អីគេទៅ «តម្លៃនៃការរស់នៅ» ?
អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ថា ការងារ តួនាទី មុខតំណែងដូចគ្នា គ្រាន់តែខុសទីតាំងមួយនៅក្រុង មួយនៅខេត្ត ម៉េចប្រាក់ខែក៏ខុសគ្នាដែរ?
មានបុគ្គលិកផ្នែកលក់ម្នាក់ធ្វើការនៅខេត្តសៀមរាប។ ស្រាប់តែថ្ងៃមួយក៏ទទួលបានសារថាការដាក់ ពាក្យសុំធ្វើការក្នុងតួនាទីមួយមុខតំណែងដូចគ្នាកាលពីខែមុននៅឯភ្នំពេញ ត្រូវបានគេព្រមទទួលយកហើយ និងអាចចាប់ផ្ដើមធ្វើការនាខែក្រោយនេះបាន។ ភ្លាមៗនោះ គាត់សប្បាយចិត្តណាស់ ព្រោះការងារថ្មី តែតួនាទីនៅដដែល ហើយប្រាក់ខែក៏បានខ្ពស់ជាងនៅកន្លែងចាស់នៅឯសៀមរាប១០០ដុល្លារទៀត។
ប៉ុន្តែកំណើនប្រាក់ខែនេះដឹងតែអាចទ្រទ្រង់ជីវភាពរស់នៅរបស់គាត់នៅភ្នំពេញបានល្អជាងមុនដែរឬទេ?
ឥលូវយើងមកពិនិត្យមើលលម្អិតពីភាពខុសគ្នារវាងជីវភាពរស់នៅនៅតំបន់ទាំងពីរនេះវិញម្ដង។ ក្នុងជីវភាពរស់នៅតែងត្រូវប្រឈមនឹងចំណាយប្រចាំថ្ងៃនិងប្រចាំខែជាច្រើន ដែលគេហៅថា “cost of living” បកប្រែមកថា “បរិយាទាននៃជីវភាព”។ តែបើអេដមីននិយាយឱ្យងាយយល់គឺ តម្លៃនៃការរស់នៅ ឬ ការចំណាយក្នុងជីវភាព។
«Cost of living» សំដៅលើទំហំចំណាយទៅលើការស្នាក់នៅ ហូបចុក បង់ពន្ធ ថ្លៃសេវាសុខភាព និងចំណាយទូទៅមួយចំនួនទៀតដែលអ្នកត្រូវរ៉ាប់រងក្នុងអំឡុងពេលមួយនិងនៅតំបន់មួយជាក់លាក់។ មានន័យថាទំនិញដូចគ្នាតែតម្លៃរបស់វាអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយ ជាហេតុធ្វើឱ្យតម្លៃនៃការរស់នៅក៏ខុសគ្នាទៅតាមតំបន់ដែរ។
យើងបន្តឧទាហរណ៍ខាងលើ ទោះបីបុគ្គលម្នាក់នោះទទួលបានប្រាក់ខែនៅឯភ្នំពេញច្រើនជាងនៅខេត្តក៏ដោយ តែគាត់នឹងត្រូវរ៉ាប់រងថ្លៃចំណាយប្រចាំថ្ងៃ ប្រចាំខែក៏ច្រើនជាងមុនដែរ។ ជាលទ្ធផល វាមិនអាចធានាថាគាត់នឹងសល់ប្រាក់ធូរធារជាងមុនដោយសារកំណើននេះទេ។ ផ្ទុយទៅវិញ ប្រសិនបើគាត់ទទួលបានប្រាក់ខែដូចគ្នាមិនថានៅខេត្តសៀមរាប ឬនៅក្រុងភ្នំពេញ ប៉ុន្តែបើថ្លៃចំណាយលើជីវភាពនៅសៀមរាប ទាបជាងនៅភ្នំពេញ គាត់អាចសល់ប្រាក់បានខ្លះទុកសន្សំ ឬអ្នកអាចរស់នៅបានស្រួលជាង ដោយសារពុំចាំបាច់ត្រូវចាយត្បិតត្បៀតពេកទេ ឬអាចចាយលើការហូបចុកបានទូលាយដៃជាងមុនជាដើម។ នេះហើយគឺភាពខុសគ្នារវាងចំណាយក្នុងជីវភាពរស់នៅក្នុងតំបន់ផ្សេងគ្នា។
តើ cost of living សំខាន់យ៉ាងដូចម្ដេច?
