កាលពីមុននៅពេលមិនទាន់មានទម្លាប់ចាយវាយត្រឹមត្រូវ គួបផ្សំនឹងមិនចេះសន្សំទៀតនោះ ខែណាក៏ចាយលុយសល់ថ្ងៃដែរ រីឯរសជាតិជីវិតសល់លុយដូចគេឯងនោះ ដូចគ្មានសង្ឃឹមសោះ។ ប៉ុន្តែចាប់តាំងពីមានច្បាប់ទម្លាប់ចាយវាយលុយកាក់មក លុយក៏នៅសល់ច្រើនជាងមុនម្ដង ប៉ុន្តែបើសល់លុយចុងខែត្រូវតែចាយផ្ដាច់តែម្ដង ឬគួរយកទៅធ្វើអីផ្សេងវិញ?
សន្សំបន្ថែម (Emergency Fund)
ទោះកញ្ចប់លុយសម្រាប់មានអាសន្ននេះត្រូវបានយើងលើកមកនិយាយជាច្រើនលើករួចហើយក៏ដោយ ឬអ្នកបានសន្សំគ្រប់ចំនួនសម្រាប់លុយគ្រាអាសន្នរួចហើយក្ដី តែការដែលសល់លុយបង្ការលើសចំនួនក៏មិនខាតបង់អ្វីនោះទេ។
ដោះបំណុល (Debt)
ប្រសិនបើអ្នកកំពុងមានបំណុល គួរយកលុយដែលនៅទៅដោះស្រាយបំណុលដែលនៅសេសសល់ ដូចជា កាតឥណទាន ឬបំណុលធនាគារ ឬក៏សន្សំរក្សាទុកដើម្បីសងបំណុលផ្ដាច់ជាដើម។
ឧទាហរណ៍ថា អ្នកកំពុងដោះបំណុលតាមវិធីសាស្ត្រ Snowball Method អញ្ចឹង! លុយដែលសល់ គួរយកដោះស្រាយបំណុលសិន។ ការដោះស្រាយបំណុលកាន់តែឆាប់ វានឹងជួយកាត់បន្ថយអត្រាការប្រាក់ និងភាពស្ត្រេសរបស់អ្នកបានលឿនដូចគ្នា។
សន្សំលុយនោះដើម្បីយកទៅវិនិយោគ ឬរកស៊ីអាជីវកម្មតូចណាមួយ
ចាប់ផ្ដើមសន្សំលុយដែលនៅសល់នោះទុកសម្រាប់យកមកវិនិយោគបន្ថែមដូចជាសន្សំដើម្បីវិនិយោគលើភាគហ៊ុន សញ្ញាប័ណ្ណបំណុល វិស័យអចលនទ្រព្យ ឬអ្នកអាចចាប់ផ្ដើមអាជីវកម្មលក់អីវ៉ាន់តាមអនឡាញជាដើម។ វិធីសាស្ត្រយកលុយដើម្បីទៅបង្កើតលុយ គឺជាវិធីសាស្ត្រដ៏ល្អ ហើយវានឹងហុចផលចំណេញដល់យើងវិញក្នុងពេលណាមួយជាមិនខាន។
យកទៅរៀនវគ្គជំនាញថ្មីៗបន្ថែម
លុយដែលសល់ អ្នកអាចយកទៅចំណាយលើវគ្គសិក្សាខ្លីៗដើម្បីបង្កើនចំណេះដឹង ដែលវាជាចំណេះដឹងផ្នែកបច្ចេកទេស ជំនាញខ្លីៗណាមួយ។ អ្នកក៏អាចរៀនសូត្រជំនាញថ្មីណាមួយបន្ថែមដូចជា រៀនលេងហ្គីតា ព្យាណូជាដើម។ ក្រៅតែពីរៀនជំនាញទាំងនេះហើយ អ្នកក៏អាចសិក្សារៀនសូត្រខ្លួនឯងដោយការអានសៀវភៅ ស្វែងរកចំណេះដឹងថ្មីបន្ថែមទៀត។
ប្រសិនបើអ្នកនៅសល់ប្រាក់នៅចុងខែ បន្ទាប់ពីយកប្រើប្រាស់សម្រាប់ចំណាយចាំបាច់នីមួយៗ អ្នកច្បាស់ជាមនុស្សដែលយល់ដឹងច្បាស់ពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកជាមិនខាន ប៉ុន្តែសូមកុំទាន់អាលភ្លេចខ្លួន ដ្បិតថា លុយដែលនៅសល់ វាក៏មានមុខងាររបស់វាដូចគ្នា។ អញ្ចឹង! គួរប្រើប្រាស់លុយដែលសល់នោះឱ្យបានត្រឹមត្រូវ ចៀសវាងការប្រឹងប្រែងគ្រប់គ្រងលុយកាក់អ្នកបែរជាគ្មានន័យ៕