ផលិតផលក្នុងស្រុកសរុប (GDP) និងផលិតផលជាតិសរុប (GNP) ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងបម្រែបម្រួលសេដ្ឋកិច្ចរបស់ប្រទេសមួយ។ វាបម្រើជាប្រយោជន៍សម្រាប់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច អ្នកវិនិយោគ និងសាធារណៈជនឱ្យដឹងពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសនោះ។
ថ្ងៃនេះ អេដមីននឹងពន្យល់ប្រិយមិត្តពីពាក្យទាំងពីរនេះ និងភាពខុសគ្នារបស់វា។
- ផលិតផលក្នុងស្រុកសរុប (gross domestic product): ជារង្វាស់តម្លៃសរុបនៃទំនិញ និងសេវាកម្មដែលត្រូវបានផលិតក្នុងស្រុកនៃប្រទេសមួយក្នុងរយៈពេលបីខែ ឬមួយឆ្នាំ។ វាត្រូវបានប្រើប្រាស់ធ្វើជាគោលក្នុងការវាស់ពីទំហំ និងសុខភាពសេដ្ឋកិច្ចនៃប្រទេសនោះ។ GDP កើនឡើងនៅពេលដែលការនាំចេញផលិតផលក្នុងស្រុកមានចំនួនច្រើនជាងការនាំចូល។
រូបមន្តក្នុងការគណនា GDP ៖
GDP = C + G + I + NX
ដែល C = Consumption = ចំណាយរបស់ប្រជាជន
G = Government spending = ចំណាយរបស់រាជរដ្ឋាភិបាល
I = Investment = ការចំណាយនៃអាជីវកម្មក្នុងស្រុក
NX = Net export = ការនាំចេញកាត់កងនឹងការនាំចូល ឬការនាំចេញដកការនាំចូល
ដោយសារតែសេដ្ឋកិច្ចទទួលរងឥទ្ធិពលពីអតិផរណា និងបរិត្តផរណា នោះ GDP ត្រូវបានបែងចែកជា ២ ប្រភេទ៖
-
- Nominal GDP: ជារង្វាស់តម្លៃសរុបនៃសេវាកម្ម និងផលិផលក្នុងស្រុករបស់ប្រទេសមួយក្នុងទីផ្សារបច្ចុប្បន្ន ដោយមិនគិតពីផលប៉ះពាល់នៃអតិផរណា ឬបរិត្តផរណាទេ។ Nominal GDP ត្រូវបានប្រើប្រាស់នៅពេលដែលគេចង់សិក្សាពីអំណាចនៃការទិញក្នុងរយៈពេលខ្លី និងវាស់ស្ទង់ពីស្ថានភាពទីផ្សារបច្ចុប្បន្ន។ វាក៏ត្រូវបានប្រើប្រាស់ក្នុងការប្រៀបធៀបសេដ្ឋកិច្ចក្នុងរយៈពេលខ្លីក្នុងឆ្នាំតែមួយផងដែរ។
- Real GDP: ជារង្វាស់តម្លៃសរុបនៃផលិតផល និងសេវាកម្មក្នុងស្រុករបស់ប្រទេសមួយក្រោយមានអតិផរណា ឬបរិត្តផរណា។ Real GDP ជួយដល់រដ្ឋាភិបាលក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្លាស់ប្តូរកម្រិតផលិតកម្មឱ្យសមស្របនឹងសេដ្ឋកិច្ចប្រទេស។ វាត្រូវបានគេយកទៅប្រើប្រាស់ដើម្បីប្រៀបធៀបសេដ្ឋកិច្ចក្នុងរយៈពេលវែង។
- ផលិតផលជាតិសរុប (gross national product): ជារង្វាស់តម្លៃសរុបនៃទំនិញ និងសេវាកម្មទាំងអស់ដែលត្រូវបានផលិតដោយប្រជាជននៃប្រទេសមួយ ទាំងក្នុងស្រុក និងក្រៅស្រុក តែមិនគិតពីចរន្តផលិតរបស់ប្រជាជនបរទេសនៅក្នុងស្រុកឡើយ។
រូបមន្តនៃការគណនា GNP ៖
GNP = C + I + G + NX + NFP
ដែល C = Consumption = ការចំណាយរបស់ប្រជាជន
I = Investment spending = ការចំណាយនៃអាជីវកម្ម
G = Government spending = ការចំណាយរបស់រដ្ឋាភិបាល
NX = Net exports = ចំណូលពីការនាំចេញកាត់កងនឹងការនាំចូល ឬការនាំចេញដកការនាំចូល
NFP = Net factor payments = ចំណូលពីក្រៅប្រទេសកាត់កងនឹងចំណូលនៃអាជីវកម្មបរទេសនៅក្នុងស្រុក
ទាំងផលិតផលក្នុងសរុប (GDP) និងផលិតផលជាតិសរុប (GNP) សុទ្ធតែមានសារសំខាន់សម្រាប់ការវាស់ស្ទង់សេដ្ឋកិច្ចរបស់ប្រទេស។ វាអាចសម្រួលដល់រដ្ឋាភិបាលក្នុងការកែសម្រួលគោលការណ៍នានាដើម្បីបង្ការសេដ្ឋកិច្ចពីផលប៉ះពាល់នៃអតិផរណា និងបរិត្តផរណា៕