មួយរយៈពេលនេះ ពិភពលោកកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការបង្កើត ទិញ ឬលក់ NFTs ឬ “Non-fungible Tokens”។ NFTs ត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មឌីជីថលថ្មីមួយប្រភេទ ដែលតំណាងឲ្យរបស់ពិតប្រាកដដូចជា គំនូរ តន្ត្រី របស់របរសម្រាប់ការលេងហ្គេម និងវីដេអូជាដើម។
ជាទូទៅ គេប្រើរូបិយប័ណ្ណគ្រីបតូសម្រាប់ជួញដូរ NFTs និងភាគច្រើនត្រូវបានបង្កើតឡើងដោយប្រើប្រាស់ Ethereum “ETH” Blockchain ទើប ETH ក្លាយជាមធ្យោបាយទូទាត់មួយដ៏ពេញនិយមក្នុងការជួញដូរ NFTs។
ថ្ងៃនេះ យើងនឹងងាកមកមើលផ្សារចំនួន៥ ដែលពេញនិយមក្នុងការជួញដូរ NFTs។
1. OpenSea
OpenSea ត្រូវបានគេឲ្យរហ័សនាមថាជា “eBay” របស់ NFTs ដោយសារតែវាគឺជាផ្សារទីមួយ និងធំជាងគេ បើគិតលើបរិមាណនៃការជួញដូរ និងប្រភេទ NFTs ដែលកំពុងដាក់ឲ្យជួញដូរ។ លក្ខណៈពិសេសរបស់ OpenSea គឺគេទទួលស្គាល់រូបិយបណ្ណ Crypto ជាង ១៥០ប្រភេទសម្រាប់ការទូទាត់ដូចជា ETH, USDC, DAI, $UNI និង $WHALE ជាដើម។ ដោយឡែក OpenSea ក៏គិតថ្លៃសេវាជួញដូរពីអ្នកលក់ដែរ ក្នុងអត្រា ២.៥%។
2. Rarible
Rarible ត្រូវបានគេស្គាល់ថាជាផ្សារបែបសហគមន៍ដ៏ល្អប្រសើរមួយដែលជួញដូរ NFTs។ នៅលើ Rarible មានប្រភេទ និងចំនួនជួញដូរ NFTs ប្រហាក់ប្រហែលនឹង OpenSea ដែរ ចំណែកឯថ្លៃសេវាជួញដូរគឺ ២.៥% ដូចគ្នាដែរ ដែលគិតពីអ្នកលក់ និងអ្នកទិញ។ តែបន្ថែមពីនេះ អ្នកវិនិយោគអាចប្រើប្រាស់កាតឥណពន្ធ ឬឥណទានក៏បានសម្រាប់ការជួញដូរ។
3. Mintable
Mintable បានបង្កើតឡើងនៅឆ្នាំ២០១៨ និងប្រើប្រាស់ ETH Blockchain ក្នុងការជួញដូរ។ ផ្សារមួយនេះផ្ដល់ភាពងាយស្រួលចំពោះអ្នកទើបចាប់ផ្តើមជួញដូរថ្មីថ្មោងដែលចង់ជួញដូរ NFTs ដោយផ្ទាល់ខ្លួន។ កម្រៃសេវាជួញដូរមានអត្រាខុសៗគ្នាចាប់ពី ២.៥% ទៅ ១០% អាស្រ័យតាមប្រភេទ NFTs ហើយត្រូវបានគិតពីអ្នកលក់។ ក្រៅពីរូបិយប័ណ្ណគ្រីបតូ Mintable ក៏ទទួលយកកាតឥណពន្ធ ឬកាតឥណទានក្នុងការទូទាត់ផងដែរ។
4. Crypto.com
Crypto.com ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ សម្រាប់ជួញដូររូបិយប័ណ្ណគ្រីបតូ ប៉ុន្តែនៅឆ្នាំ២០២១ ផ្សារមួយនេះក៏បានរួមបញ្ចូលការជួញដូរ NFTs ទៅក្នុងផ្សាររបស់ខ្លួនផងដែរ។ លក្ខណៈពិសេសរបស់ Crypto.com គឺមានភាពងាយស្រួលក្នុងការបង្កើតគណនីដើម្បីជួញដូរ NFTs ដោយផ្ទាល់តែម្តង។ ដូចគ្នានឹង Rarible និង Mintable ដែរ Crypto.com ក៏ទទួលកាតឥណពន្ធ និងកាតឥណទានចំពោះប្រតិបត្តិការទូទាត់ដែរ។ រីឯថ្លៃសេវាលក់ម្តងៗវិញ គេគិតត្រឹមតែ ១.៩៩% ប៉ុណ្ណោះទេ។
5. Binance
Binance ត្រូវបានគេស្គាល់ថាជាទីផ្សារដ៏ធំមួយក្នុងការជួញដូរ រូបិយប័ណ្ណគ្រីបតូផ្សេងៗទៀត។ ចំណុចល្អរបស់ Binance គឺថ្លៃប្រតិបត្តិការពីការលក់តិចបំផុតប្រមាណជា១% តែប៉ុណ្ណោះ និងការប្រើប្រាស់ Blockchain ដែលហៅថា Binance Smart Chain និង Ethereum ដើម្បីឲ្យអតិថិជនអាចទិញ NFTs បានច្រើនប្រភេទ ហើយអាចធានាបានថា NFTs ទាំងអស់នោះសុទ្ធតែអាចជួញដូរបាននាពេលខាងមុខ។
ដោយសារតែការជួញដូរ NFTs គឺជាប្រភេទជំនួញបែបឌីជីថលថ្មីមួយដែលពឹងផ្នែកលើប្រភេទ និងតម្លៃរូបិយប័ណ្ណគ្រីបតូ។ ដូចនេះអ្នកគួរតែឈ្វេងយល់ពីនីតិវិធីក្នុងការជួញដូរ ក៏ដូចជាសិក្សាបន្ថែមពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តជួញដូរក្នុងផ្សារណាមួយ។
ឯកសារយោង៖
Where to Buy NFTs? – TradingPlatforms
Best NFT Marketplace – Where to Buy NFTs – Business 2 community
Where To Buy NFTs: Top 10 NFT Marketplaces – Seeking Alpha
Mintable Review & Guide – Finder
Top 10 NFT Marketplaces to buy and sell Non-Fungible Token – Zipmex
Click here to read more: កាក់គ្រីបតូ ៥ដែលអាចទិញ NFTs
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។