វិបត្តិសេដ្ឋកិច្ច ឬ Recession ជាការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅតំបន់ភូមិសាស្ត្រ ឬប្រទេសមួយ។ ជាធម្មតា នៅពេលមានវិបត្តិសេដ្ឋកិច្ច ប្រជាជនដែលរស់នៅក្នុងប្រទេស នោះនឹងជួបវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ តួយ៉ាងដូចមានសេដ្ឋកិច្ចប្រទេសអាឡឺម៉ង់នៅក្រោយសង្គ្រាមលោកលើកទី២ និងប្រទេសរ៉ុស្សីពេលបច្ចុប្បន្ន ជាឧទាហរណ៍ស្រាប់!
តើប្រិយមិត្តកាក់សេនយល់ពីវិបត្តិសេដ្ឋកិច្ចដល់កម្រិតណាដែរ? កុំភ្លេចចូលអានមាតិកានេះឲ្យដល់ចប់ ដើម្បីស្វែងយល់ ពីផលប៉ះពាល់ និងគន្លឹះមួយចំនួន!
វិបត្តិសេដ្ឋកិច្ច គឺនៅពេលដែលដំណើរការសេដ្ឋកិច្ចមានការធ្លាក់ចុះក្នុងតំបន់ភូមិសាស្រ្ត ឬ ប្រទេសណាមួយក្នុងរយ:ពេលយូរជាងពីរទៅបីខែឡើង។
ភាគច្រើនគេចំណាំវិបត្តិសេដ្ឋកិច្ចតាមរយៈ៖
– កំណើនអត្រាគ្មានការងារធ្វើខ្ពស់ (High Unemployment Rate)
– ការធ្លាក់ចុះនៃសកម្មភាពឧស្សាហកម្ម ឬ ការកើនឡើងតម្លៃផលិតផលទីផ្សារ
– អត្រាធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប (Negative Gross Domestic Product or GDP)
មូលហេតុដែលអាចធ្វើឲ្យវិបត្តិសេដ្ឋកិច្ច
មូលហេតុដែលអាចធ្វើឲ្យវិបត្តិសេដ្ឋកិច្ចកើតឡើងមានដូចជា៖
– អតិផរណា: នៅពេលដែលតម្លៃនៃផលិតផលកើនឡើង និងតម្លៃលុយធ្លាក់ចុះ
– ការដាក់បទបញ្ជា ឬគោលនយោបាយខុសរបស់រដ្ឋ: ឧទាហរណ៍ដូចជាការបង្កើនអត្រាការប្រាក់ដើម្បីបង្កើនតម្លៃរូបិយប័ណ្ណជាតិ
– វិបត្តិធ្ងន់ធ្ងរលើវិស័យផលិតកម្ម ឬវិស័យសំខាន់ៗរបស់រដ្ឋ: ប៉ះពាល់ដល់ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ
– ការបាត់បង់ទំនុកចិត្តលើការវិនិយោគ និងសេដ្ឋកិច្ច: ជាពិសេស ពេលអចលនទ្រព្យឡើងថ្លៃខ្ពស់ខ្លាំង នាំឲ្យអត្រាការប្រាក់កើនខ្ពស់ ឬទីផ្សារភាគហ៊ុនរលំជាដើម
– វិបត្តិពិភពលោក: តួយ៉ាងដូចជាការរីករាលដាលនៃជំងឺកូវីដ- ១៩ធ្វើឲ្យមនុស្សជាច្រើនបាត់បង់ការងារធ្វើ សេដ្ឋកិច្ចធ្លាក់ចុះលឿន ហើយមិនតែប៉ុណ្ណោះ ការវាយលុកលើប្រទេសអ៊ុយក្រែនដោយរុស្សី ធ្វើឲ្យទីផ្សារហិរញ្ញវត្ថុ និងពាណិជ្ជកម្មធ្លាក់ចុះ ឯសាំងឡើងថ្លៃ ដូចជាយើងបានឃើញជាក់ស្តែង។
ផលប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួន
ផលវិបាកមួយចំនួនដែលអាចនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនអំឡុងពេលប្រទេសមួយកំពុងជួបវិបត្តិសេដ្ឋកិច្ចមានដូចជា៖
– ការផ្លាស់ប្តូរទម្លាប់ចាយវាយទាំងស្រុង
– ការប្រឈមមុខនឹងការបាត់បង់ការងារ
– ការបាត់បង់ផលចំណេញពីការវិនិយោគ
ផ្លាស់ប្តូរទម្លាប់ចាយវាយទាំងស្រុង
