ពេលម៉ោងសេដ្ឋកិច្ច លឺគេនិយាយពីអតិផរណារហូត… ចុះអ្វីទៅអតិផរណាហ្នឹង?
ពាក្យថាអតិផរណានេះ យើងអាចនឹងជួបក្នុងមេរៀនសេដ្ឋកិច្ច និងតាមព័ត៌មានជាតិនិងអន្តរជាតិនានាច្រើន។ បើនិយាយឲ្យស្រួលស្តាប់ទៅ «អតិផរណា» សំដៅដល់បាតុភូតឬព្រឹត្តិការណ៍ដែលតម្លៃលុយធ្លាក់ចុះ ស្របពេលដែលទំនិញនិងសេវាកម្មទូទៅមួយចំនួនឡើងថ្លៃ។
ឧទាហរណ៍ថា កាលពី១០-២០ឆ្នាំមុន បើយើងមានត្រឹម ៤ ទៅ ៥ លានរៀលឡើង (ប្រហែល ១០០០ ដុល្លារជាង) យើងអាចទិញម៉ូតូមួយដ៏ថ្មីស្រឡាងបាន។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះវិញ ចំនួនលុយដដែលនេះពុំអាចទិញម៉ូតូថ្មីស្រឡាងនោះបានទៀតទេ។
តាមន័យសេដ្ឋកិច្ច កត្តាដែលអាចបណ្តាលឲ្យមានអតិផរណាកើតឡើងមាន២ធំៗ នោះគឺ
- នៅពេលតម្រូវការផលិតផលកើនឡើង នាំឲ្យដំណើរការនៃការផលិតធ្លាក់ចុះ ឬការផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ ដែលបណ្តាលឲ្យទំនិញនោះមានសន្ទុះឡើងថ្លៃ។
- ពេលវត្ថុធាតុដើម និង/ឬ ថ្លៃពលកម្មនៃផលិតផលឬសេវាកម្មនោះឡើងថ្លៃ បានន័យថាតម្លៃផលិតកម្មឡើងថ្លៃ ដែលរុញច្រានឱ្យផលិតផលសម្រេចក៏ឡើងថ្លៃដែរ (ទំនិញឬសេវាកម្មដែលដាក់លក់លើទីផ្សារ)។
ស្តាប់ទៅ អាចថាអតិផរណាមិនមែនជារឿងល្អ ក៏ប៉ុន្តែទាំងចំណុចល្អ និងអាក្រក់ក៏នៅតែមាន។ អ្នកដែលអាចទទួលយកផលវិជ្ជមានពីអតិផរណានោះ ត្រូវបានសង្កេតឃើញមានដូចជាម្ចាស់កម្មសិទ្ធិនៃអចលនទ្រព្យដូចជាដីធ្លី ផ្ទះសម្បែងជាដើម និងម្ចាស់អាជីវកម្មលក់ទំនិញឬសេវាកម្មដែលតម្លៃកើនទាំងនោះ។ ពោលគឺ ពួកគេអាចចំណេញបានពីការលក់បានថ្លៃនៅពេលនេះឯង។ រឺឯអ្នកដែលទទួលផលលំបាកគឺអ្នកប្រើប្រាស់ព្រោះតែទំនិញឡើងថ្លៃ។
ទោះយ៉ាងណា អតិផរណាក៏មិនអាចអវត្តមានបាននៅក្នុងសេដ្ឋកិច្ចនោះទេ។ ដ្បិតថាវាជាសញ្ញាមួយដែលអាចបញ្ជាក់ថាដំណើរសេដ្ឋកិច្ចមានលក្ខណៈល្អប្រសើរ ដោយសារតែតម្រូវការនៃការប្រើប្រាស់របស់អតិថិជនមានការកើនឡើង តែលក្ខណៈល្អប្រសើរនេះលុះត្រាអត្រាអតិផរណាមានកម្រិតទាបល្មមប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអតិផរណាមានអត្រាខ្ពស់ហួសកម្រិតដែលចង្អុលបង្ហាញពីការធ្លាក់ចុះខ្លាំងនៃតម្លៃរូបិយប័ណ្ណជាតិ រីឯទំនិញក៏ឡើងថ្លៃហួសបរិមាណ នោះវាគឺជាសញ្ញានៃការធ្លាក់ចុះនៃដំណើរសេដ្ឋកិច្ចទៅវិញទេ៕
ឯកសារយោង៖
• The Balance | What Is Inflation?
• Investopedia | Guide To Inflation
• Financial Express | What Is Inflation?
• Investopedia | When Is Inflation Good for the Economy?
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។