ប្រិយមិត្តកាក់សេន ប្រហែលជាបានដឹងច្រើនហើយអំពីអត្ថប្រយោជន៍នៃការវិនិយោគ ។ ទន្ទឹមនឹងនេះ អេដមីនជឿថាប្រិយមិត្តច្បាស់ជាចង់ដឹងថាតើគួរវិនិយោគយ៉ាងណាឲ្យសមនឹងសមត្ថភាពរបស់ខ្លួន។ ចុះសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ជាមួយប្រាក់ត្រឹម ១.០០០ដុល្លារ តើអាចវិនិយោគលើអ្វីបានខ្លះ?
ចង់ស្វែងយល់បន្ថែមអំពីការវិនិយោគនីមួយៗដែរឬទេ? មកអានមាតិកាខាងក្រោមនេះ! បន្ទាប់ពីអានរួច តើប្រិយមិត្តមានចំណាប់អារម្មណ៍លើការវិនិយោគមួយណាដែរ?
ទ្រព្យសកម្ម
ទ្រព្យសកម្ម គឺជាទ្រព្យទាំងឡាយណាដែលជាកម្មសិទ្ធរបស់បុគ្គល ឬនីតិបុគ្គលត្រឹមត្រូវ ហើយមានតម្លៃពិតប្រាកដ។ គេអាចបែងចែកបានជាទ្រព្យសកម្មរូបី (ផ្ទះ ដី អគារ -ល-) និងទ្រព្យសកម្មអរូបី (ភាគហ៊ុន គណនីសន្សំ -ល-) ។
ការវិនិយោគលើទ្រព្យសកម្ម ជាការវិនិយោគមួយដែលនឹងជួយឲ្យយើង៖
• បង្កើតចំណូលបន្ថែម
• ជៀសឆ្ងាយពីហានិភ័យអតិផរណា
• ជួយសម្រេចបាននូវផែនការហិរញ្ញវត្ថុ
ជាទូទៅទ្រព្យសកម្មសម្រាប់វិនិយោគ នឹងផ្តល់ជាចំណូលបន្ថែម ដោយសារតែការកើន ឡើងនូវតម្លៃរបស់វានៅពេលអនាគត។
ប្រាក់ ឬមាស
ការវិនិយោគលើមាស ឬប្រាក់ គឺជាការវិនិយោគដែលប្រជាជនខ្មែរនិយមតាំងពីជំនាន់មុនៗមកម្ល៉េះ។ នាពេលបច្ចុប្បន្ន ការវិនិយោគនេះ ក៏នៅតែមានច្រើនជាពិសេសចំពោះមនុស្សចាប់ពីវ័យខ្ទង់ ៣៥ឆ្នាំ ឡើងទៅ។
ការវិនិយោគលើមាស ឬប្រាក់ ត្រូវបានគេចាត់ទុកជាការវិនិយោគរយៈពេលខ្លី តែយើងក៏អាចរក្សាវាទុកក្នុងរយៈពេលវែង ដើម្បីអាចចំណេញកាន់តែច្រើនផងដែរ។
អត្ថប្រយោជន៍ក្នុងការទិញមាស ឬប្រាក់គឺ៖
• មានភាពងាយស្រួលពេលចង់លក់យកលុយសុទ្ធវិញ
• ហានិភ័យនៃការខាតបង់ដោយសារអតិផរណាមានតិច
• ងាយស្រួលក្នុងការទិញលក់ដោយផ្ទាល់ ឬតាមគណនី។
បើយោងតាមទិន្នន័យរបស់ Gold Price លើទីផ្សារទិញលក់មាសក្នុងពេលបច្ចុប្បន្នគឺ ១៨២.៥ដុល្លារ/ជី ប្រសិនបើយើងមានលុយ ១០០០ដុល្លារ ដូចនេះយើងអាចទិញមាសបានប្រហែល ៥ជី (ទិន្នន័យគិតត្រឹមថ្ងៃទី២៨ ខែមិថុនា ២០២២)។
រូបិយប័ណ្ណគ្រីបតូ
បច្ចុប្បន្ន គេឃើញការវិនិយោគលើរូបិយប័ណ្ណគ្រីបតូមានកំណើនច្រើនឡើងៗ ជាពិសេសចំពោះមនុស្សស្ថិតក្នុងវ័យជំទង់ និងខ្ទង់វ័យ ២០ឆ្នាំ ទៅ ៣០ឆ្នាំ។
គេចាត់ទុកការវិនិយោគនេះ ជាការវិនិយោគរយៈពេលខ្លីដែរ ដោយសារវាមានការប្រែប្រួលតម្លៃដ៏ឆាប់រហ័សក្នុងទីផ្សារ។
អត្ថប្រយោជន៍នៃការវិនិយោគលើរូបិយប័ណ្ណគ្រីបតូគឺ៖
• ការទិញលក់មានរយៈពេលលឿន
• ចំណាយថ្លៃប្រតិបត្តិការតិច
• ជាជម្រើសវិនិយោគមួយទៀតបើចង់កាត់បន្ថយហានិភ័យលើការវិនិយោគប្រមូលផ្តុំតែនៅលើទ្រព្យសកម្មមួយប្រភេទ
