ក្នុងសង្គមសព្វថ្ងៃ យើងតែងសង្កេតឃើញការប្រៀបធៀបគ្នាទៅលើផ្នែកជាច្រើនជុំវិញជីវិតរៀងខ្លួន មិនថារឿងជីវិត ការងារ ឬប្រាក់ខែតែម្ដង។ ដ្បិតការប្រៀបធៀបអាចនាំទាំងផលរឿងល្អ និងអាក្រក់ តែជារឿយៗ ផលអាក្រក់តែងកើតមានច្រើនជាងផលល្អ ជាពិសេសគឺផលប៉ះពាល់ដល់ផ្នែកអារម្មណ៍មុនគេ។
អ៊ីចឹងហើយ ថ្ងៃនេះ យើងនឹងលើកយកហេតុផលមួយចំនួនដែល អ្នកមិនគួរប្រៀបធៀបចំណូលខ្លួនឯងទៅនឹងអ្នកដទៃ។
➊. បាក់ទឹកចិត្ត
ផលប៉ះពាល់ដែលអ្នកទទួលបានមុនគេ នៅពេលដែលអ្នកប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ គឺអារម្មណ៏មួយដែលគិតថាខ្លួនឯងអន់ តូចចិត្តចំពោះអ្វីដែលខ្លួនឯងកំពុងមាន។ ការដែលមានអារម្មណ៍បែបនេះយូរៗទៅ នឹងធ្វើឲ្យអ្នកចាប់ផ្តើមបាក់ទឹកចិត្តមិនចង់បន្តអ្វីដែលខ្លួនកំពុងធ្វើ ព្រោះគិតថាធ្វើយ៉ាងម៉េចក៏មិនបានចំណូលច្រើនដូចគេ ហើយចំណុចដែលអាក្រក់ជាងគេគឺ ការមើលងាយខ្លួនឯង ដែលជាកត្តាមួយមិនធ្វើឲ្យខ្លួនឯងរីកចម្រើនទៅមុខនោះទេ។ នៅពេលយើងយកចំណុចមិនល្អរបស់យើងទៅប្រៀបធៀបជាមួយចំណុចខ្លាំង ឬល្អរបស់គេ យើងមុខជាបាត់បង់តម្លៃខ្លួន។
ប្រាក់ចំណូលរបស់ម្នាក់ៗខុសគ្នាអាស្រ័យលើតួនាទី មុខងារ កាតព្វកិច្ច និងទំនួលខុសត្រូវ។ អ្នកខ្លះក៏រកបានច្រើន អ្នកខ្លះក៏បានរកតិច យើងមានបំណងចង់បានជីវិតដូចគេ តែក៏មានមនុស្សមិនតិចនាក់ទេ ដែលចង់បានជីវិតដូចជាយើង។
➋. បាត់បង់គោលដៅផ្ទាល់ខ្លួន
នៅពេលដែលអ្នកផ្តោតទៅលើតែអ្នកផ្សេង អ្នកមុខជាភ្លេចគិតពីខ្លួនឯង ព្រោះរវល់តែតាមដានអំពីជីវិត និង រឿងលុយកាក់របស់គេ។ ប្រសិនបើរវល់តែប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ អ្នកនឹងមានពេលកាន់តែតិចក្នុងការអភិវឌ្ឍខ្លួនឯង ឬមិនបានរៀនសូត្រអ្វីថ្មីៗពីអ្នកជុំវិញខ្លួនទៅវិញទេ។ ជំនួសដោយចំណាយពេលប្រៀបធៀបហើយមិនធានាបានតែផលល្អទេនោះ យើងអាចបង្វែរមកជាការសួរនាំ សុំជាដំបូន្មាន ការប្រឹក្សាដើម្បីអាចយកមកកែលម្អខ្លួនវិញម្ដង។
➌. ប្រៀបធៀបខុស
ការប្រៀបធៀបអាចធ្វើទៅបានលុះត្រាតែកម្មវត្ថុនោះមានលក្ខណៈដូចគ្នា នៅលក្ខខណ្ឌដូចគ្នា និងមានខ្នាត ឬស្តង់ដារត្រឹមត្រូវសម្រាប់វាស់វែង។ ចំពោះការប្រៀបធៀបចំណូលវិញ ទោះបីខ្នាតវាជាលុយ ដែលអាចរាប់បានពិតមែន តែលក្ខខណ្ឌនៃការងារ និងកត្តារស់នៅរបស់អ្នកខុសៗពីគ្នា។ អ្នកអាចធ្វើការនៅកន្លែង តែមួយពិតមែន តែប្រាក់ខែអាចខុសគ្នាដោយសារតែទំនួលខុសត្រូវការងាររបស់អ្នកខុសគ្នា ហើយចំណូល នេះក៏មិនបានបញ្ជាក់ពីតម្លៃ និងសមត្ថភាពទាំងអស់របស់អ្នកដែលមានទេ។
➍. កើតជាទម្លាប់ប្រៀបធៀប
ការប្រៀបធៀបជារឿងដែលមិនអាចជៀសផុតឡើយសម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែប្រសិនបើយើងបណ្តោយ ឲ្យការគិតប្រៀបធៀបប្រកួតប្រជែងបែបនេះរហូតទៅ វានឹងកើតជាអារម្មណ៏មិនល្អឃើញតែពីភាពអវិជ្ជមាន និង កើតជាទម្លាប់អាក្រក់។ ពេលខ្លះអ្នកគ្រាន់តែចង់ប្រៀបធៀបចំណូលជាមួយមិត្តភក្តិលេងៗ តែយូរទៅអ្នកអាចលួច ប្រៀបធៀបជាមួយអ្នកនេះ អ្នកនោះ មិនមែនតែរឿងចំណូលតែមួយមុខនោះទេ តែមានរឿងច្រើនទៀតដូចជា របៀបនៃការរស់នៅ ការស្លៀកពាក់ ឡាន ផ្ទះជាដើម។ លើសពីនេះទៅទៀត សេចក្តីសុខរបស់អ្នកនឹងស្ថិតនៅលើ ការប្រៀបធៀបនេះឯង ប្រសិនបើល្អជាងគេក៏សប្បាយចិត្ត តែបើមិនបានល្អក៏កើតទុក្ខ។
ការប្រៀបធៀបអាចជាកម្លាំងជំរុញអ្នកឲ្យដើរទៅមុខបាន លុះត្រាអ្នកប្រៀបធៀបក្នុងន័យល្អនិងកែលម្អខ្លួន។ តែប្រសិនបើអ្នកមិនអាចគ្រប់គ្រង ចិត្តខ្លួនឯងមិនឲ្យប្រៀបធៀបក្នុងន័យចង់ឈ្នះចាញ់បាននោះទេ អ្នកប្រាកដជាមិនមានក្តីសុខ ហើយមិនរីកចម្រើនឡើយ។ អ្វីដែលអ្នកត្រូវចាំនោះគឺ អ្នក និងអ្នកផ្សេងមិនដូចគ្នានោះទេ ត្រូវផ្តោតទៅលើខ្លួនឯងឲ្យបានច្រើនជាងការចាំសង្កេតមើលជីវិតអ្នកដទៃ កំណត់គោលដៅខ្លួន ហើយព្យាយាមសម្រេចវាទៅតាមជំហាន កុំខ្វល់ថាគេដល់ចំណុចណា សំខាន់ឲ្យតែអ្នកកំពុងតែដើរទៅមុខ៕