ចុងសប្ដាហ៍មិនទាន់ទេ ឆាតសួរមិត្តភក្ដិ “ផឹកហី?”។ ការងារកំពុងតែស្ត្រេសផង ត្រូវមាត់មេផង បានគេបបួល ទៅព្រុយ ចាំអង្កាលទៀត! ការហូបប៊ីយ៊ែរ បើយើងស្ដាប់ទៅ អ្វីដែលយើងគិតដល់ដំបូងគេនោះគឺវានៅតែប៉ះពាល់ដល់សុខភាពរាងកាយ និងប្រាជ្ញាស្មារតី តែអ្វីដែលស៊ីជម្រៅជាងនេះទៀត គឺវាប៉ះពាល់សុខភាពហិរញ្ញវត្ថុនេះតែម្ដង។ បើសំណួរចោទសួរមកលើយើងទាំងអស់គ្នាថា ទទួលទានប៊ីយែរប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនឬអត់? ចម្លើយ គឺវាប៉ះពាល់ផង និងមិនប៉ះពាល់ផង។
ញ៉ាំពេលណា របៀបម៉េចទើបមិនប៉ះពាល់?
លុះត្រាតែយើងញ៉ាំក្នុងបរិមាណតិចតួច និងយូរៗម្ដងក្នុងឱកាសជួបជុំបងប្អូន សាច់ញាតិពេលថ្ងៃសម្រាក បុណ្យទានជាដើម ដែលជាទូទៅយើងតែងនិយាយថា “ផឹកមួយបាយឆ្ងាញ់” មិនមែនល្ងាចឡើងដាក់តុ កៅអីអង្គុយផឹក រហូតដល់ពាក់កណ្ដាលអធ្រាត្រនោះទេ។ ម្យ៉ាងទៀត អ្នកក៏ត្រូវចេះមើលស្ថានភាពដែរ ឧទាហរណ៍ថាអ្នកចូលរួមពិធីមង្គលការ ដោយអង្គុយនៅតុដែលសុទ្ធតែអ្នកដទៃដែលលោកអ្នកមិនស្គាល់ ឬពិធីជប់លៀងដែលប្រមូលផ្ដុំទៅដោយមិត្តរួមការងារ ហើយមានគេចាប់បង្ខំឲ្យជល់កែវ លើកដាច់ជាញឹកញយនោះ អ្នកមានសិទ្ធិក្នុងការបដិសេធ និងអាចដើរចេញបាន ព្រោះលោកអ្នកត្រូវគិតដល់ក្រុមគ្រួសារដែលកំពុងចាំដំណើរ គិតគូរអំពីសុវត្ថិភាពខ្លួនឯងក្នុងការបើកបរពេលមេឃងងឹត។
‣ ចុះក្នុងករណីវាប៉ះពាល់វិញ? ពេលណាដែលលោកអ្នកទទួលទានប៊ីយែរច្រើនលើសកំណត់ និងមិនលុះថ្ងៃ លោកអ្នកនឹងប្រឈមមុខជាមួយបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
ភាពអវិជ្ជមានទៅលើហិរញ្ញវត្ថុផ្ទាល់ខ្លួននេះ ឆ្លុះបញ្ចាំងតាមរយៈទិដ្ឋភាព ៤យ៉ាងដូចតទៅ៖
➊. ចំណាយលើថ្លៃប៊ីយែរ
ប៊ីយែរពុំមានតម្លៃថោក ដូចមនុស្សមួយចំនួនគិតទេ។ ប្រសិនបើអ្នកទៅក្លឹប ផាប់ ឬបារ អ្នកនឹងរំពឹងទៅលើការចំណាយខ្ទង់ ៥ ទៅ ៩ដុល្លារក្នុងមួយដប។ បើសិនលោកអ្នកផឹកពីរដបក្នុងមួយយប់ ៣ថ្ងៃក្នុងមួយសប្ដាហ៍ អ្នកនឹងចំណាយចន្លោះពី ១២០ ទៅ ២១៦ដុល្លារក្នុងមួយខែ។ ចំណូលប្រចាំខែ ៥០០ ដុល្លារ បើគ្រាន់តែចាយទៅលើប៊ីយែរ អ្នកគ្មានថ្ងៃរស់នៅជាមួយសេរីភាពហិរញ្ញវត្ថុទេ។ ចំណូលប្រចាំថ្ងៃ និងប្រាក់ខែ គួរតែបានទៅលើការចំណាយលើរបស់របរចាំបាច់ក្នុងជីវភាព ការសន្សំ និងការវិនិយោគ ជាជាងទិញប៊ីយែរហូប។ លុយដែលចំណាយលើទិញប៊ីយែរនេះ បើយកទៅសន្សំនៅធនាគារ នឹងជួយលោកអ្នកអាចសងបំណុលពេលអ្នកចូលវ័យចំណាស់ទៅ ប្រើសម្រាប់តំហែទាំសុខភាព សម្រាប់ដំណើរកម្សាន្តទេសចរណ៍ កសាងជីវិតមានន័យមួយក្រោយពេលចូលនិវត្តន៍។
➋. បាត់បង់ប្រាក់ចំណូល
