បំណុល មិនថាតិច ឬច្រើនសុទ្ធតែអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងកាយយើងគ្រប់គ្នា។ ជីវិតមានបំណុល បើកភ្នែកមក ភ័យខ្លាចគេមកទារ គ្មានលុយសងគេ ឬសងគេមិនទាន់។ ណាមួយ ត្រូវខំរកលុយចិញ្ចឹមជីវិតផង។ ចុះជីវិតគ្មានបំណុលវិញ មានអារម្មណ៍បែបណាទៅ?
បើជីវិតគ្មានបំណុល…
ទី១. រស់នៅដោយគ្មានសម្ពាធ
គេតែងនិយាយ គ្មានបំណុល គ្មានសម្ពាធហិរញ្ញវត្ថុ។ មានបំណុលដូចមានគ្រាប់បែកកំណត់ម៉ោងមួយជាប់ខ្លួន តែបើគ្មានបំណុលមានអារម្មណ៍ថាធូស្រាល គ្មានសម្ពាធ គ្មានស្រ្ដេស។ រកលុយបានប៉ុណ្ណាអាចគ្រប់គ្រងបានប៉ុណ្នឹង មិនចាំបាច់ក្បិតក្បៀត ឬបែកចែកទុកសងគេ។
ទី២. មានស្ថិរភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុផ្ទាល់ខ្លួនកាន់តែមានស្ថិរភាពជាងមុន ព្រោះចំណូលមិនត្រូវចែកបែងទៅសងបំណុល។ យើងអាចរៀបផែនការហិរញ្ញវត្ថុលើតែចំណាយចាំបាច់ ចំណង ប្រាក់បម្រុងគ្រាអាសន្ន និងគម្រោងចូលនិវត្ដន៍។
ទី៣. មានតុល្យភាពជីវិត
ពេលដែលយើងគ្មានបំណុលត្រូវបារម្ភរាល់ខែ ជីវិតមានតុល្យភាព និងសេរីភាពជាងមុន។ មិនហត់ខំរកលុយដើម្បីតែសងគេ តែលុយដែលរកបានយកទៅសន្សំចូលនិវត្តន៍ សម្រេចក្ដីស្រមៃ ឬយកទៅដើរលេង សាកថ្មឲ្យជីវិត។
ទី៤. សល់លុយសន្សំច្រើនជាងមុន
ពេលគ្មានបំណុលត្រូវសង លុយសល់ពីចំណាយចាំបាច់ទាំងប៉ុន្មាន អាចយកទៅសន្សំទុកទិញផ្ទះ ឡាន ឬវិនិយោគ។ សន្សំបានកាន់តែច្រើន កាន់តែឆាប់សម្រេចបានគោលដៅហិរញ្ញវត្ថុ និងមានឯករាជ្យភាពខាងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។
សរុបមក ជីវិតគ្មានបំណុលប្រាកដជាល្អជាងជីវិតមានបំណុលហើយ។ តែបើចង់រស់នៅជីវិតគ្មានបំណុលបែបនេះ លុះត្រាយើងចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានល្អ ចេះបែងចែករវាងបំណុលល្អ និងអាក្រក់ និងកាត់បន្ថយការចំណាយមិនចាំបាច់ប្រចាំថ្ងៃចេញផងដែរ៕