សិស្សានុសិស្សវិទ្យាល័យជាទីនឹករលឹក…
ថ្មើរនេះប្រហែលជាកំពុងរង់ចាំលទ្ធផលប្រឡងបាក់ឌុប ដែលជាសមរភូមិប្អូនៗបានត្រៀមសមត្ថភាពអស់រយៈពេល១២ឆ្នាំហើយ ត្រូវទេ?
ស្របពេលនឹងការទន្ទឹមរង់ចាំនេះ អេដមីនជឿថាអ្នកទាំងអស់គ្នាកំពុងគិតគូរថាខ្លួនឯងត្រូវរៀនជំនាញអី គួរចាប់យកជំនាញដែលខ្លួនស្រលាញ់ ឬជំនាញដែលមានតម្រូវការទីផ្សារខ្ពស់។ នេះគឺជាការសម្រេចចិត្តដ៏តានតឹងមួយ តែកុំស្មុគស្មាញពេកណ៎រ ថ្ងៃនេះ អេដមីនចង់មកចែករំលែកគំនិតមួយចំនួន ដើម្បីឲ្យប្អូនៗទាំងអស់អាចយកទៅពិចារណា។
១. ដើរតាមបេះដូង ជឿលើទេពកោសល្យខ្លួនឯង
រើសជំនាញដែលកើតចេញពីក្ដីស្រឡាញ់ ទើបយើងបញ្ចេញកម្លាំងកាយចិត្ត ប្រឹងប្រែងដោយថាមពល ហើយអាចប្រកបការងារ ឬមុខរបរនោះដោយមិនធុញទ្រាន់។ មាននិស្សិតមិនតិចទេ ដែលរៀនដល់ឆ្នាំទី២ ឬ៣ហើយ ក៏បង្វែរមករៀនជំនាញផ្សេងដែលខ្លួនស្រឡាញ់វិញ។
បើសិនជំនាញដែលយើងស្រឡាញ់នោះ មានទីផ្សារស្រាប់ ចាត់ទុកថាជាភ័ព្វសំណាងធំធេងណាស់
ព្រោះយើងមិនសូវបារម្ភខ្លាចចេញទៅ មិនសូវមានក្រុមហ៊ុនរើស ហើយកាន់តែប្រសើរជាងនេះទៀត ប្រាក់ខែខ្ពស់ តំណែងឡើងលឿនក៏ថាបាន។ តែក៏អាចជារឿងមិនល្អដែរ បើជំនាញនោះជាចំណង់ចំណូលចិត្តយើង ហើយអ្នកស្រលាញ់មុខវិជ្ជានោះក៏ច្រើនដូចគ្នា។ ពីមុន យើងធ្លាប់តែលឺពាក្យចចាមអារ៉ាមថា អ្នករៀនគណនេយ្យ និងធនាគារច្រើនភ្លូកទឹកភ្លូកដី ហូរហៀរយកទៅណាមិនអស់ ដែលការណ៍នេះហើយបង្កើតជាការប្រកួតប្រជែងដណ្ដើមការងារយ៉ាងសន្ធឹក។
តែក៏ពុំមែនបានន័យថា យើងរៀនពុំបានដែរ។ សម័យនេះ មានជំនាញតែមួយមុខ មិនគ្រប់គ្រាន់ទេ សិស្សនិស្សិតគួរមានជំនាញអម ឬជំនាញគួបផ្សំដទៃទៀត ដូចជាភាសាបរទេស កុំព្យូទ័រ ចំណេះដឹងផ្នែកឌីជីថល ហើយបើចង់ឱ្យខ្លួនឯងលេចធ្លោមួយកម្រិតទៀត គួរឈោងចាប់វិញ្ញាបនបត្របច្ចេកទេស ដូចជា ACCA, CAT, CFA ជាដើម (សម្រាប់និស្សិតធនាគារ និងហិរញ្ញវត្ថុ និងគណនេយ្យ)។
២. បើសិនជំនាញយើងស្រឡាញ់នោះ មិនមានទីផ្សារវិញ?
