អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺជាគេនិយាយពាក្យមួយចំនួនហើយមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ដូចជា “មួយជីវិតមានតែម្តង បើស្រលាញ់ក៏ធ្វើទៅ” ជាដើម។ ទំនោរនៃគំនិតទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លះមកមនុស្សសម័យថ្មី ដែលវាបានផ្តល់ទាំងគុណសម្បត្តិនិងគុណវិបត្តិ។ ថ្ងៃនេះអេដមីននឹងពាំនាំនូវទំនោរគំនិតមួយចំនួនដែលអេដមីនគិតថាមានឥទ្ធិពលមកលើទាំង millennials និង GenZ។
YOLO “មួយជីវិតមានតែម្តង”
ពេលដើរផ្សារឃើញរបស់ថ្លៃ ហើយស្រលាញ់ជាប់ចិត្ត រួចក៏ខ្សឹបប្រាប់ខ្លួនឯងថា “មួយជីវិតមានតែម្តង ទិញសិនទៅលុយរកបានតាមក្រោយ”។ ការគិតបែបនេះវាផ្តល់ទាំងគុណសម្បត្តិនិងគុណវិបត្តិ។ គុណសម្បត្តិត្រង់ថាអ្នកនឹងមានអារម្មណ៍សប្បាយចិត្តមួយឆាវ និងបំពេញចំណង់ខ្លួន។ រីឯគុណវិបត្តិវិញគឺវាអាចនឹងជះឥទ្ធិពលមកលើចំណូលចំណាយប្រចាំខែរបស់អ្នក។
FOMO ភាពភ័យខ្លាចមិនចូលចំណោមគេ
គំនិតមួយនេះចង់បង្ហាញអំពីអារម្មណ៍ដែលដាច់ខាតគឺត្រូវដើរឲ្យតាមទាន់សង្គមសុីវីល័យ ព្រោះភ័យខ្លាចថាខ្លួនឯងជាមនុស្សចូលសង្គមមិនចុះ ឬមិនទាន់សម័យ។ ការគិតបែបនេះបើទោះបីជាមានគុណសម្បត្តិមួយចំនួន ប៉ុន្តែវាធ្វើឲ្យហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់យើងមានហានិភ័យខ្ពស់ និងផ្លូវចិត្តពុំមានភាពស្ងប់ឡើយ។
JOMO ភាពរីករាយពីការឃ្លាតឆ្ងាយពីសង្គម
ចុងក្រោយគេនេះ ប្រហែលជាក្រុមមនុស្ស introvert អាចនឹងមានអារម្មណ៍ត្រូវខ្លួនឯងច្រើន អារម្មណ៍ដែលចង់ចាកចេញឲ្យឆ្ងាយពីសង្គម មិនចង់ទំនាក់ទំនងជាមួយមនុស្សខាងក្រៅ។ អាចថាគំនិតមួយនេះវាល្អ ល្អត្រង់ថាអាចឲ្យយើងស្វែងរកភាពស្ងប់ក្នុងខ្លួន មិនត្រូវការចំណាយលុយច្រើនចេញទៅក្រៅ និងអាចស្វែងយល់ពីខ្លួនឯងឲ្យបានច្រើន។ ប៉ុន្តែវាក៏បានផ្តល់ផលប៉ះពាល់មួយចំនួនដូចជា មានអារម្មណ៍ឯកា គ្មានអ្នកនិយាយអារម្មណ៍ក្នុងចិត្តជាមួយ ពេលខ្លះអាចធ្វើឲ្យមានជំងឺខ្លាចសង្គម។