ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលពន្លកថ្មីរយៈពេលបីខែ ធនាគារ អ៊ូរី បានបិទបញ្ចប់កម្មវិធី Talent Incubation Program ជំនាន់ទី១ ជាស្ថាពរ។ កម្មវិធីនេះបានចាប់ផ្តើមនៅក្នុងខែមេសា និងបានបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២២ ។ ពិធីបិទវគ្គនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី ខេមបូឌា ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៅការិយាល័យកណ្តាលរបស់ធនាគារ អ៊ូរី ។
គោលបំណងនៃ Talent Incubation Program នេះ គឺដើម្បីជ្រោមជ្រែងដល់និស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗដោយគ្មានបទពិសោធន៍ពីមុន តាមរយៈកម្មវិធីពង្រឹងសមត្ថភាពការងារយ៉ាងហ្មត់ចត់ ការពន្លឿនអភិវឌ្ឍន៍វិជ្ជាជីវៈ និងសមិទ្ធផលរបស់ពួកគេនៅក្នុងធនាគារ អ៊ូរី ។ លើសពីនេះ កម្មវិធីមានបំណងផ្តល់ឱកាសដល់និស្សិតដែលមិនទាន់មានបទពិសោធន៍ ឬទើបតែបញ្ចប់ការសិក្សា ដែលមានឆន្ទៈក្នុងការទទួលបានបទពិសោធន៍ដ៏រំភើបសម្រាប់ការងារដំបូងរបស់ពួកគេក្នុងវិស័យធនាគារ។
វគ្គបណ្ដុះបណ្ដាលជំនាន់ទី១នេះ មានចំនួនអ្នកចូលរួមហាត់ការចំនួន ៤៥នាក់ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើលគុណវុឌ្ឍិរបស់ពួកគេ។ កម្មវិធីនេះទៀតសោត បើកសិទ្ធិចូលរួមសម្រាប់និស្សិតមហាវិទ្យាល័យចាប់ពីឆ្នាំទី២ ឡើងទៅ។ សិក្ខាកាមដែលត្រូវបានជ្រើសរើស បានឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ខែ ដែលក្នុងនោះរួម
មាន វគ្គតម្រង់ទិសបុគ្គលិកថ្មីរបស់ធនាគារ អ៊ូរី មេរៀនក៏ដូចជាកិច្ចការពីដេប៉ាតឺម៉ង់នានា។ ឱកាសពិសេសពិសាលនេះ គឺមានតែចំពោះកម្មវិធី Talent Incubation Program តែប៉ុណ្ណោះ ។ លើសពីនេះ ធនាគារ អ៊ូរី នឹងចាត់តាំងសិក្ខាកាមទាំងអស់ ដោយយោងតាមផែនទីបង្ហាញអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់យើង ដើម្បីត្រួសត្រាយពួកគេឱ្យត្រៀមលក្ខណសម្បត្តិសម្រាប់មុខតំណែងអ្នកគ្រប់គ្រងនាពេលអនាគតនៅធនាគារ អ៊ូរី។
លោក គីម ហុងជូ នាយកប្រតិបត្តិនៃធនាគារ អ៊ូរី ប្រចាំប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាបិទបញ្ចប់ដ៏មានអត្ថន័យថា “កម្មវិធី Talent Incubation Program គឺជាផ្នែកមួយនៃផែនការរបស់ធនាគារយើង ក្រោមគោលដៅជួយជ្រោមជ្រែងនិស្សិតបញ្ចប់ការសិក្សាថ្មីៗទាំងអស់ពីសាកលវិទ្យាល័យនានានៅកម្ពុជា។ បេក្ខជនជ័យលាភីត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីណ្តុះបណ្តាល របស់យើងនេះ ដោយសិក្សាបន្ថែមពីធនាគារយើង ដើម្បីអភិវឌ្ឍអាជីពរយៈពេលវែងនៅក្នុងធនាគាររបស់យើង”។
លោក គីម ហុងជូ បានបន្តថា “ខ្ញុំគិតថា កម្មវិធីនេះ គឺល្អខ្លាំងណាស់សម្រាប់អ្នករាល់គ្នាដែលមានបំណងចង់ទទួលបានបទពិសោធន៍ដំបូង តាមរយៈកម្មវិធីពង្រឹងសមត្ថភាពដ៏ទូលំទូលាយ ជួយអ្នកក្នុងការពន្លឿនកំណើនអាជីព និងភាពជោគជ័យរបស់អ្នក។ អ្នកពិតជាពិសេសពីបុគ្គលិកផ្សេងទៀត ដោយសារអ្នកមានឱកាសរៀននៅទូទាំងនាយកដ្ឋានទាំងមូលនៃធនាគារ អ៊ូរី ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបានឱកាសដ៏អស្ចារ្យនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចរៀនពីប្រតិបត្តិការអាជីវកម្មនៅការិយាល័យកណ្តាល ហើយក៏អាចទទួលបទពិសោធន៍
អាជីវកម្មពីការិយាល័យសាខាផងដែរ។ អ្នកទាំងអស់គ្នានឹងត្រូវផ្លាស់កន្លែងធ្វើការ ពីការិយាល័យកណ្តាលទៅការិយាល័យសាខាតាមកាលកំណត់ ហើយឆ្លាស់គ្នាមកវិញ នៅថ្ងៃអនាគត »។
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេមួយ ក្នុងចំណោមធនាគារពាណិជ្ជនានាក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍រហូតដល់ ៤,000 នាក់ជាង។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១.២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៧៣ លានដុល្លារ និងអតិថិជនជាង ៣៥៣,000 នាក់។
Click here to read about: កម្មវិធីទូរសព្ទដៃ WOORI WON ធ្វើអ្វីបានខ្លះ?