ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត។ ប៉ុន្តែអ្នកមួយចំនួនប្រហែលមិនទាន់យល់ច្បាស់នៅឡើយទេថាហេតុអ្វីគាត់ត្រូវបង់ពន្ធ។
ដូច្នេះហើយ ថ្ងៃនេះកាក់សេននឹងលើកយកប្រធានបទមួយនេះមកបកស្រាយប្រាប់បងប្អូនគ្រប់រូបអោយបានដឹងទាំងអស់គ្នា ថាហេតុអីបានយើងត្រូវបង់ពន្ធជូនរដ្ឋ។
មិនថាប្រទេសជឿនលឿន រឺប្រទេសកំពុងអភិវឌ្ឍដូចប្រទេសយើងនោះទេ ការបង់ពន្ធគឺមានដូចគ្នា គ្រាន់តែប្រភេទពន្ធនិងច្បាប់ស្តីពីការយកពន្ធអាចខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ តែដូចដែលដឹងស្រាប់ហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសដែលកំពុងអភិវឌ្ឍ។ ដូចនេះ ពន្ធដែលបានប្រមូលពីពលរដ្ឋនឹងត្រូវបានយកទៅប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ រឺអគារសាធារណៈផ្សេងៗ សំរាប់បម្រេីប្រយោជន៍រួមដល់ប្រជាជន។
លើសពីនេះ ដោយរដ្ឋាភិបាលក៏មានកាតព្វកិច្ចក្នុងការរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខសង្គម និងធានានូវសេវាសាធារណៈទាំងឡាយសម្រាប់បម្រើប្រជាពលរដ្ឋក្នុងសហគមន៍ផងនោះ រដ្ឋក៏ត្រូវការធនធានហិរញ្ញវត្ថុដើម្បីដោះដូរជាមួយការផ្គត់ផ្គង់នូវសេវាកម្មទាំងនេះដោយអ្នកបម្រើសេវាកម្មសាធារណៈទាំងនោះដែរ ដូចជាគ្រូបង្រៀនបម្រើសេវាអប់រំ បុគ្គលិកមន្ទីរពេទ្យបម្រើសេវាសុខភាព និង ប៉ូលីសការពារសន្តិសុខជាដើម។ ហើយមួយផ្នែកនៃធនធានហិរញ្ញវត្ថុនោះនឹងត្រូវបានយកមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋនេះអែង។
ពន្ធដែលយើងបានបង់ជូនរដ្ឋអាចចាត់ទុកបានថាជាចំណូលរបស់រដ្ឋ ហើយការបង់ពន្ធនេះ ក៏ជាការចូលរួមចំណែកក្នុងថវិកាជាតិ ដើម្បីឲ្យរដ្ឋមានលុយយកទៅធ្វើចំណាយដូចបានរៀបរាប់ខាងលើអញ្ចឹង។ ម្យ៉ាងវិញទៀត ការបង្កើនចំណូលដល់រដ្ឋនេះដែរគឺជាគន្លឹះដ៏សំខាន់មួយ ដើម្បីរដ្ឋអាចកាត់បន្ថយជំនួយនឹងកម្ចីពីបរទេសទៀតផង។
សរុបសេចក្តីមក ការបង់ពន្ធគឺជារឿងសំខាន់ដែលប្រជាពលរដ្ឋត្រូវចូលរួមចំណែកនិងបំពេញកាតព្វកិច្ចជាពលរដ្ឋស្របច្បាប់ ដែលវានឹងឆ្លុះបញ្ចាំងពីសាមគ្គីភាព និងសមធម៌របស់ប្រជាពលរដ្ឋ រួមទាំងដើម្បីបានប្រយោជន៍ជាសមូហភាពផង។
អញ្ចឹងចាប់ពីពេលនេះទៅ កុំស្តាយលុយដែលត្រូវបង់ពន្ធជូនរដ្ឋអីណា