ឋានានុក្រមនៃតម្រូវការ Maslow (Maslow hierarchy of needs) គឺជាទ្រឹស្តីលើកទឹកចិត្តរបស់លោក Abraham Maslow មាន ៥ កម្រិតផ្សេងៗគ្នាដូចជា តម្រូវការផ្នែកសរីរវិទ្យា(Physiological need) តម្រូវការផ្នែកសុវត្ថិភាព(Safety needs) តម្រូវការសេចក្តីស្រឡាញ់និងភាពជាកម្មសិទ្ធិ(Belongingness and love needs) តម្រូវការនៃភាពពេញចិត្តនិងការគោរពខ្លួនឯង(Self-esteem needs) និងតម្រូវការនៃការសម្រេចបំណង(Self-actualization)។
ទ្រឹស្តីនេះអាចប្រើប្រាស់បានច្រើនកាលៈទេសៈ ហើយប្រើប្រាស់តាមរបៀបខុសគ្នាអាស្រ័យលើអ្នកយកវាទៅអនុវត្ត គ្រាន់តែវាអាស្រ័យទៅលើរបៀបដែលគេបកស្រាយក្នុងការប្រើប្រាស់ផ្ទាស់ ដ្បិតថាអត្ថន័យនៃទ្រឹស្តីនេះមានភាពទូលំទូលាយ និងអាចបំបែកន័យបានផ្សេងៗគ្នា។
នៅក្នុងផ្នែកហិរញ្ញវត្ថុផ្ទាល់ គេអាចប្រើប្រាស់ទ្រឹស្តីនេះក្នុងជីវភាពប្រចាំថ្ងៃដូចខាងក្រោម៖
១. តម្រូវការផ្នែកសរីរវិទ្យា(Physiological need)
បើយោងទៅតាមទ្រឹស្ដីលោក Maslow តម្រូវការផ្នែកសរីរវិទ្យា សំដៅទៅលើតម្រូវការចាំបាច់របស់មនុស្សម្នាក់ៗមានដូចជា ម្ហូបអាហារ កន្លែងស្នាក់នៅ ការសម្រាក ការចាយវាយលើបញ្ហាសុខភាពជាដើម។ នោះបានន័យថា មនុស្សម្នាក់ៗត្រូវការលំហូរសាច់ប្រាក់មួយស្ថេរភាពសិន ដើម្បីទប់ទល់នឹងការចាយវាយលើតម្រូវការចាំបាច់ទាំងនេះ មុននឹងមានតម្រូវការចាយវាយផ្សេងៗទៀត។ ដើម្បីឱ្យការចាយវាយទទួលបានប្រសិទ្ធភាព អ្នកគួរបង្កើតជាគម្រោងចាយវាយប្រចាំខែ និងតាមដានរបាយការណ៍ចាយវាយរបស់អ្នកឱ្យបានទៀងទាត់។
២. តម្រូវការផ្នែកសុវត្ថិភាព(Safety needs)
បន្ទាប់ពីអាចគ្រប់គ្រងលើតម្រូវការចាំបាច់បានរួចហើយ តម្រូវការបន្ទាប់របស់យើងម្នាក់ៗគឺ តម្រូវការផ្នែកសុវត្ថិភាព មានន័យថា មនុស្សម្នាក់ត្រូវការការគាំពារផ្នែកសុខភាព រូបរាងកាយ និងផ្លូវចិត្ត ក៏ដូចជាការការពារពីច្បាប់ក្នុងប្រទេស។ ដើម្បីសម្រេចបានតម្រូវការផ្នែកសុវត្ថិភាពនេះ យើងម្នាក់រមែងគួរមានគម្រោងប្រាក់សន្សំសម្រាប់គ្រាមានអាសន្ន ក៏ដូចជាការទិញនូវសេវាកម្មធានារ៉ាប់រងដើម្បីការពារពីហានិភ័យណាមួយកើតឡើងដោយយើងមិនអាចគ្រប់គ្រងបាន។
៣. តម្រូវការផ្នែកសេចក្តីស្រឡាញ់និងភាពជាកម្មសិទ្ធិ(Belongingness and love needs)
