កាលពីប៉ុន្មានថ្ងៃមុន យើងបានដឹងរួចមកហើយ ពីប្រភេទនៃការវិនិយោគនៅក្នុងប្រទសកម្ពុជា ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងឬទេថា ការវិនិយោគបែងចែកជាពីរ គឺការវិនិយោគរយៈពេលវែង និងការវិនិយោគរយៈពេលខ្លី។
ការវិនិយោគរយៈពេលវែងសំដៅទៅដល់ទ្រព្យសម្បត្តិដែលបុគ្គលម្នាក់ ឬក្រុមហ៊ុនមួយកាន់កាប់ក្នុងពេលវេលាវែងណាមួយដែលមានរយៈពេលអាចចាប់ពី ១ ឬ៣ឆ្នាំឡើងទៅ តាមរយៈការវិនិយោគជាសាច់ប្រាក់ ហើយរំពឹងទទួលបានប្រាក់ចំណេញច្រើនក្នុងពេលអនាគតជាក់លាក់ណាមួយ។ ខាងក្រោមនេះ ជាចំណេះដឹងមួយចំនួនដែលអ្នកអាចសិក្សាស្វែងយល់បានពីប្រភេទការវិនិយោគរយៈពេលវែង៖
១. ប្រភេទនៃការវិនិយោគរយៈពេលវែងក្នុងប្រទេសកម្ពុជា
ជាទូទៅ ការវិនិយោគរយៈពេលវែង គេរមែងផ្ដោតសំខាន់ទៅលើភាគហ៊ុន (stock) បណ្ណបំណុល (bond) អចលនទ្រព្យ (real estate) ជាដើម។ នៅប្រទេសកម្ពុជាយើង ការវិនិយោគអាចផ្ដោតលើវិស័យអចលទ្រព្យដែលរួមមានដីធ្លី លំនៅដ្ឋាន និងខុនដូ រីឯទីផ្សារភាគហ៊ុនក៏ ត្រូវបានគេចាត់ទុកជាការវិនិយោគរយៈពេលវែងដែរ។ អ្វីដែលយើងកត់សម្គាល់ឃើញនោះ ការវិនិយោគលើវិស័យអចលនទ្រព្យហាក់មានសន្ទុះខ្ពស់ ដូចជាទិញដីធ្លី ទិញដីឡូតិ៍ និងគេហដ្ឋាន ទុកលក់ពេលតម្លៃផ្ទុះខ្លាំង ក្រោមគម្រោងអភិវឌ្ឍផ្សេងៗរបស់រដ្ឋ ឬក្រុមហ៊ុនឯកជន។ ទាងនេះសុទ្ធតែជាការសម្រេចចិត្តរបស់មនុស្សក្នុងការវិនិយោគក្នុងរយៈពេលវែង។
២. ឥរិយាបថរបស់អ្នកវិនិយោគរយៈពេលវែង
ទាំងអ្នកវិនិយោគពេលខ្លីក្ដី ឬវិនិយោគិនចូលចិត្តការវិនិយោគរយៈពេលវែងក្ដី សុទ្ធតែមានគោលដៅរួមគ្នា គឺទទួលបានមកវិញនូវប្រាក់ចំណេញ ប្រសើរជាងកប់លុយចោលក្នុងទូដែក មិនមានលំហូរសាច់ប្រាក់ក្នុងហិរញ្ញវត្ថុផ្ទាល់ខ្លួន មិនបានផ្ដល់ជាប្រយោជន៍បំពេញក្នុងចរន្តសេដ្ឋកិច្ចជាតិ។ គ្រាន់តែថា អ្នកវិនិយោគរយៈពេលវែងមានឥរិយាបថអត់ធ្មត់ ប្រកាន់ទស្សនៈសុទិដ្ឋិនិយម គិតគូរ មានចក្ខុវិស័យវែងឆ្ងាយទៅទីផ្សារអនាគតជាងអ្នកវិនិយោគរយៈពេលខ្លី។
បានជាហ៊ានលើកឡើងដូចនេះ ព្រោះថាការវិនិយោគរយៈពេលខ្លីមានចរិតលក្ខណៈជាការជួញដូរ អ្នកប្រឡូកក្នុងសកម្មភាពនេះច្រើនតែសម្រេចចិត្តរហ័ស ទិញហើយឆាប់លក់ចេញភ្លាមៗដើម្បីបានប្រាក់ចំណេញ រីឯអ្នកវិនិយោគរយៈពេលវែងចូលចិត្តវិភាគឲ្យបានស៊ីជម្រៅបំផុតអំពីស្ថានភាពរីកចម្រើន ឬធ្លាក់ចុះនៃទ្រព្យ ឬភាគហ៊ុនដែលពួកគេវិនិយោគ ក៏ដូចរបត់សេដ្ឋកិច្ចក្នុងប្រទេសជាដើម។
