ប្រិយមិត្តមានដឹងអត់ ថាដីឡូតិ៍ខ្យល់អីគេ?
ថ្ងៃនេះ អេដមីនសុំលើកប្រធានបទទាក់ទងនឹង ការវិនិយោគដីឡូតិ៍ខ្យល់ ដើម្បីឱ្យអ្នកទាំងអស់គ្នាមានការយល់ដឹងកាន់តែច្បាស់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ការវិនិយោគខ្យល់ ជាការដាក់ទុនលើការវិនិយោគអ្វីមួយដែលមិនមានពិតប្រាកដ ហើយភាគច្រើនការវិនិយោគខ្យល់ គឺជាការបោកប្រាស់។ មួយរយៈនេះ សន្ទុះនៃការលក់ដីមានការកើនឡើងខ្លាំង ដែលធ្វើឲ្យជនខិលខូចមួយចំនួនឆ្លៀតឱកាសបោកប្រាស់ប្រជាជនតាមរយៈការលក់ដីឡូតិ៍។
រឿងដីឡូតិ៍ខ្យល់នេះ មិនមែនទើបតែមានថ្មីៗនេះទេ វាធ្លាប់មានច្រើនករណីតាំងពីប៉ុន្មានឆ្នាំមុនមកម៉្លេះ។ កាលពីឆ្នាំ២០១៨ មានករណីលក់ដីឡូតិ៍ខ្យល់ បានកើតឡើងនៅក្នុងខណ្ឌដង្កោ សង្កាត់គងនយ។ ជនបោកប្រាស់បានដាក់លក់ដីឡូតិ៍ដល់ប្រជាជនក្នុងតំបន់នោះ ដោយមានការចុះកិច្ចសន្យាត្រឹមត្រូវ តែដល់ពេលអ្នកទិញសុំមើលដី ក្រុមហ៊ុនបែរជាគ្មានដីឱ្យគេមើល ទើបធ្វើឱ្យមានការប្តឹងផ្តល់កើតឡើង។ ហើយក្នុងឆ្នាំ២០២០ មានការបោកប្រាស់បែបនេះកាន់តែធំជាមុនទៀត ដោយក្នុងនោះមានប្រជាជន ៧០គ្រួសារបានទិញដីឡូតិ៍ចំនួន ១០០ឡូតិ៍ ដែលស្មើនឹងចំនួនទឹកប្រាក់ប្រហែល ១លានដុល្លារ។ ក្នុងករណីនេះអ្នកលក់ក៏មិនមានដីឱ្យប្រជាជនទេ ដែលនាំឱ្យមានការប្តឹងផ្តល់កើតឡើង ហើយអ្នកលក់បានព្យាយាមរត់ភៀសខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។ កាលពីព្រឹកថ្ងៃទី០៧ ខែសីហានេះ ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានចាប់ខ្លួនពីការចោទប្រកាន់ គ្មានដីសម្រាប់ផ្តល់ឱ្យអ្នកទិញ ពោលគឺលក់ដីឡូតិ៍ខ្យល់ឱ្យប្រជាជន។ ពេលនោះ ក្រុមហ៊ុនក៏បានចេញមុខដោះស្រាយផងដែរ តែហាក់ដូចជាមិនអាចដោះស្រាយបាន ជាហេតុនាំឱ្យប្រជាជនដាក់ពាក្យបណ្ដឹងតែម្តង។
ការបោកប្រាស់តាមរយៈការលក់ដីឡូតិ៍ ជនឆបោកបានធ្វើឡើងតាមរយៈរូបភាពផ្សេងៗដូចជា
- ក្រុមហ៊ុនមិនមានការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ
- ដើរចង្អុលដីអ្នកដទៃថាជារបស់ខ្លួន
- ការបង្ហាញត្រឹមតែប្លង់គម្រោងឱ្យអតិថិជនបានឃើញ
- ដីមិនមានប្លង់រឹងត្រឹមត្រូវ
- លក់ដីក្រោមតម្លៃទីផ្សារជ្រុលពេក
ដើម្បីបង្ការពីការបោកប្រាស់ក្នុងការទិញ និងលក់ដីបែបនេះ អ្នកទិញគួរតែគិតពិចារណាទៅលើកត្តាមួយចំនួនដូចជា
- អ្នកគួរសួរនាំមន្ត្រីមូលដ្ឋាន (មន្ត្រីភូមិ ឃុំ) ពីគម្រោងដែលអ្នកគ្រោងនឹងទិញនោះ
- ត្រូវស៊ើបសួរឲ្យច្បាស់ពីម្ចាស់ដី
- ពិនិត្យមើលប្លង់ដី និងទីតាំងដីឱ្យបានត្រឹមត្រូវ
- សិក្សាស្វែងយល់ពីប្រវត្តិក្រុមហ៊ុនមុនសម្រេចចិត្តទិញ ឬវិនិយោគ
- ត្រួតពិនិត្យ ការចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ និងការស្នើសេចក្តីយល់ព្រមលើបទបញ្ជាផ្ទៃក្នុងពីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។
- អ្នកគួរតែមានមេធាវីម្នាក់ដែលនឹងផ្តល់ទីប្រឹក្សា រាល់ពេលធ្វើឯកសារនានា។
ក្នុងលក្ខខណ្ឌដែលអ្នកបានលង់ខ្លួនបង់ប្រាក់ទៅឱ្យគេអស់មួយចំនួនទៅហើយ ទើបដឹងថាជាការបោកប្រាស់ អ្នកគួរតែបញ្ឈប់នូវការបង់ប្រាក់ជាបន្ទាន់ ហើយដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ចង់វិនិយោគ ឬទិញ លក់ដី ត្រូវចំណាយលុយច្រើន អ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន សិក្សាស្វែងយល់ គិតគូរឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញ។ ប្រសិនបើជួបការបោកប្រាស់ណាមួយ អ្នកនឹងត្រូវខាតពេលវេលា បាត់បង់ទំនុកចិត្ត ជាពិសេសរឿងលុយតែម្ដង៕