យោងទៅតាម Binance យើងអាចចាប់ផ្តើមវិនិយោគជាមួយនឹងរូបិយប័ណ្ណគ្រីបតូដោយចំណាយចាប់ពី១0ដុល្លារឡើងទៅ(ទិន្នន័យគិតត្រឹមថ្ងៃទី២៨ ខែមិថុនា ២០២២)។
ដើម្បីចាប់ផ្តើមវិនិយោគលើរូបិយប័ណ្ណគ្រីបតូ អ្នកត្រូវ៖
១. ស្វែងរកឈ្មួញកណ្តាល
២. បង្កើតគណនីជួញដូរ
៣. ដាក់ប្រាក់ចូលទៅក្នុងគណនី
៤. ជ្រើសរើស និង ទិញ រូបិបណ្ណគ្រីបតូដែលចង់វិនិយោគ
៥. ជ្រើសរើសវិធីសាស្រ្តរក្សាទុករូបិយប័ណ្ណគ្រីបតូដែលទិញរួច។
NFTs
ទោះបីជាការវិនិយោគលើ NFTs មិនទាន់មានការចាប់អារម្មណ៍ និងមានសន្ទុះខ្លាំងក្លាដូចរូបិយប័ណ្ណគ្រីបតូក៏ដោយ តែការវិនិយោគមួយនេះមានភាពលេចធ្លោយ៉ាងខ្លាំងនៅប្រទេសដទៃទៀតដូចជាប្រទេសហ្វីលីពីន ប្រទេសថៃ ប្រទេសម៉ាឡេសុីជាដើម។
ការវិនិយោគលើ NFTs ភាគច្រើនជាការវិនិយោគរយៈពេលខ្លី ដោយសារតម្លៃវាមានការប្រែប្រួលឆាប់រហ័សក្នុងទីផ្សារ។ តែយ៉ាងណាមិញយើងក៏អាចរក្សាទុកសម្រាប់រយៈពេលវែងផងដែរ។
ការវិនិយោគលើ NFTs មានអត្ថប្រយោជន៍ដូចជា៖
• មានកម្មសិទ្ធិបញ្ញាច្បាស់លាស់
• មានសុវត្ថិភាពខ្ពស់ក្នុងការទិញលក់
• មានដំណើរការនៅលើ Blockchain
• មិនងាយត្រូវបានគេលួចបន្លំ ឬលួចចម្លង
យោងទៅតាម CoinMarketCap តម្លៃជាទូទៅក្នុងការជួញដូរលើ NFT គឺប្រហែល ២៨៨ដុល្លារ ក្នុងមួយប្រតិបត្តិការ (ទិន្នន័យគិតត្រឹមថ្ងៃទី២៨ ខែមិថុនា ២០២២)។
ជំហានខ្លីៗដែលអ្នកគួរអនុវត្តនៅពេលវិនិយោគលើ NFTs៖
១. ស្រាវជ្រាវពីប្រភេទ NFTs ដែលអ្នកចង់ទិញ ឬលក់
២. ជ្រើសរើសយកឈ្មួញកណ្តាលដើម្បីជួយសម្រួលដល់ដំណើរការ
៣. ដាក់លុយសុទ្ធ ហើយដូរយកលុយគ្រីបតូដើម្បីអាចទិញលក់ NFTs។
ភាគហ៊ុន
ការវិនិយោគលើភាគហ៊ុនភាគច្រើនជាការវិនិយោគរយៈពេលខ្លី ដោយសារតែយើងអាចជួញដូរក្នុងរយៈពេលតែប៉ុន្មានម៉ោង ឬប៉ុន្មាននាទីតែប៉ុណ្ណោះ។
អត្ថប្រយោជន៍នៃការវិនិយោគលើភាគហ៊ុនមាន៖
• ងាយស្រួលក្នុងការទិញលក់
• ទទួលបានភាគលាភតាមកាលកំណត់
• មិនចាំបាច់ត្រូវការលុយច្រើនក្នុងការវិនិយោគដំបូង
• មានការគ្រប់គ្រងច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងទៅតាមទីផ្សារមូលប័ត្រកម្ពុជា ការវិនិយោគលើទីផ្សារ CSX មិនមានការកំណត់ដើមទុនជាក់លាក់ទេ តែចំនួនហ៊ុនតិចបំផុតសម្រាប់ការជួញដូរគឺ ១ភាគហ៊ុន ឬមួយឯកតា។ ជាក់ស្តែងក្នុងទីផ្សារមូលប័ត្រកម្ពុជា យើងអាចចំណាយត្រឹម ១០ដុល្លារ ដើម្បីបើកគណនីលើកដំបូង និង ទិញភាគហ៊ុនដែលមានតម្លៃចាប់ផ្តើមពី ២៤៤០៛ ក្នុង១ឯកតា (ទិន្នន័យគិតត្រឹមថ្ងៃទី២៨ ខែមិថុនា ២០២២)។
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។