យើងតែងតែឧស្សាហ៍និយាយថា “ខ្ញុំចង់ទិញរបស់នេះ, ត្រូវការទិញរបស់នោះ” អីជាដើម ប៉ុន្តែយើងនៅមិនទាន់បែងចែងដាច់នៅឡើយថា មួយណាត្រូវការ មួយណាគ្រាន់តែចង់បាន។ ចុះឡើងៗទិញទាំងអស់ ដែលជាបញ្ហាប៉ះពាល់ដល់បញ្ហាលុយកាក់របស់អ្នកទាំងអស់គ្នា។
ដូច្នេះដើម្បីកុំឲ្យបញ្ហាបែបហ្នឹងកើតមានទៀត យើងគួរតែមកសិក្សាទាំងអស់គ្នារវាង ចំណង់ និងតម្រូវការដែលចាំបាច់ ចៀងវាងចេះតែយល់ច្រឡំ ភ្លេចៗខ្លួន ចាយអស់លុយអស់ទៀត។
តើតម្រូវការ (NEEDS) ជាអ្វី?
តម្រូវការ(NEEDS) សំដៅទៅដល់តម្រូវការដែលចាំបាច់ដែលយើងមិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃ រួមមានមានដូចជា ស្បៀងអាហារ ទីជម្រក និងសម្លៀកបំពាក់។ សម្រាប់នាពេលបច្ចុប្បន្ន យើងឃើញថា ក្រៅពីតម្រូវការដែលបានរៀបរាប់ខាងលើ យើងម្នាក់ៗក៏មានតម្រូវការចាំបាច់បន្ថែមទៀតនោះគឺ ចំណេះដឹង អនាម័យផ្ទាល់ខ្លួន និងការថែទាំសុខភាពជាដើម។
តើចំណង់ (WANTS) ជាអ្វី?
ចំណង់ (WANTS) សំដៅលើទៅលើការចង់បានរបស់មួយចំនួនមកបំពេញចិត្ត ឬនិយាយឱ្យងាយស្រួលយល់ ទោះបីជាគ្មានវា ក៏មិនមានបញ្ហាដល់ការរស់នៅរបស់យើងនោះឡើយ។
តើតម្រូវការ (NEEDS) និង ចំណង់ (WANTS) ខុសគ្នាដូចម្តេចខ្លះ?
ជាទូទៅ តម្រូវការ និងចំណង់ អាចវិភាគ ឬបែងចែកឱ្យដាច់ វាអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ និងតម្រូវការចាំបាច់របស់បុគ្គលម្នាក់ៗដែរ ដ្បិតថាការរស់នៅ ស្ថានភាពជីវិតរបស់មនុស្សម្នាក់ៗពុំមានលក្ខណៈដូចគ្នានោះឡើយ។ យើងអាចនិយាយម្យ៉ាងវិញមួយទៀតបានថា ចំណង់និងតម្រូវការ គឺខុសគ្នាសំខាន់ត្រង់ថា មួយខ្វះបាន ឯមួយទៀតខ្វះមិនបាននោះឡើយ។
‣ ឥឡូវយើងនឹងលើករឿងមួយមកបកស្រាយរបស់និស្សិតកាក់ និងសេន។
ឧទាហរណ៍ថា កាក់ គឺជាកូនដែលគ្រួសារមានស្ថានភាពហិរញ្ញវត្ថុល្អមួយ។ កាក់បានចាប់យកជំនាញ ស្ថាបត្យកម្ម ដោយលោកមានតម្រូវការទិញកុំព្យូទ័រល្អមួយដែលមានតម្លៃ ៨លានរៀល ដើម្បីរៀនពីការគូសប្លង់ និងអាចដំឡើង(install)កម្មវិធីធំៗបាន។ រីឯសេនក៏ជាកូនដែលមានគ្រួសារមានស្ថានភាពហិរញ្ញវត្ថុល្អដូចគ្នា ប៉ុន្តែគាត់កំពុងសិក្សាជំនាញអក្សរសាស្ត្រអង់គ្លេស។ ដូចនេះ តម្រូវការកុំព្យូទ័ររបស់គាត់ អាចត្រឹមតែកុំព្យូទ័រដែលមានសមត្ថភាពសមល្មមមួយ ដើម្បីសិក្សាស្រាវជ្រាវការងារពីសាលា ដែលកុំព្យូទ័រនោះត្រឹមមានតម្លៃ ៤លានរៀលក៏គ្រប់គ្រាន់។
ប៉ុន្តែករណីថា សេន មានចំណង់ចង់បានកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ រូបរាងស្អាត និងជាប្រ៊ែនដែលគាត់ស្រឡាញ់ គាត់បានបន្ថែម ៤លានរៀលទៀត ដើម្បីទិញកុំព្យូទ័រនោះ។ អញ្ចឹង! ៤លានរៀលបន្ថែមនេះ គឺជាចំណង់របស់លោក រីឯតម្រូវចំណាយចាំបាច់ត្រឹមតែ ៤លានរៀលដំបូងប៉ុណ្ណោះ។
សូមចងចាំថា តម្រូវការ និងចំណង់របស់បុគ្គលម្នាក់ៗមានលក្ខណៈខុសៗគ្នា អាស្រ័យលើស្ថានភាពរស់នៅ។ ជួនកាលវាអាចជាចំណង់របស់យើងតម្រូវការគេ ឬវាជាចំណង់គេ តែតម្រូវការរបស់យើងវិញ។
គន្លឹះ៖ មុននឹងទិញអ្វីម្យ៉ាង សូមសួរសំណួរខ្លួនឯងពីរសំណួរនេះ៖
១. តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើខ្ញុំមិនទិញវាឥឡូវនេះ?
២. តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើខ្ញុំទិញទំនិញ version ដែលទាបជាងនេះ?
តាមពិតទៅ ការលើកឡើងពីចំណង់ និងតម្រូវការនេះ ពុំបានបង្អាក់អ្នកទាំងអស់គ្នាឱ្យបញ្ឈប់ការទិញអីវ៉ាន់ដែលខ្លួនស្រឡាញ់នោះឡើយ គ្រាន់តែជាការក្រើនរម្លឹក និងបែកចែកឱ្យដាច់រវាងរឿងទាំងពីរនេះ ចៀសវាងប៉ះពាល់ដល់បញ្ហាហិរញ្ញវត្ថុរបស់អ្នកតែប៉ុណ្ណោះ៕