“នឿយមុន ស្រណុកក្រោយ”
ពាក្យស្លោកមួយដែលចាស់ៗតែងតែណែនាំជារឿយៗ..
ចុះឥឡូវ ដល់វ័យដែលចាប់ផ្ដើមយល់អត្ថន័យពាក្យនេះឬនៅ?
ចាស់ៗពីដើមតែងឲ្យតម្លៃភាពឧស្សាហ៍ព្យាយាម។ ពេលនៅវ័យរៀន គាត់តែងទូន្មានឲ្យយើងខំរៀន។ លុះដល់ពេលចូលធ្វើការ គាត់ក៏ណែនាំឲ្យយើង ប្រឹងប្រែងធ្វើការរកលុយទាន់ខ្លួននៅក្មេង។
តើហេតុផលអ្វីខ្លះទៅបានជាគាត់តែងឲ្យដំបូន្មានឲ្យខំប្រឹងប្រែងរកលុយទាន់ខ្លួននៅក្មេងដូចនេះ?
-នៅក្មេងមានពេលវេលាច្រើន
ពេលយើងចាប់ផ្ដើមចេញធ្វើការរកលុយពីក្មេង យើងមានពេលវេលាច្រើនក្នុងការធ្វើការ និងស្វែងរកការងារយើងចូលចិត្ត។ យើងអាចរៀនសូត្រ ដកស្រង់បទពិសោធន៍ ឬជំនាញផ្សេងៗពីការងារទាំងនោះ។ បើរកការងារបានហើយ ត្រូវនឹងជំនាញហើយ តែដូចមិនស្រលាញ់ចូលចិត្តទេនោះ យើងមានពេលច្រើនក្នុងការចាប់ផ្ដើមសារជាថ្មី។ ឆ្លងកាត់ពេលវេលា និងការងារជាច្រើន យើងអាចសន្សំបានទាំងបទពិសោធន៍ និងជំនាញល្អៗសម្រាប់ការងារថ្ងៃមុខបន្តទៀត។
– នៅក្មេងទាន់មានកម្លាំង
មិនថាការងារ ឬរបររកស៊ីទេ សុទ្ធតែទាមទារការយកចិត្តទុកដាក់ ប្រើកម្លាំងកាយកម្លាំងចិត្ត ប្រឹងប្រែងអស់ពីលទ្ធភាពទើបទទួលបានលទ្ធផលល្អ។ ការងារមួយណាក៏មានសម្ពាធ និងបញ្ហាដែរ ហេតុនេះនៅវ័យក្មេងជាពេលវេលាល្អបំផុត ដែលយើងមានកម្លាំងកាយ កម្លាំងចិត្តពេញលេញ ប្រឈមនឹងសម្ពាធ និងឧបសគ្គផ្សេងៗ។ ទាន់កំពុងពេញកម្លាំង ខំធ្វើការផង និងមានការរកស៊ីបន្ថែមផង បង្កើតប្រភពចំណូល ២ ទៅ ៣ ក្នុងពេលតែមួយក៏ជារឿងល្អ។ កាលណាអាយុរាងជ្រេ យើងនឹងចាប់ផ្ដើមមានអារម្មណ៍ថាងាយនឿយហត់ អស់កម្លាំងហើយ។
-មិនទាន់មានជាប់បន្ទុកច្រើន
នៅក្មេង មិនទាន់មានដៃគូ ឬគ្រួសារ យើងមានពេលច្រើនផ្តោតទៅលើការងារ ឬប្រឹងតែរកលុយ។ សៅរ៍ អាទិត្យ អាចថែមម៉ោង ធ្វើការដល់យប់ជ្រៅ ក៏មិនជាបញ្ហា មិនចាំបាច់ខ្វល់ ឬប៉ះពាល់ដល់អារម្មណ៍អ្នកណា។ តែពេលមានគ្រួសារ ត្រូវបែងចែកពេលវេលាជាច្រើនផ្នែក មិនអាចផ្តោតសំខាន់តែលើរឿងការងាររកលុយមួយមុខទៀតបានទេ។ ម្យ៉ាងទៀត ពេលនៅខ្លួនមួយ យើងអាចសម្រេចចិត្តបានដោយខ្លួនឯង ដោយមិនត្រូវការការអនុញ្ញាត ឬពិភាក្សាវែងអន្លាយឡើយ។ តែដល់ពេលមានគ្រួសារ មានបន្ទុក មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវពិចារណា គិតគូរវែងឆ្ងាយ។
– អាចឆាប់បានចូលនិវត្តន៍
ដូចពាក្យស្លោកដែលចាស់ៗតែងពោលខាងលើអ៊ីចឹង បើយើងប្រឹងរក ប្រឹងសន្សំ ប្រឹងវិនិយោគតាំងពីក្មេង នៅអាយុខ្ទង់សែ ឬហាសិបឆ្នាំ យើងអាចឆាប់ឈានដល់ដំណាក់កាលសម្រេចបានសេរីភាពហិរញ្ញវត្ថុ។ ដល់ពេលនោះ មានប្រភពចំណូលនឹងនរហើយ យើងអាចបន្ថយល្បឿនរកលុយបន្តិច ហើយយកពេលនោះទៅសម្រាក ទៅធ្វើអ្វីដែលយើងចូលចិត្ត ដោយមិនចាំបាច់ព្រួយបារម្ភពីប្រាក់ចំណូលទៀតឡើយ។
ហេតុដូច្នេះហើយ ទាន់នៅក្មេង មានពេលវេលាច្រើន នៅមានកម្លាំង និងមិនទាន់ជាប់ជំពាក់ជាមួយចំណងជុំវិញខ្លួនច្រើន យល់ល្អ អ្នកគួរប្រញាប់ខិតខំប្រឹងប្រែងកសាងមូលដ្ឋានហិរញ្ញវត្ថុផ្ទាល់ខ្លួនចាប់ពីពេលនេះទៅ៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។
Click here to read more: 10 Best Ways to Save Money