ពីមុន កាលជំនាន់ព័ត៌មានមិនសូវទូលាយដល់គ្រប់ភូមិ តាមបណ្ដាញសង្គម ឱ្យតែនិយាយរឿងកូនស្រីរៀនបានខ្ពស់ គេច្រើនពេបមាត់ហើយនិយាយថា មិនដឹងឱ្យរៀនខ្ពស់ធ្វើអីផង បេីគង់តែថ្ងៃក្រោយនៅមេផ្ទះ មើលកូន ដាំបាយ បម្រើប្ដីដដែលហ្នឹង? ឥឡូវរាងអន់បន្តិចហើយ តែក៏នៅមិនទាន់បាត់ទាំងស្រុងដែរ រឿងមិនចង់ឱ្យកូនស្រីរៀនបានខ្ពង់ខ្ពស់នេះ ជាពិសេសនៅតាមទីជនបទ។
បើយោងតាមតួលេខរបស់ឯកសារ Women and Men in Cambodia ដែលចេញផ្សាយក្នុងឆ្នាំ 2018 ដោយ វិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការ ពិនិត្យមើលតួលេខចុះឈ្មោះចូលរៀននៅកម្រិតឧត្ដមសិក្សាក្នុងឆ្នាំសិក្សា 2015-2016 មានសិស្សប្រុស ចុះឈ្មោះចូលរៀនថ្នាក់អនុបណ្ឌិត 7% ខណៈដែលមានសិស្សស្រីតែ 3% ប៉ុណ្ណោះ។ ហេតុអ្វីក៏ស្ត្រីបន្តការសិក្សថ្នាក់ខ្ពស់ដូចជាអនុបណ្ឌិត នៅតែទទួលរងការរិះគន់ និងមិនសូវទទួលបានការគាំទ្រ និងឱ្យតម្លៃដូច្នេះ?
១.ផ្នត់គំនិតដែលមិនគោរពឱ្យតម្លៃស្ត្រី៖
ទោះបីស្ថាប័នពាក់ព័ន្ធទាំងឡាយប្រឹងប្រែងលើកកម្ពស់សមភាពយេនឌ័រដើម្បីឱ្យស្ត្រី និងបុរសទទួលបានឱកាសស្មើគ្នាក្នុងសង្គមក្ដី ផ្នត់គំនិតលម្អៀងយេនឌ័រនៅតែមាន។ សម័យនេះហេីយ នៅតែមានអ្នកមេីលងាយស្ត្រីថា ស្ត្រីមានតួនាទីជាមេផ្ទះ ដោយគិតថាការងាររកប្រាក់ចិញ្ចឹមគ្រួសារជាការងាររបស់បុរស ហើយបើកូនស្រីរៀនច្រើនពេក ពួកគាត់នឹងគ្មានពេលវេលាគ្រប់គ្រាន់ធ្វើកិច្ចការផ្ទះ និងមើលថែទាំកូននោះទេ ឬការងារផ្ទះសម្បែងគ្មានអ្នកណាធ្វេីព្រេាះប្តីរវល់រកលុយ។
២.ផ្នត់គំនិតថាពិបាករកស្វាមី៖
មូលហេតុមួយទៀតដែលគេមិនសូវចង់ឱ្យកូនស្រីរៀនសូត្របានខ្ពស់ គឺគេច្រើនគិតថា មនុស្សស្រីរៀនបានខ្ពស់ មិនមានប្រុសណាគេហ៊ានចូលស្ដីនោះទេ។ ប៉ុន្តែតាមដែលធ្លាប់បានឃើញកន្លងមក បងប្អូនស្រីៗដែលរៀនសូត្របានខ្ពស់ គូស្រកររបស់គាត់ក៏មិនអន់ដែរព្រោះចំណេះដឹង និងបទពិសោធន៍ជួយឱ្យស្ត្រីអាចពិចារណាជ្រើសរើសបុរសដែលស័ក្ដិសមជាគូអនាគតយូរអង្វែង។ ម្យ៉ាងទៀត ផ្នត់គំនិតសង្គមគិតថាបុរសជាមេគ្រួសារត្រូវរកប្រាក់ចំណូល ធ្វើឱ្យស្វាមីដែលមានប្រាក់ខែទាបជាងប្រពន្ធហាក់មានសម្ពាធ។ តាមពិតទៅ ចំណុចនេះគួរតែបានពិភាក្សា ព្រមព្រៀង និងយល់ពីគ្នាតាំងពីចាប់ដៃស្រឡាញ់គ្នាដំបូងម្ល៉េះ។ សំខាន់គឺអ្នកទាំងពីរពិភាក្សា និងយល់ព្រមជាមួយគ្នាអំពីតួនាទីរបស់ខ្លួននៅក្នុងគ្រួសារ និងការរៀបចំហិរញ្ញវត្ថុគ្រួសារឱ្យបានល្អ។ បើបានព្រមព្រៀងគ្នាហើយអ្នកណារកបានតិចជាងឬច្រើនជាងពុំគួរមានបញ្ហាទេ។
៣.វិសមភាពក្នុងតួនាទីអ្នកគ្រប់គ្រង៖
គេសង្កេតឃើញថា ក្នុងតួនាទីគ្រប់គ្រងស្ថាប័ន ភាគច្រើននៅតែជាបុរស។ ចំណុចនេះក៏ជាឧបសគ្គរាំងស្ទះ ដល់ការខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ស្ត្រី ព្រោះពេលខ្លះគេគិតថាស្រ្តីគ្មានសម្ថភាពគ្រប់គ្រាន់ក្នុងការកាន់តំណាង ឬបំពេញកិច្ចការនេះ។ ម្យ៉ាងទៀតគេគិតថា ទោះប្រឹងរៀនបានខ្ពស់យ៉ាងណាក៏មិនអាចបានកាន់តួនាទីធំដែរ។ ដូចនេះ ការមេីលងាយ និងឧបសគ្គតែងតែមានក្នុងសមភាពយេនឌ័រ។
ទោះជាយ៉ាងណា យើងចាប់ផ្ដើមមើលឃើញគំរូល្អៗជាច្រើនដែលស្ត្រីបន្តប្រឹងប្រែងសិក្សារៀនសូត្របានខ្ពង់ខ្ពស់ទាំងនៅស្ថាប័នឧត្តមសិក្សាក្នុងប្រទេស និងនៅក្រៅប្រទេស។ ការបង្ហាញគំរូល្អៗទាំងនេះ បានផ្ដល់ជាកម្លាំងចិត្តដល់ប្អូនៗ និងក្មួយៗជាស្ត្រីទូទាំងប្រទេសឱ្យប្រឹងប្រែងទម្លុះឧបសគ្គនឹងការលំបាកទាំងឡាយក្នុង គោលបំណងក្លាយជាអនាគតស្ត្រីមួយរូបដែលឯករាជ្យ អាចពឹងពាក់ខ្លួនឯងបាន ព្រោះស្ត្រី និងបុរសមានតួនាទីទ្រទ្រង់គ្រួសារដូចគ្នា មិនមានបែងចែកថាការងារណាមួយស័ក្ដិសមតែបុរសធ្វើ ឬការងារណាស័ក្ដិសមសម្រាប់នារីនោះទេ៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។