លោក Mark Elliot Zuckerberg ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Facebook ដែលជាគេហទំព័របណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ពេលបច្ចុប្បន្ននេះ លោកជាមហាសេដ្ឋីជំនួញជនជាតិអាមេរិកម្នាក់ និងមានទឹកប្រាក់សរុប ១០៦.៣ ពាន់លានដុល្លារ ដែលគេចាត់ទុកក្នុងចំណោមមហាសេដ្ឋីវ័យក្មេង។
ថ្ងៃនេះ កាក់សេននឹងលើកយកមេរៀនជោគជ័យរបស់លោកមកចែករំលែកជូនអ្នកទាំងអស់គ្នាដូចតទៅ៖
លោកបានលើកឡើងថា ដើម្បីឲ្យការងារ ការរកស៊ីបានសម្រេចជោគជ័យតម្រូវឲ្យអ្នកមានមហិច្ចតាខ្ពស់ ហើយដឹងពីអ្វីដែលអ្នកចង់បានទើបអាចបង្កើតគោលការណាមួយដែលសាកសមនឹងអ្នកក្នុងការសម្រេចវា។ បន្ទាប់ពីបានដឹងពីការចង់បានហើយ មិនគួរកំណត់ចំនួនការងារដែលត្រូវធ្វើ ហើយត្រូវហ៊ានផ្លាស់ប្ដូរខ្លួនឯង ហ៊ានប្រថុយ ហើយកុំដាក់កម្រិត ឬដែនកំណត់លើផ្នត់គំនិតក្នុងការធ្វើការ និងរកស៊ី។ ព្រោះដើម្បីឲ្យការងារ ឬអាជីវកម្មមួយជោគជ័យត្រូវធ្វើឲ្យបាននូវការងារដែលអ្នកគិតថាមិនអាចទៅរួច។
សម្រាប់ការងារនីមួយៗ អ្នកគួរធ្វើឲ្យអស់ពីសមត្ថភាព ទោះមិនបានលទ្ធផលល្អឥតខ្ចោះ ប៉ុន្តែគួរបញ្ចប់វាដោយល្អបំផុត ព្រោះគ្មានការជោគជ័យណាមួយដែលគ្មានការខិតខំនោះទេ។ ដូចនេះ ដើម្បីឱ្យសុបិនរបស់អ្នកក្លាយជាការពិត ត្រូវហ៊ានលះបង់ពេលវេលា ហើយធ្វើការងារគ្រប់យ៉ាងដែលអាចធ្វើទៅបាន។ មួយវិញទៀត កុំមានការសង្ស័យលើសមត្ថភាពរបស់អ្នក និងកុំឱ្យនរណាម្នាក់មកបំពេញការគិតដោយរឿងអវិជ្ជមាន។ ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ហើយហ៊ានប្រឈមនឹងបញ្ហា សម្ពាធផ្សេងៗដែលរារាំងផ្លូវរបស់អ្នក។ បើមានការរិះគន់ដើម្បីស្ថាបនា គួរយកវាមកកែតម្រូវអាជីវកម្មវិញ ដើម្បីអភិវឌ្ឍឲ្យកាន់តែមានភាពប្រសើរឡើង។
គួរឲ្យដឹងដែរថា លោក Mark Zuckerberg មិនដែលបញ្ចប់ការប្រជុំ ឬការពិភាក្សាដោយគ្មានដំណោះស្រាយទេ។ ៩៩ ភាគរយនៃបុគ្គលិកដែលធ្វើការឲ្យក្រុមហ៊ុន Facebook ពេញចិត្តលោកជាខ្លាំងព្រោះលោកជាមនុស្សដែលមានភាពវ័យឆ្លាត ហើយតែងតែមានពេលក្នុងការសន្ទនា និងផ្ដល់សិទ្ធដល់និយោជិតឲ្យមានភាពច្នៃប្រឌិតខុសពីគោលការក្រុមហ៊ុនជានិច្ច។
លោកបាននិយាយថាធ្វើអាជីវកម្មមួយត្រូវមានគោលបំណងខ្ពស់ ប្រសិនបើបំណង ចង់បាននោះមិនបានសម្រេច កុំបែកអារម្មណ៍ ហើយគួរបន្តធ្វើវារហូតសម្រេចគោលដៅរបស់អ្នក៕