ចម្លើយនោះគឺ អាយុប៉ុន្មានក៏បាន។ តែបើអាចវិនិយោគអោយកាន់តែឆាប់កាន់តែល្អ ក្នុងពេលដែលអំណោយផល និងមានឱកាសបង្កើតប្រាក់ចំណេញបានច្រើន។
តែអ្វីដែលសំខាន់នោះគឺ យើងគួរគិតលើកត្តាអីខ្លះ មុនចាប់ផ្តេីមវិនិយោគ?

១. តេីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកសាកសមនឹងការវិនិយោគឬទេ?
ដំបូង យើងគួរពិនិត្យនិងពិចារណាលេីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនជាមុនសិន។ តើយើងមានបំណុលដែលត្រូវសងឬទេ? ហើយមានលុយបម្រុងសម្រាប់ពេលមានអាសន្នឬនៅ? ព្រោះយើងមិនត្រឹមតែត្រូវប្រាកដថាមានទុនគ្រប់គ្រាន់សម្រាប់ការវិនិយោគទេ តែក៏ត្រូវច្បាស់ថាយើងនឹងនៅមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ តួយ៉ាងបើត្រូវប្រឈមនឹងកំហាតបង់ពីការវិនិយោគ។ ក្រៅពីនេះ អ្នកគួរមានផែនការហិរញ្ញវត្ថុច្បាស់លាស់ មុននឹងចាប់ផ្តេីមវិនិយោគ។
២. យល់ច្បាស់ពីការវិនិយោគ
ការយល់ដឹងពីការវិនិយោគឲ្យបានច្បាស់លាស់ ដូចជាប្រភេទនៃការវិនិយោគ រយៈពេលនិងអត្រាបង្កើនផលចំណេញ ក៏ដូចជាដំណេីរនៃការវិនិយោគផងដែរ ដេីម្បីចៀសវាងប្រឈមនឹងបញ្ហាផ្សេងៗដែលអាចកេីតមានឡេីង។
៣. គោលដៅនៃការវិនិយោគ
សំដៅលេីអ្វីដែលអ្នកវិនិយោគចង់បានមកវិញពីការវិនិយោគនោះ ដែលអាចផ្តោតទៅលេីប្រាក់ចំណូល កំណេីននៃដេីមទុន ឬសុវត្ថិភាពនៃលុយ។ ម្យ៉ាងទៀត គោលដៅនៃការវិនិយោគគួរជាតួលេខនិងលទ្ធផលដែលរំពឹង (ប្រាក់ចំណេញ) ហើយអ្នកគួរសិក្សាឱ្យបានច្បាស់ពីប្រភេទនៃការវិនិយោគនោះ ដើម្បីចៀសវាងការខាតបង់។
ជាទូទៅ គោលដៅនៃការវិនិយោគស្ថិតក្នុងទម្រង់ពីរបែបគឺ គោលដៅការវិនិយោគក្នុងរយៈពេលខ្លី និងគោលដៅវិនិយោគក្នុងរយៈពេលវែង ដែលការវិនិយោគទាំងពីរបែបនេះមានពាក់ព័ន្ធទៅនឹងផលចំណេញ ក៏ដូចជាកម្រិតហានិភ័យផងដែរ ហើយយើងនឹងលម្អិតបន្ថែមនៅចំណុចខាងក្រោម។
៤. កម្រិតហានិភ័យ
ការវិនិយោគមួយចំនួន មានហានិភ័យតិចជាងការវិនិយោគដទៃទៀត ប៉ុន្តែរាល់ការវិនិយោគទាំងអស់សុទ្ធសឹងតែមានហានិភ័យ។ កម្រិតហានិភ័យក៏អាចជះឥទ្ធិពលដល់អត្រានៃផលចំណេញពីការវិនិយោគដែរ មានន័យថាសម្រាប់អ្នកហ៊ានប្រថុយនឹងហានិភ័យខ្ពស់និងហ៊ានប្រឈមនឹងការខាតបង់ធំធេង អាចមានសង្ឃឹមទទួលបានផលចំណេញកាន់តែខ្ពស់។ ផ្ទុយពីការប្រឈមនឹងហានិភ័យទាប ផលចំណេញដែលរំពឹងទទួលបានក៏មានអត្រាទាបទៅតាមនោះដែរ។ ទោះយ៉ាងណា អ្នកគួរស្វែងយល់សីុជម្រៅបន្ថែមអំពីហានិភ័យទាំងនោះ មុននឹងសម្រេចចិត្តចាប់ផ្តេីមវិនិយោគ។
៥. ផលចំណេញនៃការវិនិយោគ
ធម្មតា ផលចំណេញនេះហើយគឺជាគោលដៅចំបងនៃការវិនិយោគដែលយើងរំពឹង។ អត្រានៃផលចំណេញ រយៈពេលដែលអាចទទួលបានផលចំណេញ និងលក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងផលចំណេញ សុទ្ធសឹងតែជាកត្តាដែលអ្នកត្រូវយល់ដឹង។
សរុបមកវិញ ការវិនិយោគមិនកំណត់វ័យឡើយ តែបើឈានជើងចូលក្នុងការវិនិយោគបានកាន់តែលឿន កាន់តែល្អ។ តែទន្ទឹមនឹងនេះ អ្នកត្រូវស្វែងយល់អោយច្បាស់លាស់ជាមុនសិនដើម្បីចៀសវាងប្រឈមនឹងហានិភ័យខ្ពស់ ហើយវាត្រូវការបទពិសោធន៍ និងការយល់ដឹងដូចបានរៀបរាប់ខាងលេី ដើម្បីជួយជម្រុញឱ្យការវិនិយោគបានជោគជ័យ។ ក្នុងនោះដែរ កត្តាសេដ្ឋកិច្ច នយោបាយ និងស្ថានភាពសង្គមក៏ជាចំណុចដែលវិនិយោគិនគួរស្វែងយល់អោយច្បាស់លាស់បន្ថែមដែរ តែកាក់សេនសូមចែករំលែកត្រឹមប៉ុននេះសិន ពួកយើងនឹងព្យាយាមបកស្រាយឱ្យកាន់តែស៊ីជម្រៅនៅអត្ថបទក្រោយបន្តទៀត។
ចុចទីនេះស្វែងយល់បន្ថែម: ចាយលុយឱ្យសប្បាយឥឡូវ ឬ វិនិយោគទុកប្រមូលផលពេលក្រោយ