្យបណ្ដឹងសុំទៅតុលាកា រដើម្បីសុំឲ្យរួចខ្លួនពី បណ្ដឹងទាមទារទាំងអស់ដែលមានការ ទទួលស្គាល់ ហើយមិនទាន់បានទូទាត់ក្នុងសំណុំរឿងក្ស័យធន លើកលែងតែកូនបំណុលបានទទួលទ្រព្យសកម្ម ឬប្រាក់ដែលបែងចែកមិនអស់។