ធនាគារពិភពលោក គឺជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្នងឆ្នាំ១៩៤៤ ក្រោយសង្រ្គាមលោកលើកទី២ ដែលមានលក្ខណ:បែបសហកម្មសិទ្ធិរវាងស្ថាប័នធំៗទាំង៥ ក្នុងពិភពលោករួមមាន ធនាគារអន្តរជាតិសម្រាប់ការស្តារឡើងវិញនិងការអភិវឌ្ឍ(IBRD) សមាគមអភិវឌ្ឍអន្តរជាតិ(IDA) កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ(IFC) ទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA) និង មជ្ឈមណ្ឌលអន្តរជាតិសំរាប់ដំណោះស្រាយនៃវិវាទវិនិយោគ (ICSID)
គោលបំណងសំខាន់នៃធនាគារពិភពលោក គឺជួយកាត់បន្ថយភាពក្រីក្រក្នុងពិភពលោក និងឆ្ពោះទៅរកភាពរីកចម្រើន លើកកម្ពស់ការអភិរឌ្ឍប្រកបដោយនិរន្តរភាព ហើយសម្រាប់ពេលបច្ចុប្បន្នធនាគារពិភពលោក ក៏មានប្រទេសជាសមាជិកសរុបចំនួន ១៨៩ប្រទេសក្នុងនោះផងដែរ។
ដើម្បីសម្រេចបាននូវទស្សនវិស័យទាំងនេះ ធនាគារពិភពលោកមានគោលបំណងរបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រីឱ្យសល់ត្រឹមតែ ៣% នៃចំនួនប្រជាជនសរុបលើពិភពលោក ត្រឹមឆ្នាំ ២០៣០។ ចំណែកគោលបំណងមួយទៀតនោះ គឺបង្កើនប្រាក់ចំណូលដល់ប្រជាជនក្រីក្ររហូតដល់ ៤០% នៃប្រជាជនក្រីក្រសរុប នៅគ្រប់ប្រទេសទាំងអស់។ ដើម្បីជំរុញភាពងាយស្រួលក្នុងការសម្រេចគោលដៅក្នុងឆ្នាំ២០៣០ ធនាគារពិភពលោកភាគច្រើនធ្វើការជាមួយរដ្ឋាភិបាលតាមរយ:ការផ្តល់ជំនួយជាប្រាក់កម្ចី ផ្តល់នូវដំបូន្មានខាងផ្នែកហិរញ្ញវត្ថុក្នុងប្រទេស ក៏ដូចជាផ្ដល់ជំនួយបច្ចេកទេសទៅកាន់ប្រទេសកំពុងអភិរឌ្ឍ។
ជាក់ស្តែង ប្រទេសកម្ពុជាក៏បានទទួលប្រាក់កម្ចីពីធនាគារពិភពលោកចំនួន២០លានដុល្លារអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយឃើញថាយើងនៅមានកង្វះខាតនូវឧបករណ៍សុខាភិបាលនៅឡើយ។
លើសពីនេះ ធនាគារពិភពលោក ក៏បានផ្តោតទៅលើលំហូរសេដ្ឋកិច្ចដោយពង្រឹងវិស័យឯកជនក្នុងប្រទេសកំពុងអភិរឌ្ឍដូចជាការ ផ្សព្វផ្សាយឲ្យមានការវិនិយោគក្នុងតំបន់គោលដៅទាំងវិនិយោគិនជាតិនិងអន្តរជាតិ។
ក្រៅពីការផ្តល់ដំបូន្មានខាងផ្នែកហិរញ្ញវត្ថុទៅឲ្យក្រុមហ៊ុននិងអាជីរកម្មហើយ ធនាគារពិភពលោក ក៏ផ្តល់នូវព័ត៌មានទីផ្សារហិរញ្ញវត្ថុ ឬទិន្នន័យសំខាន់ៗដូចជា កម្រិត GDP ក្នុងប្រទេសណាមួយ ឬស្ថានភាពសេដ្ឋកិច្ចជាទិន្នន័យជាដើម តាមរយ:គេហទំព័ររបស់ខ្លួន ដើម្បីឲ្យក្រុមហ៊ុនអាចមានព័ត៌មានទូលំទូលាយក្នុងការសម្រេចចិត្តលើអ្វីមួយ។
ទន្ទឹមនឹងការគាំទ្រការវិនិយោគអន្តរជាតិដោយផ្ទាល់ (Foreign Direct Investment) ធនាគារពិភពលោក ក៏ជាអ្នកសម្របសម្រួលដល់វិវាទទាំងឡាយរវាង FDI និងប្រទេសក្នុងតំបន់ ដូចជាការផ្តល់ដំបូន្មានផ្នែកច្បាប់ក្នុងប្រទេស និងការអនុលោមក្នុងប្រទេសដើម្បីទទួលបានដំណោះស្រាយឈ្នះៗសំរាប់ភាគីទាំងពីរ។
ស្របទៅតាមសកម្មភាពទាំងនេះ យើងឃើញថា ធនាគារពិភពលោកបានដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យមានទំនាក់ទំនងរវាងប្រទេសធំៗ ជាមួយនិងប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើម។ ជាហេតុ ការបោះទុនវិនិយោគក្នុងប្រទេសក៏មានការរីកដុះដាល ដែលមានផ្តល់ផលវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់ផងដែរ៕