អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីតក្នុងការទូទាត់ ទាំងដែលពួកគេមានលទ្ធភាពបង់ជាលុយសុទ្ធភ្លាមៗយ៉ាងងាយស្រួល។ តើមានហេតុផលអ្វីខ្លះនៅពីក្រោយនិន្នាការនេះ?
១. បង្កើតពិន្ទុឥណទានល្អ
ការសាងប្រវត្តិឥណទានឲ្យល្អនេះមានអត្ថប្រយោជន៍ច្រើនសម្រាប់ពួកគេ ព្រោះបើសិនពួកគេមានភាពទៀងទាត់នៃការបង់ប្រាក់សងវិញទាន់ពេលវេលា នោះពួកគេអាចប្រើប្រាស់ពិន្ទុឥណទាននេះក្នុងការស្នើសុំកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាមួយអត្រាការប្រាក់ពិសេស និងទទួលបានការអនុម័តឆាប់រហ័សទៀតផង។ ការប្រើប្រាស់កាតក្រេឌីតជាយុទ្ធសាស្រ្តប្រសើរមួយក្នុងការសាងប្រវត្តិឥណទាន។
២. កាតក្រេឌីតផ្តល់ពេលក្នុងការសងត្រលប់
ការចំណាយដោយប្រើកាតក្រេឌីត លុយនោះមិនត្រូវបានកាត់ចេញសមតុល្យគណនីភ្លាមៗនោះទេ។ កាតឥណទានផ្តល់ពេលយ៉ាងហោចណាស់ ២០ថ្ងៃទៅ៣០ថ្ងៃ ដើម្បីចំណាយដោយមិនតម្រូវឱ្យមានលុយក្នុងកុងដូចកាតឥណពន្ធ ធ្វើឲ្យទឹកប្រាក់ក្នុងគណនីសន្សំ ឬបញ្ញើផ្សេងទៀតដែលមិនយកចាយវាយ មិនត្រូវបានប៉ះពាល់ និងទទួលបានការប្រាក់ទៀតផង។ អ្នកមានចាត់ទុកការប្រើប្រាស់កាតក្រេឌីត ជាវិធីមួយសម្រាប់គ្រប់គ្រងលុយ ព្រោះប្រាក់របស់ពួកគេភាគច្រើនយកទៅវិនិយោគ បង្វិលទៅនីទៅនោះជានិច្ច ដើម្បីរកប្រាក់បន្ថែម។
៣. ផ្តល់ភាពងាយស្រួល និងសុវត្ថិភាព
មួយវិញដោយសារបញ្ហាសុវត្ថិភាព អ្នកមានមួយចំនួនមិននិយមដាក់ប្រាក់តាមខ្លួនសន្ធឹកនោះទេ អាចនាំនូវហានិភ័យដូចជាជ្រុះបាត់ ចោរលួច ឬចោរប្លន់ជាដើម។ កាតក្រេឌីតមានហានិភ័យនៃការឆបោក និងក្លែងបន្លំ (Fraud) ច្រើនជាងកាតឥណ្ណពន្ធ ជាពិសេសសម្រាប់ការទូទាត់តាមអនឡាញ។ ដោយសារទឹកប្រាក់មិនត្រូវបានកាត់ចេញពីគណនីភ្លាមៗ ពួកគេមានពេលវេលាក្នុងការជូនដំណឹងទៅកាន់ក្រុមហ៊ុនប័ណ្ណឥណទានអំពីការក្លែងបន្លំនោះ ដើម្បីឲ្យក្រុមហ៊ុនរកដំណោះស្រាយចំពោះបញ្ហាប្រតិបត្តិការដែលពួកគេមិនបានធ្វើ។
៤. ទទួលបានការបញ្ចុះតម្លៃ និងរង្វាន់ផ្សេងៗ
ទៅតាមហាងលក់ទំនិញ ឬផ្សារទំនើបមួយចំនួន មានការបញ្ចុះតម្លៃ ឬសន្សំពិន្ទុប្ដូរយករង្វាន់រាល់ពេលអ្នកទូទាត់ចំណាយតាមរយៈកាតក្រេឌីត។ ដោយសារការចំណាយប្រចាំខែរបស់ពួកគេលើប័ណ្ណឥណទានរបស់ពួកគេមានចំនួនច្រើន ពួកគេមានឱកាសច្រើនទទួលបានពិន្ទុរង្វាន់ធំ និងការបានលុយត្រលប់មកវិញ (Cash Back)។
បញ្ជាក់៖ អត្ថបទខាងលើនេះ មិនមានការលំអៀង ឬសំដៅទៅភាគីម្ខាងណាមួយឡើយ គ្រាន់តែជាការបង្ហាញពីការពេញនិយមនៃទម្លាប់ចាយវាយរបស់អ្នកមានមួយចំនួន។ សូមសង្កត់ធ្ងន់ផងដែរថា កាតក្រេឌីតអាចប្រើបានសម្រាប់មនុស្សគ្រប់គ្នាជានីតិជន ដែលមានចំណូលស្ថិរភាព និងសមរម្យអាចទូទាត់សងបានទាន់ពេលវេលា៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន