ភ្នំពេញ៖ កម្ពុជាបានចំណាយថវិកាប្រមាណ ៨៥៩ លានដុល្លាដើម្បីគាំទ្រកម្មវិធីអប់រំ និងផ្សព្វ ផ្សាយអំពីការគាំពារ និងសុវត្ថិភាពសង្គមក្នុងឆ្នាំ ២០២៤។ នេះបើតាមអគ្គលេខាធិការ ដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។
ការលើកឡើងពីទំហំថវិកាចំណាយលើគម្រោងគាំពារសង្គមនេះធ្វើឡើងនាសន្និសីទជាតិ ស្តីពី «ភាពជោគជ័យនៃការគាំពារសង្គមសម្រាប់ប្រទេសកម្ពុជា» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ។
នាវេទិកានោះ លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្មវិធីអប់រំស្តីពី ការគាំពារសង្គមបានកើនរហូតដល់ ៨កម្មវិធី ក្នុងឆ្នាំ២០២៤នេះ។ កម្មវិធីនេះគ្របដណ្តប់លើប្រជាជនប្រហែល ៤,៨ លាននាក់ ឬស្មើនឹង ២៨ ភាគរយ នៃចំនួនប្រជាជនសរុប។ ថវិកាដែលត្រូវចំណាយសរុបលើកម្មវិធី គឺមានចំនួន ២៨៥ លានដុល្លារ។
ដោយឡែក កម្មវិធីសុវត្ថិភាពសង្គមមានចំនួនបី ដែលបានផ្តល់សេវាដល់ប្រជាជនប្រហែល ២,៥ លាននាក់ ក្នុងវិស័យសាធារណៈ និងឯកជន។ ថវិកាសរុបដែលត្រូវចំណាយលើកម្មវិ ធីនេះមានចំនួន ៥៧៤ លានដុល្លារ ក្នុងនោះមាន ១៦៨ លានដុល្លារជាសាច់ប្រាក់ចំណូលរួម និង ៤០៦ លានដុល្លារ ជាថវិកាជាតិ។
ស្ថិតក្នុងវេទិកានេះដែរ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាជាតិគាំពារសង្គមលោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពី អត្ថប្រយោជន៍ដែលប្រជាជនទទួលបានពីកម្មវិធីគាំពារសង្គម ដ្បិតថា វាមានផលវិជ្ជមានលើវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងលើកកម្ពស់សុខុមាលភាពគ្រួសារ ដែលរួមចំណែកសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។
យ៉ាងណាមិញរដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធបន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការជំរុញសេវានេះ និង ដើម្បីធានាប្រសិទ្ធភាព និងនិរន្តភាពនៃសេវាសន្តិសុខក៏ដូចជាគាំពារសង្គមសម្រាប់ប្រជាជនទូទៅ។
ចំពោះក្រសួងសុខាភិបាល លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យស្ថាប័ននេះផ្តោតសំខាន់បន្ថែម លើការផ្តល់សេវាសុខាភិបាលជាពិសេសលើអ្នកដែលប្រើប្រាស់ បណ្ណបេឡាជាតិរបប សន្តិសុខសង្គម (ប.ស.ស) បណ្ណសមធម៌ និងបណ្ណជនងាយរងគ្រោះ ព្រមទាំងបន្តការងារ បណ្តុះបណ្តាលយុវជនផង។
លោកក៏បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តការបង្កើនការអនុវត្តកម្មវិធី បណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារដែលមានបណ្ណសមធម៌ និងបណ្ណងាយរងគ្រោះ ក្នុងគោលដៅផ្តល់ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ។
កាលពីខែកុម្ភៈកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានសន្យាថានឹងបន្ថែម ថវិកាចំនួន ៤៥០ លានដុល្លារទៀតក្នុងប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងជួយគាំទ្រដល់ប្រជាជនសរុបប្រមាណ ៩ លាននាក់។
សម្តេចក៏បន្ថែមទៀតថា គោលនយោបាយគាំពារសង្គម មិនត្រឹមតែមានគោលបំណងផ្តល់ ជំនួយទាន់ពេលវេលាដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការវិនិយោគដ៏សំខាន់ លើវិស័យផ្សេងៗនិងលើកកម្ពស់សុខុមាលភាពប្រជាជាតិទាំងមូលដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលបានកម្ពុជាចំណាយថវិកា៤,៣ពាន់លានដុល្លារ លើប្រព័ន្ធគាំពារសង្គម គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤។ ប្រជាជនសរុបប្រមាណ ៧លាននាក់កំពុងទទួលបាន ផលពីគោលនយោបាយគាំពារសង្គមនេះ៕