ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន ចំណែកឯការទិញទំនិញក៏កាន់តែមានភាពងាយស្រួលជាងមុន។ យើងអាចសង្កេតឃើញថា តាំងពីមានវត្តមានជំងឺកូវីដមក ការបញ្ជាទិញទំនិញនាពេលបច្ចុប្បន្នកាន់តែរហ័សជាងមុន បើធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ ផ្សារអនឡាញក៏រីកដូចផ្សិត មានទាំងបញ្ជាទិញតាមគេហទំព័រ និងតាមកម្មវិធីទូរស័ព្ទដែលកំពុងមានភាពពេញនិយមក្នុងប្រទេសយើង។ យើងមិនត្រឹមតែអាចកុម៉្មង់ទិញបានក្នុងប្រទេសប៉ុណ្ណោះទេ យើងក៏អាចទិញមកពីបរទេសដូចជាប្រទេសចិន និងអាមេរិចជាដើម។
ថ្ងៃនេះ យើងនឹងពាំនាំផ្សារអនឡាញអន្តរជាតិដែលកំពុងមានសន្ទុះក្នុងប្រទេសយើងចំនួន៤មកចែករំលែកជាការយល់ដឹង។
🛒 Taobao ៖
មានមូលដ្ឋាននៅប្រទេសចិន មានទម្រង់ជា mobile app ផង និងគេហទំព័រផង។ Taobao មានលក់ទំនិញច្រើនមុខច្រើនប្រភេទ តាំងពីសំលៀកបំពាក់ សម្ភារៈតុបតែងគេហដ្ឋាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ -ល- រីឯតម្លៃក៏ថោកសមរម្យ ជាពិសេសពេលមានកម្មវិធីបញ្ចុះតម្លៃក្នុងឱកាសបុណ្យទានផ្សេងៗដូចជា ថ្ងៃ 11 ខែ 11 (11.11 sale) បុណ្យចូលឆ្នាំចិនជាដើម។ ប៉ុន្តែដោយសារ Taobao មានមូលដ្ឋាននៅប្រទេសចិន គេប្រើភាសាចិនជាភាសាគោលនៅក្នុង platform។ ដូចនេះ សម្រាប់អ្នកអត់ចេះភាសាចិនអាចពិបាកបន្តិច។ តែអ្នកអាចប្រើប្រាស់សេវាភ្នាក់ងារជួយទិញឲ្យដោយគេនឹងគិតថ្លៃសេវាមួយចំនួនទៅតាមលក្ខខណ្ឌក្រុមហ៊ុនផ្សេងគ្នា។ ទោះយ៉ាងណា អេដមីនសូមដាស់តឿនបន្តិចផងថា កុំឃើញតម្លៃធូរថ្លៃៗ ចុចចូលកន្ត្រកចុះឡើងៗភ្លេចខ្លួន ប្រយ័ត្នដាច់ខែដាច់ស្បៀងណា៎! 😌
🛒 AliExpress ៖
ជាផ្នែកមួយនៃក្រុមហ៊ុន Alibaba Group បង្កើតដោយលោក Jack Ma និងមានមូលដ្ឋាននៅប្រទេសចិនដូច Taobao ដែរ។ AliExpress មានទាំងគេហទំព័រ និង mobile app ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ បើនិយាយពីប្រភេទទំនិញវិញ AliExpress មានលក់ទំនិញគ្រប់ប្រភេទ ដែលតម្លៃក៏ប្រហាក់ប្រហែលទៅនឹងតម្លៃទំនិញក្នុង Taobao ដែរ។ តែចំណុចពិសេសគឺនៅត្រង់ថា ក្នុង AliExpress អ្នកអាចប្រើប្រាស់ភាសាអង់គ្លេសបាន។ អ៊ីចឹងវាមានភាពងាយស្រួលបន្តិចសម្រាប់អ្នកមិនចេះភាសាចិន ព្រោះអាចបញ្ជាទិញអីវ៉ាន់ខ្លួនឯងបាន ដោយមិនចាំបាច់ប្រើសេវាភ្នាក់ងារជួយទិញដែលផ្ទុយពី TaoBao។
🛒 Amazon ៖
ជាគេហទំព័រ និងមានមូលដ្ឋាននៅប្រទេសអាមេរិច។ Amazon ចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ១៩៩៤ មានមុខទំនិញច្រើនបែបច្រើនយ៉ាង ជាមួយនឹងតម្លៃសមរម្យ។ ប៉ុន្តែមានបញ្ហាប្រឈមនឹងការដឹកជញ្ជូនឆ្លងប្រទេស និងពន្ធមួយចំនួន ដោយពេលខ្លះថ្លៃសេវាទាំងនេះអាចនឹងមានតម្លៃលើសថ្លៃទំនិញដែលយើងកុម្ម៉ង់ទៅទៀត។ តែអ្នកអាចប្រើប្រាស់សេវាភ្នាក់ងារនៅខ្មែរឲ្យគេជួយទិញ ដើម្បីកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូនពីអាមេរិចមកខ្មែរ។ វាជាជម្រើសពេញនិយមសម្រាប់អ្នកដែលចង់ធានាបានគុណភាពទំនិញ ដ្បិតអាចបញ្ជាទិញផ្ទាល់ដោយខ្លួនឯងពីប្រទេសអាមេរិច។
🛒 Lazada៖
មានទាំងគេហទំព័រ ទាំង mobile app និងមានវត្តមាននៅ ៥ប្រទេសគឺ សឺង្ហបុរី ម៉ាឡេសុី ឥណ្ឌូនេសុី ហ្វីលីពីន វៀតណាម និងថៃ។ Lazada ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ហើយក្រោយមកក្លាយជា platform លក់ទំនិញពិសេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ Alibaba Group ក្នុងឆ្នាំ ២០១៦។ ដូចផ្សារទាំង ៣ ខាងលើដែរ ដោយសារតែទំនិញនៅក្នុង Lazada មានតម្លៃថោក រួមជាមួយនឹងជម្រើសនៃហាងទំនិញជាច្រើន ទើប Lazada ទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ ចំណែកឯអតិថិជនក៏អាចរកទំនិញដែលពួកគេអាចទុកចិត្តលើគុណភាពបានដូចគ្នា។ យ៉ាងណាមិញ Lazada មិនទាន់មានសេវាដឹកជញ្ជូនផ្ទាល់មកកាន់ប្រទេសកម្ពុជានោះទេ ទើបកន្លងមកនេះ អ្នកទិញទំនិញពី Lazada ត្រូវប្រើប្រាស់សេវាកម្មភ្នាក់ងារជួយទិញ។
ដូចបានរៀបរាប់ខាងលើ ផ្សារអនឡាញទាំងអស់នេះកំពុងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាច្រើន ដោយសារតែតម្លៃដ៏សមរម្យ ភាពងាយស្រួលក្នុងការទិញទំនិញតាមអនឡាញ និងចំណេញពេលវេលា ព្រោះមិនចាំបាច់ទាល់តែធ្វើដំណើរទៅដល់ប្រទេសទាំងនោះទើបអាចទិញរបស់ដែលខ្លួនចង់បាន។ ឥលូវដល់វគ្គអេដមីនចង់ដឹងពីប្រិយមិត្តវិញម្ដង ថាតើរាល់ដងកុម្ម៉ង់ទំនិញមកពីណាខ្លះ?
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។