កម្ចីឥណទានភាគច្រើន ជាពិសេសកម្ចីដែលមានទំហំធំពីខាងគ្រឹះស្ថានហិរញ្ញវត្ថុ តែងតម្រូវឲ្យកូនបំណុលដាក់តម្កល់ទ្រព្យធានាមួយចំនួនដូចជា ប្លង់ដី ផ្ទះ និងទ្រព្យធានាផ្សេងៗទៀតដែលមានតម្លៃប្រហាក់ប្រហែលឬលើសពីប្រាក់បំណុលដែលយើងចង់ខ្ចី។ ទ្រព្យទាំងនោះត្រូវបានដាក់ធានាដើម្បីទទួលបានកម្ចីពីធនាគារ តែយើងក៏អាចនឹងបាត់បង់ទ្រព្យទាំងនោះ ប្រសិនបើយើងមិនអាចទូទាត់សងបំណុលធនាគារវិញបាន។
មូលហេតុនេះ មុនដាក់ប្លង់នៅធនាគារ ត្រូវជាក់ច្បាស់ពីចំណុចទាំងនេះសិន ដើម្បីធានាបានថា អ្នកនឹងអាចការពារទ្រព្យធានារបស់អ្នកពីការរឹបអូសដោយខាងធនាគារបានក្នុងករណីណាមួយ។
១. ដឹងពីលទ្ធភាពក្នុងការស្នើសុំខ្ចី និងការសងបំណុល
ជាជំហានដំបូង មុនពេលយើងគិតដល់ការខ្ចីប្រាក់ពីធនាគារ យើងគួរសិក្សាពីស្ថានភាពផ្ទាល់ខ្លួនរបស់យើងជាមុនសិន។
សិក្សាយ៉ាងម៉េចទៅ? ខាងក្រោមនេះជាការគណនាសាមញ្ញមួយដើម្បីដឹងថា អ្នកមានលទ្ធភាពសងបំណុលប្រចាំខែចំនួនប៉ុន្មាន។
វិធីងាយៗដែលយើងអាចសិក្សាពីលទ្ធភាពក្នុងការសងកម្ចីប្រចាំខែ
»» ចំណូលសរុប – (ចំណាយ + បំណុលដែលមានស្រាប់)
ជាលទ្ធផលយើងនឹងដឹងពីចំនួនប្រាក់ដែលយើងមានក្នុងខែនីមួយៗ ហើយយើងក៏អាចដឹងថាប្រាក់ដែលសល់នោះអាចគ្រប់គ្រាន់សម្រាប់សងបំណុលថ្មីដែរឬទេ។
២. ទំហំសំណងប្រចាំខែមិនគួរលើសពី ៣០% នៃប្រាក់ចំណូល
ខាងធនាគារនឹងសិក្សាពីលទ្ធភាពដែលអ្នកអាចសងត្រឡប់ទៅធនាគារវិញប្រចាំខែ ដោយគេនឹងសិក្សាពីចំណូលជាក់លាក់របស់អ្នក។ ប៉ុន្តែសម្រាប់អ្នកផ្ទាល់ គួរពិនិត្យលើតារាងសងបំណុលប្រចាំខែ ដែលធនាគារនឹងផ្ដល់ជូនអ្នកថា តើសំណងប្រចាំខែនោះ មានចំនួនលើសពី ៣០% នៃចំណូលរបស់អ្នកដែរឬទេ? ដ្បិតថាក្រៅពីសងបំណុល អ្នកក៏ត្រូវការចាយលើចំណាយចាំបាច់ផ្សេងៗទៀតដែរ ដែលអាចមានលើសពី ៥០%នៃចំណូលរបស់អ្នក រីឯ ២០% ទៀតសម្រាប់សន្សំ ឬត្រៀមសម្រាប់ចំណាយផ្សេងៗដែលអ្នកអាចនឹងត្រូវការបន្ទាន់ភ្លាមៗ។
បានន័យថា បើអ្នកត្រូវសងបំណុលធនាគារលើសពី ៣០% នៃចំណូលប្រចាំខែទៅហើយ នោះវានឹងប៉ះពាល់ដល់តម្រូវការចំណាយចាំបាច់ផ្សេងៗ រួមទាំងលទ្ធភាពសងបំណុលនាខែក្រោយៗទៀត ឬអាចបង់បង់ទ្រព្យធានារបស់អ្នកថែមទៀតផង។
៣. ត្រូវប្រាកដថាចំណូលរបស់អ្នកនឹងមានស្ថេរភាព
មុននឹងសម្រេចទទួលកាតព្វកិច្ចបង់សងបំណុល យើងត្រូវប្រាកដឱ្យហើយថា យើងនឹងនៅតែបន្តទទួលបានចំណូលនឹងនររហូតដល់ពេលយើងសងគេផុតរួចរាល់។ សម្រាប់អ្នកធ្វើការ ត្រូវប្រាកដថាប្រភពចំណូលរបស់អ្នកនឹងនៅតែមានរហូត ឬមានការងារណាផ្សេងជំនួស ប្រសិនអ្នកបាត់បង់ចំណូលពីការងារបច្ចុប្បន្ន។ ដោយឡែក សម្រាប់អ្នកប្រកបអាជីវកម្មក៏ត្រូវប្រាកដដែរថា ចំណូលរបស់អ្នកនឹងរក្សាស្ថេរភាព ឬត្រូវបង្កើតប្រភពចំណូលបន្ថែមឱ្យហើយដើម្បីបង្ការអាសន្នមើលមិនឃើញ។
៤. មានទ្រព្យសកម្មបម្រុង
អ្នកគួរត្រៀមប្រាក់សន្សំខ្លះបម្រុងទុក ឬត្រូវប្រាកដសិនថាមានទ្រព្យសកម្មដែលអាចបម្លែងជាប្រាក់សុទ្ធបានងាយ ក្នុងករណីប្រសិនបើមានបញ្ហាណាមួយកើតឡើង តួយ៉ាងដូចជាបាត់បង់ការងារ មានជំងឺ ឬការរកស៊ីមិនកាក់កប អ្នកអាចយកទ្រព្យទាំងនោះទៅបង់បំណុលបណ្ដោះអាសន្នបាន មុនពេលស្ថានភាពល្អឡើងវិញ។
ក្រៅពីនេះ ដើម្បីឱ្យកាន់តែជាក់ច្បាស់ អ្នកអាចអានអត្ថបទបន្ថែមរបស់ពួកយើងតាមរយៈតំណរលីងខាងក្រោមនេះ
១. មេរៀនដែលត្រូវដឹង មុនខ្ចីលុយធនាគារ
២. ធនាគារមើលលើអ្វីខ្លះមុនអោយអ្នកខ្ចីលុយ?
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។