សេវាកម្មបង់រម្លស់ គឺជាមធ្យោបាយបង់លុយទូទាត់ទំនិញមួយប្រភេទដែលអតិថិជនមិនចាំបាច់បង់ម្ដងទាំងដុលនៃតម្លៃដើមទេ ពោលគឺត្រូវបង់ជាដំណាក់កាល ដែលចំនួនលុយត្រូវបង់មានទំហំតូច គិតទាំងប្រាក់ដើម និងការប្រាក់ ហើយការបង់នឹងត្រូវបញ្ចប់នៅពេលដែលលោកអ្នកបង់គ្រប់ចំនួនខែ គ្រប់ចំនួនលុយដែលបានចែងក្នុងកិច្ចសន្យាលាយលក្ខណ៍ជាអក្សរ។ ខាងក្រោមនេះជាចំណុចខ្លះៗដែលលោកអ្នកគួរស្វែងយល់អំពីភាពទូទៅនៃសេវាបង់រម្លស់៖
‣ ការប្រាក់៖
លោកអ្នកត្រូវចាប់អារម្មណ៍ពីរូបមន្តការប្រាក់ និងលក្ខខណ្ឌបង់រម្លស់នៃក្រុមហ៊ុននោះ ដ្បិតការប្រាក់នេះប្រែប្រួលទៅតាមប្រភេទ និងរយៈពេលនៃការរម្លស់ ហើយអាស្រ័យលើគោលការណ៍របស់អាជីវកម្មនីមួយៗផងដែរ។ នៅកន្លែងខ្លះ ទាមទារឲ្យមានប្រាក់កក់ ហើយជួនកាលគេមានប្រូម៉ូសិនខ្លះមិនទាមទារការប្រាក់ទេ ឬពេលខ្លះមានការប្រាក់ដែរ តែគិតបន្តិចបន្តួចប៉ុណ្ណោះ។ ដូចនេះយើងត្រូវសួរគេឲ្យបានច្បាស់ថា យើងត្រូវបង់រយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ហើយត្រូវបង់ចំនួនប៉ុន្មានក្នុងមួយខែ។ គួរចងចាំថា រយៈពេលបង់រម្លស់ កាន់តែយូរខែឆ្នាំ ការប្រាក់កាន់តែកើន។
‣ ការផាកពិន័យ៖
បញ្ហាដែលត្រូវសង្កត់ធ្ងន់ផងដែរនោះ គឺការផាកពិន័យ។ ក្នុងករណីលោកអ្នកបង់យឺតយ៉ាវ បង់មិនទៀងទាត់ពេលវេលា តើគេនឹងផាកប៉ុន្មាន បើសិនថ្ងៃណាមួយយើងជួបហេតុការណ៍អាក្រក់ដែលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ហើយយើងមិនមានលទ្ធភាពក្នុងការបង់បន្តទៀត តើគេនឹងមានវិធានការយ៉ាងដូចម្ដេច៖ រឹបអូសទ្រព្យណាមួយ ឬដោះស្រាយតាមនិតីវិធីច្បាប់?
‣ ជម្រើសក្នុងការបង់៖
ជាទូទៅ ការបង់រម្លស់ប្រព្រឹត្តទៅក្រោមរូបភាព២គឺបង់ជាមួយក្រុមហ៊ុនដោយផ្ទាល់ និងរម្លស់ជាមួយធនាគារ។ ការបង់រម្លស់តាមរយៈធនាគារត្រូវបានអ្នកជំនាញឲ្យយោបល់មកថា មានសុវត្ថិភាព និងហានិភ័យតិចជាងបង់ជាមួយក្រុមហ៊ុន ព្រោះខាងធនាគារសិក្សាពីលទ្ធភាពបង់របស់យើង ដោយពឹងផ្អែកលើឯកសារបញ្ជាក់ពីចំណូលប្រចាំខែ ហើយផ្ដល់ជូនកម្ចីក្រោមអត្រាការប្រាក់ទាបទៀតផង។
ម្យ៉ាងទៀត គេច្រើនតែបង់រម្លស់នៅហាងដោយផ្ទាល់ ចំពោះរបស់ប្រើប្រាស់តូចតាចដូចជាទូរសព្ទ ម៉ូតូ ទូរទស្សន៍ជាដើម រីឯចំពោះរបស់មានតម្លៃខ្ពស់ជាងនេះរួមមាន ដី ផ្ទះ ឬឡានជាដើម គេច្រើនរម្លស់ជាមួយគ្រឹះស្ថានធនាគារ។
‣ ទ្រព្យបញ្ចាំ និងឯកសារបញ្ជាក់៖
នៅតាមហាងអាជីវកម្ម ឬក្រុមហ៊ុនលក់ទំនិញ ផលិតផលនានាតម្រូវឲ្យអតិថិជនមានឯកសារមួយចំនួន ដើម្បីកសាងទំនុកចិត្តភាគីទាំងសងខាង និងចៀសវាងការក្លែងបន្លំដោយប្រការណាមួយ ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឯកសារបញ្ជាក់ពីចំណូលប្រចាំខែ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ របាយការណ៍ធនាគារជាដើម ហើយនៅកន្លែងខ្លះទៀត ឈានទៅដល់ការមានទ្រព្យបញ្ចាំ និងអ្នកធានាទៀតផង។ នៅប្រទេសកម្ពុជាយើង បើសិនលោកអ្នកចង់ទិញដី ឬផ្ទះ ម្ចាស់គម្រោងទាមទារប្លង់រឹង បើជាវរថយន្តធុនតូចដោយបង់រម្លស់ គេទាមទារបណ្ណបើកបរប្រភេទ “ខ” ជាដើម។
យ៉ាងណាមិញ លោកអ្នកក៏គួរប្រុងប្រយ័ត្នផងដែរ ដ្បិតសេវាបង់រម្លស់នៅហាងមួយចំនួនមិនស្របប្បញ្ញតិច្បាប់ឡើយ ហើយកន្លែងខ្លះដើម្បីតែប្រយោជន៍ជំនួញខ្លួនឯង ពួកគេមិនបានសិក្សាពីលទ្ធភាពសងប្រាក់របស់អតិថិជនទេ ដោយឡែកប្រើវិធីបញ្ចុះបញ្ចូលបន្ថែមទៀតធ្វើយ៉ាងណាឲ្យតែអ្នកជាប់ចិត្ត ចាប់អារម្មណ៍នឹងសេវារម្លស់របស់ពួកគេ ដែលងាយធ្វើឲ្យលោកអ្នកក្លាយជាកូនបំណុលរបស់ពួកគេយ៉ាងវ័ណ្ឌក បើសិនជាយើងយល់មិនច្បាស់ពីសេវាកម្មនេះ៕
Click here to read more: បង់រម្លស់ ឬបង់ផ្តាច់?