ក្នុងទ្រឹស្ដីរបស់លោក Maslow តម្រូវការផ្នែកសេចក្តីស្រឡាញ់និងភាពជាកម្មសិទ្ធិ សំដៅទៅលើតម្រូវការសេចក្ដីស្រឡាញ់ដែលបានមកពីគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន ក៏ដូចជាតម្រូវការថាខ្លួនក៏ជាសមាជិកម្នាក់នៃក្រុមណាមួយ។ នៅពេលដែលនរណាម្នាក់ខ្វះសេចក្ដីស្រឡាញ់ទាំងនេះ ធ្វើឱ្យពួកគាត់មានអារម្មណ៍ថាឯកោ ឬរហូតដល់មានជំងឺបាក់ទឹកចិត្តជាដើម។ ដូចនេះ មនុស្សម្នាក់ៗត្រូវការកម្លាំងចិត្តដើម្បីសម្រេចអ្វីមួយ ឬបើក្នុងផ្នែកហិរញ្ញវត្ថុក្នុងដំណាក់កាលនេះ សំដៅទៅលើតម្រូវការដែលអ្នកការគាំទ្រពីមនុស្សជុំវិញខ្លួនលើការវិនិយោគលើវិស័យណាមួយ ការគិតគូរពីការសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ ក៏ដូចជាព្យាយាមដោះស្រាយបំណុលឱ្យរួចស្រេចជាដើម។
៤. តម្រូវការនៃភាពពេញចិត្តនិងការគោរពខ្លួនឯង(Self-esteem needs)
ឈានជើងមួយកម្រិតទៀតនៃឋានានុក្រមនៃតម្រូវការរបស់លោក Maslow គឺជាដំណាក់កាលនៃតម្រូវការ ការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនតាមរយៈមុខតំណែង ការគោរពពីមនុស្សជុំវិញខ្លួន ក៏ដូចជាការគោរពខ្លួនឯង តាមរយៈការពេញចិត្តនូវអ្វីដែលខ្លួនកំពុងមានជាដើម។ បើយើងនិយាយពី តម្រូវការផ្នែកហិរញ្ញវត្ថុវិញ ក្នុងដំណាក់កាលនេះ មនុស្សម្នាក់ៗអាចគ្រប់គ្រងលើចំណូលចំណាយចាំបាច់បានហើយ ថែមទាំងអាចមានប្រាក់សន្សំសម្រាប់ចូលនិវត្តន៍ ប្រាក់សម្រាប់កូនៗសិក្សា ឬអាចនិយាយបានថា យើងអាចសម្រេចបានសេរីភាពហិរញ្ញវត្ថុបានហើយ។
៥. តម្រូវការនៃការសម្រេចបំណង(Self-actualization)៖
ចំណុចចុងក្រោយនេះ សំដៅលើការរៀបចំផ្ទេរមរតកដែលខ្លួនមានទៅកាន់គ្រួសារ ឬសង្គមជាតិ។ ក្នុងចំណុចនេះមានន័យថា អ្នកប្រហែលជាចង់ចែកទ្រព្យសម្បត្តិអ្នក ឬបន្ទាប់ពីមរណភាពទៅដល់សាច់ញាតិ រដ្ឋាភិបាល និងមូលនិធិអ្វីមួយដើម្បីជាប្រយោជន៍ក្នុងសង្គមជាដើម។ ក្រៅពីការផ្ទេរមរតកទៅ តម្រូវការមនុស្សម្នាក់ៗក្នុងដំណាក់ទី៥ នេះ អាចមានបំណងចង់ក្លាយខ្លួនទៅបុគ្គលណាម្នាក់ដែលគេទទួលស្គាល់ក្នុងសង្គម ការចង់សម្រេចបានចំណេះដឹងថ្មីៗបន្ថែម និងសម្រេចក្ដីស្រមៃរបស់ខ្លួនណាមួយដែលធ្លាប់ប៉ងប្រាថ្នាជាយូរមកហើយ។
ការស្វែងយល់អំពីទ្រឹស្តីនេះ អាចធ្វើឱ្យយើងស្វែងយល់កាន់តែច្បាស់អំពីការរៀបចំទុកដាក់ផ្នែកហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព ស្របតាមដំណាក់កាលនៃតម្រូវការរបស់មនុស្សម្នាក់ៗ ហើយថែមទាំងអនុញ្ញាតឱ្យយើងម្នាក់ៗមានការគិតបែបស៊ីជម្រៅលើគម្រោងហិរញ្ញវត្ថុថែមទៀតផង។
ក្រោយពីបានអានអត្ថបទខាងលើរួចមក តើអ្នកគិតថា អ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលតម្រូវការណាមួយដែរ បើយោងទៅតាមទ្រឹស្ដីរបស់លោក Maslow? ចែករំលែកពីតម្រូវការអ្នកនៅក្នុង Comment ខាងក្រោមផងណា៎៕