ការរស់នៅនឹងត្រូវផ្លាស់ប្តូរ ដោយសារការកើនឡើងនៃតម្លៃផលិតផលក្នុងទីផ្សារ។ អ្នកត្រូវចាយវាយត្បិតត្បៀតខ្លាំងជាងមុន ចំណែកឯប្រាក់សម្រាប់សន្សំ និងវិនិយោគវិញក៏លែងមានដូចមុនដែរ។ ដោយចំណាយច្រើនជាងចំណូល អ្នកនឹងត្រូវលះបង់ការចំណាយមិនចាំបាច់ រួមមានការកម្សាន្ត ទ្រព្យ ឬសម្ភារមួយចំនួនដូចជាឡាន គ្រឿងអលង្ការ ជាដើម។ ពេលខ្លះ អ្នកអាចត្រូវយកប្រាក់សន្សំមកចាយវាយទៀតផង ដែលធ្វើឲ្យហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នករឹតតែប្រឈមមុខខ្ពស់នឹងហានិភ័យផ្សេងៗ។
ប្រឈមមុខនឹងការបាត់បង់ការងា
វិបត្តិសេដ្ឋកិច្ចអាចធ្វើឲ្យក្រុមហ៊ុន ឬអាជីវកម្មបាត់បង់ប្រាក់ចំណូលមួយផ្នែកធំ។ ពេលនោះក្រុមហ៊ុន ឬអាជីវកម្ម នឹងត្រូវកាត់បន្ថយចំនួនបុគ្គលិក ដើម្បីកាត់បន្ថយចំណាយ។ ដូច្នេះហើយ អ្នកដែលពឹងផ្អែកលើប្រាក់ខែជាគោល ឬជាប្រភពចំណូលតែមួយ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ នឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ រហូតដល់អាចជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
ខាតបង់លើការវិនិយោគ
ដោយសារតែប្រទេសឬតំបន់មានវិបត្តិសេដ្ឋកិច្ច វាអាចបណ្តាលឲ្យវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសលែងមានទំនុកចិត្ត រួចដកហូតការវិនិយោគមកវិញ ធ្វើឲ្យអាជីវកម្មជួបការខាតបង់ ឬអាចឈានដល់ការក្ស័យធនទៀតផង ដោយមិនអាចរកទុនមកបង្វិលគ្រប់គ្រាន់ ទាន់ពេលវេលា។
ហេតុនេះហើយ ទើបអ្នកវិនិយោគលើភាគហ៊ុន អាចទទួលរងការខាតបង់លើហិរញ្ញវត្ថុផ្ទាល់ខ្លួនធ្ងន់ធ្ងរ រហូតត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិមានតម្លៃមកដោះទ័លក៏ថាបាន។
គន្លឹះ
ដើម្បីកាត់បន្ថយការរងផលប៉ះពាល់ដល់ហិរញ្ញវត្ថុធ្ងន់ធ្ងរក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច អ្នកអាចចាត់វិធានការមួយចំនួនដូចខាងក្រោម៖
– ផ្លាស់ប្តូររបៀបរស់នៅឲ្យស្របទៅតាមស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងសេដ្ឋកិច្ច
– ចាយវាយដោយសន្សំសំចៃ និងកាត់បន្ថយចំណាយមិនចាំបាច់
– ជៀសវាងការខ្ចីបំណុលពីអ្នកចងការ ឬស្ថាប័នដែលគិតអត្រាការប្រាក់ខ្ពស់
– អត់ធ្មត់ រក្សាទុកអចលនទ្រព្យរបស់អ្នកបើសិនជាអាច ព្រោះតម្លៃអចលនទ្រព្យអាចនឹងកើនឡើងនៅពេលសេដ្ឋកិច្ចធូរស្បើយ
– អ្នកគួរមានកញ្ចប់ប្រាក់សន្សំបម្រុងទុក ឬ emergency fund យ៉ាងហោចណាស់សម្រាប់រយៈពេល ៦ ខែខាងមុខ ដើម្បីការពារប្រសិនបើមានវិបត្តិសេដ្ឋិកិច្ច៕
Click here to know more: 5 Things You Shouldn’t Do During a Recession
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។