ធានារ៉ាប់រងអាចមានច្រើនប្រភេទ ដោយក្នុងនោះរួមមានដូចជា ធានារ៉ាប់រងជីវិតមានពេលកំណត់ (Term of Life Insurance) ធានារ៉ាប់រងសុខភាព (Health Insurance) គ្រោះថ្នាក់ជាយថាហេតុ និង ធានារ៉ាប់រងទ្រព្យសម្បត្តិដូចជាផ្ទះ ឬឡានជាដើម។
“ឆ្ងល់ដែរ អាយុនៅក្មេងសោះ ប្រញាប់ទិញធានារ៉ាប់រងម៉េះ? ចាំចូលអាយុ ៣០-៤០ឆ្នាំ ចាំទិញទៅថី?” វាមិនខុសទាស់អីទេ អ្នកអាចរង់ចាំដល់អាយុច្រើន ចាំទិញធានារ៉ាប់រងក៏បាន ប៉ុន្តែការទទួលយកធានារ៉ាប់រងអាយុជីវិតចន្លោះពីអាយុ ២០ឆ្នាំឬ ២៥ឆ្នាំអាចជួយសន្សំប្រាក់អ្នកក្នុងរយៈពេលវែង និងផ្ដល់អត្ថប្រយោជន៍ច្រើន ប្រសិនបើអ្នកគិតគូរពីឥឡូវនេះ។
១. គម្រោងកញ្ចប់ប្រាក់សម្រាប់អនាគត
ឥឡូវអ្នកប្រហែលមិនទាន់មានអ្នកណាពឹងពាក់លើជីវភាពអ្នកនៅឡើយ ប៉ុន្តែស្ថានភាពអាចនឹងផ្លាស់ប្ដូរក្នុងរយៈពេល ៤ទៅ៥ឆ្នាំទៀត។ មានធានារ៉ាប់រងកំឡុងពេលនេះមានន័យថាអ្នកមានការការពារមួយ ទុកឲ្យកូនៗ ប្តី/ប្រពន្ធ ឬឪពុកម្តាយចាស់ជរាដែលអាចនឹងកំពុងពឹងលើប្រាក់ចំណូលរបស់អ្នកតែម្នាក់។ ម្យ់ាងវិញទៀត ការរៀបចំគម្រោងប្រាក់ទុកមុន អាចផ្ដល់ឱកាសឱ្យអ្នករៀបចំគម្រោងចំណាយលើកូនរបស់អ្នក នៅពេលដែលពួកគេរៀនចប់ថ្នាក់វិទ្យាល័យ និងត្រូវបន្តដល់ថ្នាក់ឧត្ដមសិក្សាថែមទៀត។
២. អត្រាតម្លៃនៃធានារ៉ាប់រងគឺធៀបនឹងអាយុរបស់អ្នកម្នាក់ៗ
មែនទែនទៅ ពេលអ្នកនៅក្មេង តួលេខអាយុតិច មានសុខភាពល្អមាំមួន ការបង់ប្រាក់ចំណាយក៏ធូរថ្លៃទៅតាមហ្នឹងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតពិចារណាលើហានិភ័យដែលអ្នកអាចនឹងទាមទារនៅពេលណាមួយនាពេលអនាគត បន្ទាប់មកគេនឹងកំណត់តម្លៃរបស់អ្នកត្រូវបង់ទៅតាមនោះ។ ដូច្នេះការទិញនៅក្មេងមានន័យថាទទួលបាន តម្លៃមួយធូរថ្លៃ ជាងអ្នកមានអាយុច្រើន។
៣. ឱកាសទទួលបានការធានារ៉ាប់រងក្នុងរយៈពេលយូរ
ធម្មតាគោលការណ៍ធានារ៉ាប់រងមួយចំនួននៅក្នុងប្រទេសកម្ពុជា ចំនួនរយៈពេលនៃធានរ៉ាប់រងទាំងនោះអាចមាន ១៥, ២០, ២៥ ឬ ៣០ឆ្នាំ ដែលក្រុមហ៊ុនធានារ៉ាប់រងអាចអនុញ្ញាតឱ្យអ្នកទិញធានារ៉ាប់រងច្រើនបំផុតដល់អាយុ ចន្លោះពី៦០ឆ្នាំទៅ ៦៥ឆ្នាំប៉ុណ្ណោះ។
ឧទាហរណ៍ថា អ្នកទិញធានារ៉ាប់រងអាយុជីវិត នៅអាយុ២៥ឆ្នាំនោះអ្នកអាចរីករាយនឹងអត្ថប្រយោជន៍ ជិត ៥០ឆ្នាំហើយអ្នកនឹងមានសុវត្ថិភាពផ្លូវចិត្តពីការបាត់បង់ ឬគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងចំពោះអ្នកក្នុងរយៈពេលយូរ។ ប៉ុន្តែបើអ្នកទិញ ធានារ៉ាប់រងអាយុជីវិតនៅអាយុ40ឆ្នាំការធានារ៉ាប់រងរបស់អ្នកនឹងមានត្រឹម ២៥ឆ្នាំនោះទេ។
៤. បង្កើតទម្លាប់សន្សំជាប្រចាំខែ/ឆ្នាំ
ធានារ៉ាប់រងប្រៀបបានបីដូចជាការសន្សំប្រាក់រយៈពេលវែងមួយដូច្នោះដែរ ធានារ៉ាប់រងនឹងជួយក្នុងការរៀបចំផែនការលុយកាក់ប្រចាំខែរបស់អ្នក។ សម្រាប់ធានារ៉ាប់រងជីវិតអាចមានរយៈពេល ២០ឆ្នាំឬច្រើនជាងនេះ ដោយអ្នកនឹងទទួលបានប្រាក់របស់អ្នកត្រឡប់មកវិញ នៅពេលដល់កាលកំណត់ (ធានារ៉ាប់រងជីវិត) បើទោះជាងអ្នកមិនមានរឿងអ្វីកើតឡើងក៏ដោយ។ ដូច្នេះ វាដូចជាការសន្សំទុកទៅថ្ងៃមុខទៀត ដែលអាចយកលុយនោះទៅបង្កើតមុខរបរ ឬសម្រាប់សម្រេចគោលដៅជីវិតរបស់អ្នក។
យ៉ាងណាក៏ដោយ ក្នុងចន្លោះវ័យនេះ អ្នកក៏មិនអាចទិញធានារ៉ាប់រងបានទាំងអស់នោះឡើយ ដ្បិតថាអ្នកក៏អាចមានចំណាយច្រើនបន្ថែមក្រៅពីធានារ៉ាប់រង។ ហេតុនេះហើយ អ្នកត្រូវគិតពីតម្រូវការអ្នក បន្ទាប់មកគិតពីលទ្ធភាពដែលអាចបង់ និងរយៈពេលណាមួយអ្នកចង់បាន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើស ថាអ្នកសាកសមជាមួយធានារ៉ាប់រងកញ្ចប់មួយណា៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ប្រភេទធានារ៉ាប់រងដែលអ្នកនឹងត្រូវការនាពេលអនាគត