មកដល់ឆ្នាំ ២០២៣ នេះ បច្ចេកវិទ្យា AI មានការរីកចម្រើនខ្លាំងមែនទែន ឬយើងអាចហៅថាជាសម័យ AI។ ហើយអ្វីដែលគេកំពុងពេញនិយមជាងគេនោះគឺ ការរកប្រាក់ចំណូលដោយប្រើប្រាស់បច្ចេកវិទ្យា AI នេះតែម្ដង។ សម្រាប់ថ្ងៃនេះ អេដមីនចង់ចែករំលែកពីការងារចំនួន ៣ ដែលប្រើ AI ជាគោល។
ទី១. ប្រើ AI បង្កើតមាតិកាអនឡាញ
អ្នកទាំងអស់ប្រាកដជាធ្លាប់ឃើញហើយ មានវីដេអូជាច្រើននៅលើ YouTube ដែលគេប្រើប្រាស់សម្លេង និងរូបភាព AI។ ដោយយើងអាចប្រើប្រាស់កម្មវិធី AI ជាច្រើនដូចជា Chatgpt សម្រាប់សរសេរ Script វីដេអូ ប្រើកម្មវិធី Elevenlab សម្រាប់បង្កើតជាសម្លេង AI និងប្រើកម្មវីធី Midjourney សម្រាប់បង្កើតជារូបភាព។ បន្ទាប់មកយកវាទៅផ្គុំចូលគ្នាជាវីដេអូ ហើយបង្ហោះនៅលើបណ្ដាញសង្គមផ្សេងៗ ដើម្បីរកប្រាក់ចំណូលពីពាណិជ្ជកម្ម។ មួយវិញទៀត ក៏ផ្ដល់ភាពច្នៃប្រឌិតសម្បូរបែបដល់ Content Creator ដល់ Youtuber ឬ Freelancer ផងដែរ។
ទី២. បង្កើតស្នាដៃសិល្បៈចេញពី AI
សម្រាប់អ្នកចូលចិត្តគូរគំនូរ ឬការចនាក្រាហ្វិចឌីហ្សាញ អាចសាកល្បងរកប្រាក់ចំណូលជាមួយ AI តាមរយៈវិធីសាស្ត្រនេះបាន។ ដោយអ្នកទាំងគ្នាអាចប្រើកម្មវិធី AI ជាច្រើនដូចជា Midjourney ឬ Stable Diffusion សម្រាប់បម្លែងអក្សរទៅរូបភាព (text to image) ដើម្បីបង្កើតជារូបភាព ឬស្នាដៃសិល្បៈគំនូរផ្សេងៗ សម្រាប់ដាក់លក់ជារូបភាព NFT ឬក៏ព្រីនចេញជា Sticker ឬយកទៅបោះពុម្ពលើអាវ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់លក់ជាដើម។
ទី៣. បើកថ្នាក់បង្រៀនអនឡាញពីរបៀបប្រើប្រាស់កម្មវិធី AI
ថ្វីត្បិតថាបច្ចេកវិទ្យា AI ផ្ដល់ភាពងាយស្រួលមែន ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចេះប្រើប្រាស់នោះទេ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នា មានភាពស្ទាត់ជំនាញក្នុងប្រើប្រាស់ AI ទាំងអស់នេះ អ្នកទាំងអស់គ្នាក៏អាចបង្កើតថ្នាក់បង្រៀនតមអនឡាញ ពីរបៀបប្រើប្រាស់កម្មវិធី AI នីមួយៗ ឬក៏បង្កើតជាវីដេអូបង្ហោះលើ YouTube ដើម្បីរកប្រាក់ចំណូលពីពាណិជ្ជកម្មបន្ថែមផងដែរ។
សរុបមកវិញ បច្ចេកវិទ្យា AI មិនត្រឹមតែអាចជួយសម្រួលដល់ការងារមនុស្សទេ តែក៏អាចជាវិធីសាស្ដ្រថ្មីក្នុងការរកប្រាក់ចំណូលផងដែរ។ ក៏ប៉ុន្ដែវាក៏ត្រូវការពេលវេលា និងអាស្រ័យលើការព្យាយាមរបស់យើងពីលើបន្ថែមទៀត ទើបអាចទទួលបានជោគជ័យក្នុងការរកប្រាក់ចំណូលពីវិស័យបច្ចេកវិទ្យាមួយនេះ៕