មិនមែនបានន័យថា យើងរៀនពុំបានទេ ព្រោះវាជា challenge មួយដែលយើងត្រូវបង្កើតឱកាស និងទីផ្សារដោយខ្លួនឯង។ មនុស្សពូកែជាអ្នកបង្កើតទីផ្សារ ដោយច្បិចយកគន្លឹះសំខាន់ៗពីទីផ្សារផ្សេងដែលមានស្រាប់។ នោះយូរៗទៅ មនុស្សនឹងមើលឃើញពីតម្លៃនៃជំនាញនោះ ទីផ្សារនឹងកើនឡើងជាលំដាប់ទៅតាមហ្នឹងដែរ។
៣. ចុះបើករណីជំនាញដែលយើងមិនស្រឡាញ់ មានទីផ្សារច្រើនវិញ?
ជំនាញដែលត្រូវប៉ាន់មួយចំនួនអាចមិនមែនជាជំនាញក្នុងក្ដីស្រមៃ។ ត្បិតថា ឱកាសការងារមានច្រើនក៏មែនពិត តែយើងមិនអាចចេះតែរៀនៗមិនដឹងគោលដៅខ្លួនឯងទេ។ សួរខ្លួនឯងយើងជាបុគ្គលដែលឱ្យអាទិភាពលើចំណង់ចំណូលចិត្តខ្លួនឯង ឬឱកាសការងារទូលំទួលាយ ប្រាក់ខែច្រើន? ហើយយើងត្រូវវិភាគមើលទៀតថាតម្រូវការច្រើននោះ ច្រើនដល់ថ្នាក់ចង្អៀតទេ? ឬច្រើនតែបរិមាណ រីឯគុណភាពពិបាកទទួលយក?
៤. ដើម្បីដឹងថាជំនាញដែលយើងចង់រៀន នឹងផ្ដល់ឱកាសការងារខ្ពស់ យើងគួរធ្វើដូចម្ដេច?
ដំបូងដែលគួរធ្វើនោះ គឺត្រូវចេះសង្កេតមើល និងវិនិច្ឆ័យស្ថានភាពស្រុកទេសយើង ថាកំពុងខ្វះអ្វី ត្រូវការអ្វី? តើមានវិស័យអ្វី ដែលកំពុងឡើងត្រដែត មានសក្ដានុពលជាដរាប? បើយើងពុំច្បាស់ យើងត្រូវចេះសាកសួរយោបល់ ការប្រឹក្សាបន្ថែមពីឪពុកម្ដាយ ព្រឹទ្ធាចារ្យ សិស្សច្បង។ល។ ម្យ៉ាងទៀតសោត យើងពុំគួរអារកាត់ យកផ្នត់គំនិតមកវាយតម្លៃថាជំនាញនេះអន់ ជំនាញហ្នឹងរៀនទៅធ្វើអ្នកក្រទេ។ ជំនាញអ្វីក៏មានតម្លៃរបស់វារៀងៗខ្លួន ឱ្យតែយើងជាសិក្ខាជនអភិវឌ្ឍខ្លួនឯងនូវពុទ្ធិ បច្ចេកទេស និងជំនាញ់ទន់ផ្សេងៗទៅតាមនិន្នាការទីផ្សារ។
សង្ឃឹមថាការបកស្រាយខាងលើ នឹងត្រួសត្រាយបានមួយផ្នែកដល់ការសម្រេចចិត្តរបស់ប្អូនៗ។ ជូនពរប្រឡងជាប់ និងជោគជ័យក្នុងថ្នាក់ឧត្តមសិក្សាទាំងអស់គ្នា៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
ឯកសារយោង:
1. Passion vs Money: Should You Choose a Job You Love or One That Pays? | University of the Potomac
2. The Importance of Education in Finding a Job
3. Choosing a major based on passion rather than stability leads to happiness – The Daily Aztec
4. សិស្សទើបបញ្ចប់ការប្រឡងបាក់ឌុបគួរងាកមកចាប់អារម្មណ៍ជំនាញបន្ទាប់បន្សំ – Khmer Times