ផលិតផលស្រុកយើង បើយើងមិនគាំទ្រ អ្នកណាគាំទ្រ?
ទីផ្សារផលិតផលខ្មែរមិនសូវមានការពេញនិយមទេ ព្រោះមិនសូវមានការគាំទ្រទូលំទូលាយពីប្រជាជនក្នុងស្រុក និងមានការប្រកួតប្រជែងខ្ពស់ជាមួយផលិតផលនាំចូល។ ប៉ុន្ដែអ្នកទាំងអស់គ្នាមានដឹងអត់ថា ការគាំទ្រផលិតផលក្នុងស្រុកអាចជួយដល់ទីផ្សារ និងប្រទេសជាតិដូចម្ដេចខ្លះ?
១ លើកស្ទួយអត្តសញ្ញាណជាតិ
ពេលផលិតផល ឬសេវាកម្មបង្កើតដោយជនជាតិខ្មែរ មានប្រជាប្រិយភាព និងការទទួលស្គាល់សព្វសាយ វាប្រៀបដូចជាការសាងកេរ្ដិ៍ឈ្មោះជាតិឲ្យគេស្គាល់ពីស្នាដៃ និងមុខមាត់ប្រទេសកម្ពុជាកាន់តែច្រើន។ មិនត្រឹមតែផលិតផលខ្មែរដូចជាក្រមា និងគ្រឿងទេសផ្សេងៗ ដូចជា ម្រេច គ្រាប់ចន្ទី និងស្ករត្នោតជាដើមដែលជាអត្តសញ្ញាណជាតិ សូម្បីតែអាជីវកម្មសម័យទំនើបដូចជាហាងកាហ្វេ ហាងសម្លៀកបំពាក់មានស្លាកយីហោរបស់ខ្មែរ ក៏អាចជួយលើកស្ទួយអត្ដសញ្ញាណជាតិផងដែរ។
២ លើកមុខមាត់ស្នាដៃរបស់ខ្មែរ
យើងសង្កេតឃើញថាប៉ុន្មានឆ្មាំក្រោយមកនេះ អាជីវកម្មដែលមានស្លាកយីហោជាសមិទ្ធិផលសាងដោយស្នាដៃកូនខ្មែរផ្ទាល់មានការកើនឡើងជាលំដាប់ និងទទួលបានការគាំទ្រពីប្រជាជនខ្មែរមិនចាញ់ផលិតផលបរទេស។ យើងនៅតែឃើញមានស្នាដៃក្នុងស្រុកដែលកំពុងកើតថ្មីជាបន្តបន្ទាប់ទៀត ដូច្នេះ បើផលិតផលក្នុងស្រុកនៅតែទទួលបានការគាំទ្រ យើងអាចរំពឹងសមិទ្ធិផល ឬស្នាដៃរបស់ខ្មែរនឹងមុខមាត់ កេរ្ដិ៍ឈ្មោះរហូតដល់ឆាកអន្តរជាតិ។
You might be want know more about: Top 6 Things To Buy In Cambodia
៣ លើកតម្កើងតម្លៃផលិតផលក្នុងស្រុក
ពីមុន ប្រជាជនខ្មែរយើងតែងតែគិតថាផលិតផល ឬសេវាកម្មក្នុងស្រុកមិនមានគុណភាពល្អ ទើបធ្វើឲ្យតម្លៃទីផ្សារផលិតផលក្នុងស្រុកមិនសូវមានតម្លៃ។ ប៉ុន្ដែមកដល់បច្ចុប្បន្ន
ជាមួយគំនិតអភិវឌ្ឍ និងគំនិតកែច្នៃថ្មីៗ យើងអាចចូលរួមលើកតម្កើងតម្លៃផលិតផលក្នុងស្រុកឲ្យសមស្របទៅតាមគុណភាពពួកគេ។ ដូច្នោះ យើងអាចទទួលបានផលិតផលល្អក្នុងស្រុក ដែលមានទាំងតម្លៃសមរម្យ រួមជាមួយនឹងគុណភាពដ៏ប្រសើរ។
៤ បង្កើនឱកាសការងារដល់ប្រជាជនក្នុងស្រុក
ការលូតលាស់នៃអាជីវកម្មក្នុងស្រុកក៏ជាមួយផ្នែកក្នុងការលើកកម្ពស់ទីផ្សារការងារ និងផ្ដល់ឱកាសការងារបន្ថែមក្នុងសហគមន៍ និងប្រទេសជាតិ។
អាជីវកម្មត្រូវការកម្លាំងពលកម្មដើម្បីដំណើរការ នៅពេលអាជីវកម្មកាន់តែរីកចម្រើន គេក៏ត្រូវការកម្លាំងពលកម្មកាន់តែច្រើនទៅតាមនោះដែរ។ ដូច្នេះ ការទិញផលិតផល ឬសេវាកម្មក្នុងស្រុកប្រៀបដូចនឹងការជួយឲ្យសហគមន៍យើងមានការងារ និងមានប្រាក់ចំណូលពីអាជីវកម្មក្នុងស្រុកបានដែរ។
នេះហើយគឺជាហេតុផលមួយចំនួនដែលយើងគួរតែជួយគាំទ្រផលិតផលក្នុងស្រុកឲ្យបានច្រើន ព្រោះការគាំទ្រ និងទទួលស្គាល់ទាំងអស់ ជម្រុយឲ្យបងប្អូនខ្មែរយើងកាន់តែមានមោទនភាពក្នុងការបង្កើតសមិទ្ធិផល ឬស្នាដៃថ្មីដើម្បីអាចមានឱកាសប្រកួតប្រជែងជាមួយផលិតផលក្រៅស្រុកបាន៕
Click here to read about ផលិតផល Made in China
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។