ម៉ោង ៤:០០ ឬ ៥:០០ ល្ងាច ជិះឡាន ជិះម៉ូតូកាត់ធនាគារ ឃើញធនាគារបិទទ្វារហើយ ហើយពេលជិតដល់ម៉ោងបិទ ឬកំពុងរៀបចំបិទគឺមិនអនុញ្ញាតឲ្យអតិថិជនចូលប្រើសេវាកម្មផ្សេងៗឡើយ។ តើប្រិយមិត្តឆ្ងល់ទេ ថានេះបណ្ដាលមកពីមូលហេតុអ្វី?
អ៊ីចឹង មកមើលពីមូលហេតុដែលធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗទាំងអស់គ្នា!
1. សុវត្ថិភាពជាចម្បង
ធនាគារតែងតែបិទលឿនជាងអាជីវកម្មផ្សេង ក៏ដោយសារធនាគារធ្វើអាជីវកម្មពាក់ព័ន្ធនឹងលុយ ដោយរក្សាសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនដែលផ្ញើនៅនឹងធនាគារ ដើម្បីកាត់បន្ថយ និងលុបបំបាត់ហានិភ័យលួច ប្លន់ជាដើម។ ជាក់ស្ដែង កាលពីឆ្នាំ២០១៨ មានហេតុការណ៍ប្លន់ធនាគារជាង៣០០០ករណីកើតមានក្នុងសហរដ្ឋអាមរិក ហើយពេលវេលាដែលក្រុមចោរទៅប្លន់គឺចន្លោះពីម៉ោង ៣ ទៅ៦ល្ងាច ថ្ងៃសុក្រ។ នេះអាចជាមូលហេតុដែលធនាគារបិទនៅម៉ោង៥ល្ងាច ដើម្បីកាត់បន្ថយលទ្ធភាពនៃការកើតមានចោរកម្ម។
2. សេវាកម្មធនាគារស្វ័យប្រវត្តិ
លោកអ្នកអាចប្រើសេវាធនាគារដោយស្វ័យប្រវត្តិ ដូចជាម៉ាស៊ីនអេធីអឹមសម្រាប់ដកប្រាក់ ផ្ទេរប្រាក់ បង្កើតកាតនិម្មិត បើកគណនីជាដើម។ មិនតែប៉ុណ្ណោះ ការដាក់ប្រាក់ចូលគណនី និងការដាក់មូលប្បទានប័ត្រ (សែក) ដែលដើមឡើយធ្លាប់តែជាភារកិច្ចរបស់បេឡាករ តែឥឡូវក៏មានម៉ាស៊ីនសម្រាប់ប្រតិបត្តិការនេះផងដែរ។ នេះមានន័យថា ធនាគារមិនចាំបាច់ ឬមិនគួរបើកយូរដល់យប់ជ្រៅទៀតទេ។ តែភាពខុសគ្នាសំខាន់រវាងធនាគារិក និងម៉ាស៊ីន ATM គឺថា ធនាគារិក ជាធម្មតាត្រូវដោះស្រាយប្រតិបត្តិការដ៏ស្មុគស្មាញបន្ថែមទៀត ដែលម៉ាស៊ីនមិនអាចធ្វើបាន។
3. សេវាធនាគារចល័ត
កាន់តែទំនើបជាងនេះ លោកអ្នកក៏អាចធ្វើប្រតិបត្តិការសេវាធនាគារតាមប្រព័ន្ធអ៉ីនធើណែត លើកម្មវិធីស្មាតហ្វូន ឬកុំព្យូទ័រដោយមិនចាំបាច់មកធនាគារផ្ទាល់។ ដូចជាកម្មវិធីធនាគារក្នុងទូរសព្ទដែលផ្ដល់នូវ សេវាទូទាត់ប្រាក់តាមឌីជីថល ការផ្ទេរសាច់ប្រាក់ តាមដានរាល់ប្រតិបត្តិការ អាចទទួលបានរបាយការណ៍ធនាគារបានគ្រប់ពេលវេលា មានភាពងាយស្រួល លឿនរហ័ស និងដំណើរការពេញ២៤ម៉ោង។
4. កាត់បន្ថយថ្លៃចំណាយផ្សេងៗ
កាលណាធនាគារចំណាយកាន់តែច្រើន នាំឱ្យប្រាក់ចំណេញមានការធ្លាក់ចុះ (ប្រសិនបើចំណូលមិនកើនឡើង)។ ហេតុនេះការបិទទ្វារលឿន ជួយឱ្យមានការកាត់បន្ថយដល់ចំណាយប្រតិបត្តិការរបស់ធនាគារ ដូចជាថ្លៃទឹក ថ្លៃភ្លើង ថ្លៃអ៊ីនធឺណេត ជាដើម។ ការចំណាយទាំងនេះកកកុញក្នុងរយៈពេលមួយឆ្នាំ មានន័យថា ទោះបីជាចំនួនប្រាក់តិចតួចពីការបិទមួយម៉ោងមុនក៏ដោយ ប៉ុន្តែក្នុងរយៈពេលវែង វានឹងក្លាយជាចំនួនច្រើនគួរសមដែរ។
5. បិទបញ្ជី ឬធ្វើរបាយការណ៍
ការរហ័សបិទនេះក៏ដោយសារបុគ្គលិកធនាគារត្រូវធ្វើការផ្ទៀងផ្ទាត់តួលេខ និងកំណត់ត្រាគណនេយ្យឱ្យបានត្រឹមត្រូវ និងមានតុល្យភាព ក៏ដូចជាត្រួតពិនិត្យសាច់ប្រាក់ថាគ្រប់គ្រាន់ហើយឬនៅ សម្រាប់ប្រតិបត្តិការនៅថ្ងៃបន្ទាប់។
បញ្ជាក់៖ អត្ថបទខាងលើគឺបកស្រាយក្នុងទិដ្ឋភាពទូទៅ ដោយមិនបានរាប់បញ្ចូលនូវធនាគារដែលសម្បូរអតិថិជនមកធ្វើប្រតិបត្តិការយ៉ាងសកម្ម រហូតធ្វើឱ្យធនាគារបើកដំណើរការដល់ម៉ោង ៦ ឬ ៧ (ឬយូរជាងនេះ) ទេ៕