ជារឿយៗ ការកំណត់បម្រែបម្រួល cost of living ត្រូវបានប្រើយកទៅប្រៀបធៀបអត្រាចំណាយសម្រាប់ការរស់នៅក្នុងតំបន់ផ្សេងគ្នា ហើយស្របពេលជាមួយគ្នានោះ វាក៏ដើរតួជាមូលដ្ឋានមួយដែលកំណត់កម្រិតប្រាក់ឈ្នួលអប្បបរមារបស់បុគ្គលិក ដោយយោងទៅតាមទំនាក់ទំនងកម្រិតជីវភាពនិងតម្លៃនៃការរស់នៅក្នុងតំបន់។ ជាធម្មតា គេតែងចង់ដឹងនិងប្រៀបធៀប ដើម្បីប៉ាន់ស្មានជាមុនហើយថាគេអាចនឹងត្រូវរ៉ាប់រងចំណាយសម្រាប់ការរស់នៅក្នុងតំបន់មួយប្រហែលប៉ុន្មានមុននឹងផ្លាស់ទីលំនៅទៅតំបន់នោះ។
គួរចំណាំផងដែរថាការប្រៀបធៀបតម្លៃចំណាយក្នុងការរស់នៅនេះ មិនចាំបាច់តែរវាងខេត្តនិងខេត្ត ឬក្រុងនោះទេ។ ដូចអេដមីនបានប្រើពាក្យថាតំបន់នេះ គឺបានន័យថាកម្រិតជីវភាពនិងតម្លៃនៃការរស់នៅក៏អាចខុសគ្នារវាងតំបន់ទីប្រជុំជនក្នុងទីក្រុង ឬទីរួមខេត្ត និងតំបន់ជាយក្រុង ឬដាច់ស្រយាលជាដើម។
ត្រឡប់មកឧទាហរណ៍យើងជាការបញ្ចប់ មុននឹងសម្រេចចិត្តផ្លាស់ប្ដូរការងារដែលទាមទារឱ្យអ្នកត្រូវផ្លាស់ប្ដូរទីកន្លែងរស់នៅពីខេត្តមួយទៅខេត្តមួយ ឬទីក្រុងផ្សេងទៀត អ្នកគួរសិក្សាពីភាពខុសគ្នារវាង cost of living នៅទីកន្លែងបច្ចុប្បន្ន និងទីកន្លែងថ្មី ដើម្បីប៉ាន់ស្មាននិងប្រៀបធៀបកម្រិតចំណាយលើការរស់នៅដែលអ្នកមានលទ្ធភាពរ៉ាប់រងបានដោយសមប្រកប។ លើសពីនេះ ការសិក្សាអំពីការប្រែប្រួលនៃ cost of living ទៅតាមពេលវេលាក៏អាចជួយឱ្យអ្នកដឹងថាដល់ពេលដែលត្រូវចរចាស្នើសុំឡើងប្រាក់ខែហើយឬក៏អត់ទេ៕
សម្រាប់ព័ត៌មានបន្ថែមនិងទិន្នន័យនៃតម្លៃនៃការរស់នៅ ឬ cost of living index អ្នកអាចសាកល្បងរកមើលបន្ថែមបាននៅគេហទំព័រមួយចំនួនខាងក្រោម៖
» Numbeo សម្រាប់ទិន្នន័យរវាងខេត្ត ក្រុង ឬតំបន់
https://www.numbeo.com/cost-of-living/
» WorldData.info សម្រាប់ទិន្នន័យរវាងប្រទេស
https://www.worlddata.info/cost-of-living.php
ឯកសារដែលអាចអានបន្ថែម៖
- https://www.investopedia.com/terms/c/cost-of-living.asp
- https://www.britannica.com/topic/cost-of-living
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។