កម្មវិធីគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងទូរសព្ទដៃ គឺជាកម្មវិធីដែលអ្នកអាចគ្រប់គ្រង ឬតាមដានហិរញ្ញវត្ថុរបស់អ្នក ដែលរួមមានការគ្រប់គ្រងចំណូលចំណាយ និងប្រាក់សន្សំ។ កម្មវិធីគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងទូរសព្ទដៃ មានសារៈប្រយោជន៍ដូចជា៖
១. ជួយសម្រួលដល់ការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ
ជាធម្មតា យើងរមែងមានគោលដៅហិរញ្ញវត្ថុដែលអាចជាគោលដៅសន្សំប្រាក់ ឬគោលដៅចំណាយត្រឹមកម្រិតណាមួយ។ ឧទាហរណ៍ថា អ្នកមានបំណងសន្សំលុយដើម្បីចង់ដូរទូរសព្ទ ទិញសម្ភារប្រើប្រាស់ ឬទិញផ្ទះជាដើម ហើយអ្នកកំណត់គោលដៅហិរញ្ញវត្ថុជាតួលេខមួយច្បាស់លាស់។ ការប្រើប្រាស់កម្មវិធីគ្រប់គ្រងលុយកាក់ក្នុងទូរសព្ទដៃនេះ កាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការតាមដានចំណូលចំណាយទាំងអស់ ទឹកប្រាក់នៅសល់ ឬចំនួនទឹកប្រាក់ដែលខ្វះ ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នក។
២. គ្រប់គ្រងចំណូលចំណាយតាមបែបឌីជីថល
វាកាន់តែងាយស្រួលចៀសជាងការកត់ត្រាក្នុងសៀវភៅចំណូលចំណាយ ហើយគណនាតាមម៉ាស៊ីនគិតលេខ មកជាការគណនាដោយស្វ័យប្រវត្តិ រីឯទិន្នន័យទាំងនោះក៏ត្រូវបានរក្សាទុកក្នុងប្រព័ន្ធឌីជីថលនិងមានសុវត្ថិភាពផង។ អ្វីដែលពិសេសនោះ យើងលែងត្រូវមកឈឺក្បាលចុងខែ ត្រូវបូកសរុបប្រាក់ចំណូលចំណាយសារឡើងវិញហើយ ដ្បិតថាកម្មវិធីទាំងនេះ នឹងគណនាទូទាត់ចំណាយរបស់អ្នកដោយស្វ័យប្រវត្តិរាល់ពេលមានបម្រែបម្រួលទិន្នន័យចំណូលចំណាយដែលអ្នកបានបញ្ចូលទៅក្នុងកម្មវិធី។ ដោយសារតែព័ត៌មានផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ អ្នកអាចឆែកមើលទិន្នន័យទាន់ពេលវាលាទៀតផង។
៣. ងាយរៀបចំគម្រោងហិរញ្ញវត្ថុ
អ្នកអាចបែកចែកគម្រោងកញ្ចប់ថវិកាទៅតាមប្រភេទនៃចំណូល និងចំណាយផ្សេងៗពីគ្នាក្នុងកម្មវិធីទូរសព្ទទាំងនេះ ដូចជាទៅតាមប្រភេទ ម្ហូបអាហារ ថ្លៃទឹកភ្លើង ថ្លៃធ្វើដំណើរ និងចំណាយផ្សេងៗដែលយើងចង់កំណត់។ ក្រៅពីនេះ ទូរសព្ទដៃគឺងាយស្រួលយកតាមខ្លួនជាងប៊ិកសៀវភៅ ហើយវាកាន់តែងាយស្រួលត្រង់ថា អ្នកអាចកត់ត្រាទិន្នន័យចំណូលចំណាយរបស់អ្នកបានគ្រប់ពេលវេលា គ្រប់ទីកន្លែងឱ្យតែយកទូរសព្ទទៅតាមខ្លួន។
យ៉ាងណាមិញ អ្នកក៏អាចសាកល្បងកម្មវិធីគ្រប់គ្រងចំណូលចំណាយទាំងនេះបានដោយ download ពី App store ឬ Play store ។ ខាងក្រោមនេះ ជាកម្មវិធីគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងទូរសព្ទដៃមួយចំនួន ដែលអ្នកអាចសាកល្បងប្រើប្រាស់បាន៖
- Money Manager : Budget&Expense
- YNAB (You Need a Budget)
- Wally – Smart personal finance