ការបរិភោគប៊ីយែរច្រើន ឈានទៅដល់ស្ថានភាពស្រវឹង បណ្ដាលឲ្យចំណូលបាត់បង់ក្នុងរូបភាព២យ៉ាង គឺទី១ ការហូបប៊ីយែរអាចធ្វើឲ្យសុខភាពយើងមិនមាំមួន ប៉ះពាល់ដល់ដំណើរការខួរក្បាល និងបេះដូង ដែលជាហេតុឲ្យយើងមិនអាចបំពេញកិច្ចការបានល្អ មកធ្វើការយឺតយ៉ាវ ក្រុមហ៊ុនបាត់បង់ប្រយោជន៍ អវត្តមានញឹកញាប់ និងអាចឈានទៅដល់ការបណ្ដេញចេញពីស្ថាប័នការងារផងដែរ។ និងទី២នោះគឺ ការស្រវឹងជាដើមចមធ្វើឲ្យចំណេះដឹងរបស់យើងមានការធ្លាក់ចុះ។ សិស្សនិស្សិតបញ្ចប់វិទ្យាល័យ ឬមហាវិទ្យាល័យ ដែលចូលចិត្តញ៉ាំប៊ីយែរ នឹងទទួលបានចំណូលទាបជាងគេឯទៀត។ លោកអ្នកជាបង្អែកហិរញ្ញវត្ថុចម្បងក្នុងរង្វង់គ្រួសារ ប្រសិនបើលោកអ្នកបាត់បង់ចំណូល និងមិនបានជាវសេវាធានារ៉ាប់រងទៀតនោះ តើបាននរណាជាអ្នកផ្គត់ផ្គង់សមាជិកគ្រួសារទៅមុខទៀត?
➌. ថ្លៃខូចខាត និងថ្លៃព្យាបាល
ចេញពីញ៉ាំប៊ីយែរ ស្រវឹងជោគជាំយប់ឡើងបើកឡាន ឬជិះម៉ូតូ ប៉ូលីសហៅវាស់កម្រិតជាតិអាល់កុល ឃើញថាលើសបរិមាណអតិបរមា លោកអ្នកនឹងត្រូវអស់លុយលើការផាកពិន័យជាដើម។ ករណីបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯង ប៉ះពាល់ដល់អ្នកដំណើរដទៃទៀត ឬបុកបង្គោលភ្លើង ពំនុះទ្រូងផ្លូវ របងផ្ទះគេឯង អ្នកជាមនុស្សម្នាក់គត់ដែលត្រូវចេញមុខទទួលខុសត្រូវដោះស្រាយ សងថ្លៃខូចខាត ឬពេលយើងរបួសធ្ងន់ស្រាល យើងត្រូវចំណាយលើថ្លៃព្យាបាលនៅមន្ទីរពេទ្យ ខាតបង់ទាំងលុយកាក់ និងពេលវេលា។
➍. ជំរុញឲ្យយើងងាយចាយលុយ
អ្នកដឹងទេថា ការផឹកប៊ីយែរមុននឹងចេញទៅទិញអីវ៉ាន់ អាចធ្វើឲ្យអ្នកចំណាយលើសកំណត់ ពោលគឺទិញរបស់តាមចំណង់។ ក្រោមឥទ្ធិពលនៃជាតិស្រវឹង មនុស្សលេងល្បែងកាន់តែច្រើន។ ហេតុនេះហើយ នៅក្នុងកាស៊ីណូ ផ្ដល់សេវាកម្មគ្រឿងស្រវឹងយ៉ាងច្រើនជុំវិញតុល្បែង។ ជាការល្អ ការហូបប៊ីយែរ គួរតែនៅឲ្យឆ្ងាយពីកន្លែងចាយលុយ ហើយគួរតែទុកកាតធនាគារឲ្យជ្រៅក្នុងកាបូបលុយ ទើបយើងមិនទិញអីវ៉ាន់អនឡាញផ្ដេសផ្ដាស។
យើងឃើញថា គុណវិបត្តិដែលបណ្ដាលមកពីការញ៉ាំប៊ីយែរ គឺប៉ះពាល់ទៅលើបញ្ហាហិរញ្ញវត្ថុ ច្រើនជាងមិនប៉ះពាល់។ ដូចនេះ មុននឹងសម្រេចចិត្ត ទទួលទានគ្រឿងស្រវឹង សូមគិតគូរដល់ក្រុមគ្រួសារ ខ្លួនឯង និងជាពិសេសគឺភាពអវិជ្ជមានដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ការបរិភាគប៊ីយែរច្រើនហួសកម្រិត មិនល្អសោះឡើយចំពោះសុខភាពលុយកាក់។
គេតែងតែនិយាយ ញ៉ាំប៊ីយ៉ែគឺជាការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញ ជួបជុំសប្បាយជាមួយគ្រួសារ មិត្តភក្ដិ។ តើការជួបជុំនេះ អាចពិសាភេសជ្ជៈផ្សេងទៀត ជំនួសឲ្យការបរិភោគគ្រឿងស្រវឹង ជាពិសេសប៊ីយែរបានឬទេ? 🤔
Click here to read more about: Beer Health Benefits: 10 reasons beer is not bad for you