ចាស់ៗតែងប្រៀនប្រដៅដល់យើងទាំងអស់គ្នាអំពីរឿងលុយកាក់ថា “ចាយឱ្យមានខ្ទង់”។ បួនម៉ាត់ដ៏សែនពីរោះនេះមានន័យយ៉ាងម៉េចទៅ? ងាយយល់ទេ ពាក្យថា “ចាយឲ្យមានខ្ទង់” នេះ សំដៅទៅលើការគិតគូរចំណូលចំណាយឲ្យបានម៉ត់ចត់ និងការកំណត់ការចាយវាយរបស់ខ្លួនប្រចាំថ្ងៃ សប្ដាហ៍ និងប្រចាំខែ ដោយភ្ជាប់ជាមួយក្បួនខ្នាតរូបមន្តគ្រប់គ្រងលំហូរសាច់ប្រាក់ ឲ្យស្របនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន។
មនុស្សដែលប៉ិនប្រសប់ក្នុងការចាយឲ្យមានខ្ទង់ គឺច្រើនតែប្រកាន់ខ្ជាប់នូវឥរិយាបថទាំង៣យ៉ាងដូចខាងក្រោម៖
១. ចាយមានដែនកំណត់៖
សំដៅដល់ការចាយវាយដែលមិនលើសពីលទ្ធភាពចំណូលដែលយើងរកបាន។ ប្រសិទ្ធភាពនៃការចាយលុយ គឺបុគ្គលម្នាក់ៗត្រូវផ្ដល់អាទិភាពលើវិស័យតម្រូវការឲ្យខ្ពស់ ហួសពីចំណង់។ ថវិកាដែលចំណាយទៅលើចំណង់មួយឆាវ ចំណង់រវើរវាយ ចំណង់តាមការបង្អួតគ្នាតាមបណ្ដាញសង្គម គឺជាការប្រឆាំងស៊ីសាច់ហុតឈាមជាមួយនឹង “ចាយឲ្យមានខ្ទង់”។ កុំបណ្ដាលឲ្យខ្លួនអ្នកធ្លាក់ចូលក្នុងទម្លាប់អាក្រក់នៃការចាយវាយតាមតែអំពើចិត្ត ជាពិសេសចាយទៅលើរបស់ណាដែលពុំបាច់ឲ្យសោះ បន្ទាប់ពីសប្បាយអរពេលបើកប្រាក់ខែហើយ ពោលគឺអ្នកត្រូវឃុំគ្រងខ្លួនឯងឲ្យខានតែបាន។
២. មានបញ្ជីចំណូល-ចំណាយច្បាស់លាស់ ៖
ការដាក់កំហិតលើខ្ទង់ចំណាយ និងកត់ត្រាការចំណាយប្រចាំថ្ងៃ ឆ្លុះបញ្ចាំងពីវិន័យចំពោះការចាយវាយប្រចាំខែនិងប្រចាំថ្ងៃ។ បញ្ជីនេះ អាចត្រឹមជាកូនសៀវភៅតូចមួយក៏បាន ឬកត់ត្រាក្នុងទូរសព្ទដៃក៏បានដើម្បីភាពងាយស្រួលដាក់តាមខ្លួន ហើយសរសេររៀបរាប់ ដាក់ព្រំដែនចំណាយជាក់លាក់ថា តើក្នុងមួយថ្ងៃ ក្នុងមួយអាទិត្យ ឬក្នុងមួយខែ អ្នកចំណាយលើអ្វីខ្លះ ហើយចំណាយអស់ប៉ុន្មាន។ ការធ្វើបែបនេះ គឺជារបៀបចាយលុយឆ្លាតវៃ និងចាយមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ត្រូវតាមដានស្ថានភាពចាយលុយរបស់យើងប្រព្រឹត្តទៅយ៉ាងដូចម្ដេចដែរ ។