៣. ហានិភ័យ និងកត្តាគួរចៀសវាងពីការវិនិយោគរយៈពេលវែង
ការវិនិយោគរមែងមានហានិភ័យ មិនថាវាជាប្រភេទវិនិយោគរយៈពេលខ្លី ឬរយៈពេលវែងនោះឡើយ។ ជាក់ស្ដែង ក្នុងប្រទេសកម្ពុជាយើង ទីផ្សារភាគហ៊ុន និងអចលទទ្រព្យ សុទ្ធតែជាប្រភេទនៃការវិនិយោគដែលវិនិយោគិនជាច្រើនបានចាប់អារម្មណ៍៖
• ទីផ្សារភាគហ៊ុន៖
ដើម្បីចៀសវាងពីការខាតបង់ណាមួយពីការទិញភាគហ៊ុនក្នុងរយៈពេលវែង អ្នកវិនិយោគលើវិស័យនេះ គួរមានភាគហ៊ុនក្នុងដៃលើសពីពីរ ដែលវិធីសាស្ត្រនេះហៅ ការធ្វើពិពិធកម្មផលប័ត្រ (Portfolio Diversification)។ វាជាវិធីសាស្ត្រដែលជួយកាត់បន្ថយហានិភ័យ ពីការខាតបង់ប្រាក់ធ្ងន់ធ្ងរ។ ឧទាហរណ៍ថា អ្នកបានចំណាយលុយកាក់ទាំងអស់ទៅលើភាគហ៊ុន “ក” សាកសម្រៃទៅមើល តើអ្នកនឹងខាតបង់ច្រើនប៉ុនណាប្រសិនបើភាគហ៊ុនរបស់អ្នកប្រកាសក្ស័យធន ឬពុំអាចទទួលបានប្រាក់ចំណេញក្នុងពេល១ ទៅ៣ឆ្នាំដំបូង ហើយអ្នកគ្មានប្រភពប្រាក់ចំណូលផ្សេងបន្ថែម?
• វិស័យអចលនទ្រព្យ៖
អ្នកវិនិយោគលើវិស័យនេះត្រូវការចំណាយដើមទុនច្រើន ដើម្បីវិនិយោគ ខណៈពេលដែលការវិនិយោគទៀតសោត ត្រូវចំណាយពេលវេលាយូរដើម្បីទទួលបានប្រាក់ចំណេញត្រឡប់មកវិញ។ ដូចនេះ អ្នកវិនិយោគ គួរវិនិយោគលើប្រភេទអចលទ្រព្យលើសពីមួយប្រភេទ ឬប្រភេទអលចនទ្រព្យដែលអាចផ្ដល់ប្រាក់ចំណេញមុននឹងលក់ចេញបាន។ អ្នកវិនិយោគក្នុងវិស័យនេះ ត្រូវកត់ចំណាំទីតាំងដែលគួរចៀសវាងដាច់ខាតនោះគឺដីសម្បទានសង្គមកិច្ច (សម្រាប់ផ្តល់ដល់ប្រជាជនដែលគ្មានដីធ្លី ឬ ខ្វះខាតដីធ្លីសម្រាប់សង់លំនៅដ្ឋាន និង/ឬបង្កើតប្រាក់ចំណូលតាមរយៈការធ្វើកសិកម្ម) តំបន់មានវិវាទដីធ្លី តំបន់ងាយរងគ្រោះដោយសារគ្រោះធម្មជាតិជាដើម។
ដូចនេះ ការវិនិយោគរយៈពេលវែង អាចផ្ដល់ផ្ដល់ប្រាក់ចំណេញច្រើនដល់វិនិយោគិន ប៉ុន្តែទំនួលខុសត្រូវ និងហានិភ័យនានាក៏មានច្រើនសម្រាប់ការវិនិយោគរយៈពេលវែងមួយនេះដែរ។ យ៉ាងណាមិញ ដើម្បីចៀសវាងបង្កើតកំហុសនាំឱ្យខាតបង់ប្រាក់កាសធ្ងន់ធ្ងរ វិនិយោគិនគួរប្រឹក្សាយោបល់បន្ថែមពីអ្នកជំនាញច្បាស់លាស់មិនថាទាំងវិស័យអចលទ្រព្យ ឬភាគហ៊ុននោះឡើយ៕
Click here to read more about:
1. ផលចំណេញពីការវិនិយោគ ក្បួន ៧២
2.10 Tips for Successful Long-Term Investing