ធ្មេចបើកៗ ខ្វះតែកន្លះខែទៀតចប់ឆ្នាំចាស់ ហើយក៏ជិតដល់ពេលត្រួតពិនិត្យ និងវាយតម្លៃការងាររបស់ខ្លួនប្រចាំឆ្នាំដែរ។ គិតមើលទៅ ធ្វើការបានយូរឆ្នាំ ហើយការងារក៏កាន់តែច្រើនជាងមុន តែឆ្ងល់ថាហេតុអ្វីបានជាប្រាក់ខែខ្លួនមិនឡើងបានច្រើនអ៊ីចឹង ? ប្រសិនបើយើងពិចារណាឲ្យស៊ីជម្រៅបន្តិច យើងប្រហែលជាឃើញពីកត្តាមួយចំនួនដែលធ្វើឲ្យប្រាក់ខែរបស់និយោជិកមិនកើនឡើង ឬកើនឡើងក្នុងបរិមាណដ៏តិចតួច ហេីយកត្តានេះមានដូចជា៖
១. និយោជិកមិនបានស្នើសុំ ឬមិនចេះពីរបៀបស្នើសុំ
ប្រាក់ខែប្រាកដណាស់ជាចំណាយ ឬបន្ទុកបន្ថែមរបស់និយោជក តែវាគឺជាតម្រូវការរបស់និយោជិក។ ដូចនេះគ្រប់និយោជកទាំងអស់មិនប្រាកដថាអាចដំឡើងប្រាក់ខែអេាយនិយោជិកដោយងាយស្រួលនោះទេប្រសិនបើគ្មានការស្នើសុំ។ការស្នើសុំទៀតចាំបាច់ត្រូវតែមានវិធីសាស្រ្តត្រឹមត្រូវបូកផ្សំជាមួយនឹងហេតុផលដ៏សមរម្យដោយមិនមែនចេះតែនឹកឃើញស្នើសុំខុសម៉ោងខុសពេលនោះទេ ព្រោះការស្នើសុំខុសពេលវេលានេះអាចធ្វើឲ្យនិយោជកមិនស្តាប់អ្នកឬមិនយកមកពិចារណា។
២. ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់និយោជិក
ហេតុផលដ៏ធំមួយក្នុងការដំឡើងប្រាក់ខែរបស់និយោជិក គឺអាស្រ័យទៅលើប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការសម្រចការងាររបស់ម្នាក់ៗ។ ប្រសិទ្ធភាព មានន័យថានិយោជិកអាចសម្រេចការងារបានល្អប្រសើរជាងការរំពឹងទុក។ ឧទាហរណ៍ និយោជិកអាចធ្វើរបាយការណ៍ប្រចាំឆ្នាំបានល្អជាងមុន ដោយមានកំហុសតិចតួច ឬត្រូវការជំនួយតិចពីអ្នកគ្រប់គ្រង។ ចំណែកឯប្រសិទ្ធផលសំដៅទៅដល់របៀបដែលនិយោជិកអាចសម្រេចការងារបាន ដេាយចំណាយពេលវេលា និងធនធានរបស់ក្រុមហ៊ុនតិចជាងមុន។ ឧទាហរណ៍ និយោជិកប្រើប្រាស់ពេលវេលាដូចគ្នាតែអាចលេីកនេះអាចរកអតិថិជនបានច្រើនជាងមុន ឬធ្វើឲ្យការលក់កើនឡើងជាងពេលមុន។ ដូចនេះការដំទ្បេីងប្រាក់ខែក៏សំខាន់ទៅលេីហេតុផលមួយនេះ ប្រសិនបេីនិយោជិកទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលនូវមានកម្រិតល្អ។
៣. ជំនាញរបស់និយោជិកមិនគ្រប់គ្រាន់
ការបំពេញការងារបានច្រើនមិនប្រាកដថាសុទ្ធតែល្អនោះទេ។ ការងារមួយចំនួនជាការងារដដែលៗ ដែលមិនបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ក្រុមហ៊ុន ទោះបីនិយោជិកធ្វើបានច្រើនប៉ុនណា។ អ៊ីចឹងហើយ ប្រសិនបើនិយោជិកមិនបានពង្រឹងជំនាញរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ទាំងជំនាញបច្ចេកទេស និងជំនាញផ្នែកទន់នោះទេ ប្រាកដណាស់ និយោជិកមិនអាចធ្វើអ្វីលើសពីការងារដែលគេកំពុងធ្វើការរាល់ថ្ងៃនោះទេ ហើយក៏មិនស័ក្តិសមក្នុងការទទួលបានប្រាក់ខែបន្ថែមដែរ ។
៤. និយោជិកមានភាពជឿជាក់ខ្ពស់ពេក
មូលហេតុមួយទៀតដែលនិយោជិកមិនត្រូវបានគេដំឡើងប្រាក់ខែព្រោះ និយោជិកពេលខ្លះមានការជឿជាក់ខ្លាំងពេកលើសមត្ថភាពរបស់ខ្លួនដើម្បីទាមទារប្រាក់ខែដែលវា ផ្ទុយពីស្ថានភាពជាក់ស្តែងនៃសមត្ថភាព ដូចជាការវាយតម្លៃរបស់និយោជិក។ ឧទាហរណ៍និយោជកសុំឲ្យដំឡើងប្រាក់ដល់ 15% ក្នុងខែបន្ទាប់ បុ៉នែ្តនេះបើតាមការិយាល័យស្ថិតិការងាររបស់អាមេរិចបានអេាយដឹងថា ជាមធ្យមពួកគេបានកើនឡើងមុខងារដូចគ្នានេះអាចឡើងបានត្រឹមតែ ៣% នៅ ឆ្នាំ២០២០ (Indeed, 2021)។
៥. ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
ជាក់ស្ដែង អាចដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនសូវល្អ តួយ៉ាងដូចជាកំឡុងពេលកូវីដ១៩ទេីបនិយោជកមិនអាចសម្រេចចិត្តថានឹងដំឡើងប្រាក់ខែដល់បុគ្គលិកបាន និងពេលខ្លះថែមទាំងឈានដល់ការកាត់បន្ថយបុគ្គលិកផងដែរ ដើម្បីកាត់បន្ថយនូវចំណាយក្នុងការបន្តដំណើរការក្រុមហ៊ុនទៅមុខបន្តទៀត។ ការមិនដំឡើងប្រាក់ខែអាចអាស្រ័យលើកត្តាជាច្រើន ហើយក៏អាចមានកត្តាច្រើនផ្សេងទៀត ក្រៅពីកត្តាដូចបានចែករំលែកខាងលើនេះ។ នេះមានន័យថាវាមិនអាស្រ័យតែនៅលើរយៈពេលធ្វើការរបស់និយោជិកមួយមុខក្នុងការដំឡើងប្រាក់ខែនោះទេ។
ដូចនេះដើម្បីប្រាកដថាខ្លួនអ្នកពិតជាអាចទទួលបានប្រាក់ខែដូចអ្វីដែលខ្លួនចង់បានមែននោះ អ្នកគួរតែមានវាយតម្លៃលើការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវជាមុនសិន ថាតើខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានប្រាក់ខែបន្ថែម ឬមុខតំណែងថ្មីដែរឬទេ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: វិធីគ្រប់គ្រងសម្រាប់អ្នកប្រាក់ខែ២០០ដុល្លារ
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។