តើយើងចាយមានខ្ទង់ ឬលើសខ្ទង់? បើសិនជាមានខ្ទង់ហើយ យើងត្រូវបង្កើតគម្រោងថវិកាសម្រាប់ខែក្រោយ ឬសប្ដាហ៍ក្រោយបន្តទៀត ថាតើអ្នកអាចកាត់បន្ថយបានអ្វីខ្លះ ដើម្បីទុកលុយបម្រុងខ្លះៗមកសន្សំ។
‣ គន្លឹះ៖ ដើម្បីងាយស្រួលគ្រប់គ្រងបញ្ជីចំណូលចំណាយ អ្នកគួរមានរូបមន្តនៃការចាយវាយដែលកន្លងមក កាក់សេន ក៏ធ្លាប់បានលើកឡើងដែរតាមរូបមន្ត 50/30/20 ឬរូបមន្តផ្សេងៗទៀត។
៣. ចាយឲ្យមានការថ្លឹងថ្លែង ស្របនឹងកាលៈទេសៈ៖
ទ្រឹស្ដី “ចាយឲ្យមានខ្ទង់” ពិតជាត្រឹមត្រូវតែម្ដងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ អ្នកអាចទប់ស្កាត់ការចាយវាយតាមរយៈការនៅផ្ទះ មិនចេញក្រៅ ប្ដូរពីការញ៉ាំបាយក្រៅ មកបរិភោគនៅឯផ្ទះ ប្ដូរពីផឹកកាហ្វេហាង មកទទួលទានកាហ្វេកញ្ចប់ លះបង់ការស្រមើស្រមៃទៅលើសម្លៀកបំពាក់ថ្មីៗ បើសិនជាខោអាវនៅពេញទូ។ កាលៈទេសៈផ្សេងទៀត អ្នកក៏គួរប្រុងប្រយ័ត្នដែរ បើសិនជាមិនចង់ចាយឲ្យលើសខ្ទង់ ដូចជាកម្មវិធីជប់លៀងជាប់គ្នារដឹក មិត្តភក្ដិ ឬមិត្តរួមការងារបបួលផឹកជាញឹកញយ។ល។
មួយវិញទៀតសោត លុយមានប៉ុន្មានខ្ទាស់ក៏ដោយ លោកអ្នកត្រូវចាយដោយអំណរ ព្រោះចំណាយទាំងកំហឹង ឬទាំងមិនពេញចិត្ត ពេលនោះហិរញ្ញវត្ថុរបស់អ្នក ប្រឈមនឹងហានិភ័យខ្ពស់។ លោកអ្នកក៏គប្បីវិភាគលើពេលវេលាល្អក្នុងការចាយ ថ្លឹងថ្លែងឱកាសល្អ ឬមិនល្អដើម្បីចាយផងដែរ។
មែនទែនទៅ ការចេះគ្រប់គ្រងចំណាយបានត្រឹមត្រូវ គឺជាកាតាលីករដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់សុខភាពហិរញ្ញវត្ថុ ជំរុញឲ្យមានទំនាក់ទំនងល្អរវាងម្ចាស់លុយ និងលុយ និងជួយរុញច្រានឲ្យយើងគេចផុតពីបញ្ហាលុយកាក់ ជាពិសេសការជាប់បំណុល។ ការអនុវត្តបានខ្ជាប់ខ្ជួននូវវិធីសាស្ត្រចាយឲ្យមានខ្ទង់ នឹងបញ្ចៀសវិបត្តិហិរញ្ញវត្ថុឲ្យនៅកម្រិតទាបក្នុងជីវិតរបស់លោកអ្នក៕
Copyright Notice
© 2021 - 2022 KAKCENT
មាតិកាខាងលើត្រូវបានរក្សាសិទ្ធិដោយកាក់សេន។
សូមទាក់ទងមកពួកយើងដើម្បីស្នើសុំការអនុញ្ញាត ប្រសិនបើអ្នកមានបំណងចង់យកមាតិការបស់យើងទៅប្រើប្រាស់បន្ត។