ក្នុងសម័យកូវីដ១៩ សន្ទុះប្រជាប្រិយភាពនៃការរកសុីតាមអនឡាញមានការកើនឡើងកាន់តែខ្លាំង។ ទោះបីការរកសុីតាមអនឡាញ មិនត្រូវការចំណាយទុនច្រើន និងមិនត្រូវការទីតាំងអគារជាក្រុមហ៊ុន តែមិនមែនធានាថាមិនជួបបញ្ហានោះទេ។
ថ្ងៃនេះ យើងមកមើលពីបញ្ហាដែលអាចប្រឈមពេលរកស៊ីតាមអនឡាញទាំងអស់គ្នា!!!
ការប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា៖
ក្នុងករណីអ្នកចម្លងកម្មសិទ្ធិបញ្ញា រួមមានកម្មសិទ្ធិឧស្សាហកម្ម ដូចជាឈ្មោះហាង ស្លាកយីហោ សញ្ញាពាណិជ្ជកម្ម និងស្នាដៃកម្មសិទ្ធិបញ្ញា ដូចជាស្នាដៃច្នៃប្រឌិតផ្ទាល់ខ្លួន រូបថត ឬវីដេអូ ដោយគ្មានការអនុញ្ញាត វាប៉ះពាល់ដល់កម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម។ ម្ចាស់កម្មសិទ្ធិដើមមានសិទ្ធីចាត់វិធានការតាមផ្លូវច្បាប់ដែលអាចតម្រូវឲ្យអ្នកសងថ្លៃខូចខាតជាសំណង។ ដូចគ្នាដែរ អ្នកអាចប្រឈមមុខនឹងស្ថានភាពដូចគ្នា ប្រសិនមានអ្នកដទៃចម្លងពីអ្នកវិញ ប្រើប្រាស់ស្នាដៃ ឬការងាររបស់អ្នក ឬទាញយកផលប្រយោជន៍ពីការប្រើប្រាស់ឈ្មោះអាជីវកម្មរបស់អ្នកជាដើម ដែលបណ្ដាលឲ្យខូតខាតដល់កេរ្តិ៍ឈ្មោះហាង។
អសុវត្ថិភាពនៃប្រព័ន្ធអុីនធឺណែត៖
ការរកសុីតាមអនឡាញផ្អែកសំខាន់ទៅលើបណ្តាញសង្គមដូចជា Facebook Instagram ឬ គេហទំព័រផ្សេងៗ។ ដ្បិតថាការរកសុីតាមអនឡាញមានភាពងាយស្រួល តែក៏មានហានិភ័យច្រើនដែលម្ចាស់អាជីវកម្មអាចជួបប្រទះដោយសារអសុវត្ថិភាពនៃប្រព័ន្ធអុីនធឺណែត ដូចជា គេហទំព័រមិនដំណើរការ ភាពរអាក់រអួលនៃប្រព័ន្ធអុីនធឺណែតធ្វើឲ្យខកខានការឆ្លើយតបអតិថិជន និងពួកជនខិលខូចលួចព័ត៌មានសម្ងាត់របស់អាជីវកម្មឬព័ត៌មានអតិថិជន។
អតិថិជនមិនស្មោះត្រង់៖
អ្នកលក់ក៏អាចប្រឈមមុខនឹងទង្វើបោកប្រាស់មួយចំនួនពេលមានការបញ្ជាទិញពីអតិថិជនដូចជា ការផ្ញើវិក័យបត្រទូទាត់ទំនិញក្លែងក្លាយ(Counterfeited Transaction Receipt) គ្មានការឆ្លើយតប មិនទទួលទូរស័ព្ទអ្នកដឹកជញ្ជូន ឬលុបចោលការបញ្ជាទិញ។ ករណីទាំងនេះនឹងធ្វើឲ្យម្ចាស់អាជីវកម្មទទួលរងការខាតបង់ ប្រសិនបើគ្មានការប្រុងប្រយ័ត្នឬវិធីដោះស្រាយទាន់ពេលវេលា។
បញ្ហាខូចខាត បាត់បង់ និងស្ទះអីវ៉ាន់៖
ចំពោះអាជីវកម្មអនឡាញ មិនថាការដឹកជញ្ជូនក្នុងស្រុក ឬក្រៅស្រុក សុទ្ធតែអាចប្រឈមនឹងបញ្ហាខូចខាត បាត់បង់ និងស្ទះអីវ៉ាន់។ ចំពោះអាជីវកម្មអនឡាញដែលនាំចូលទំនិញពីក្រៅប្រទេសអាចប្រឈមបញ្ហាមួយចំនួនដូចជា ការខូចខាតឬបាត់បង់ទំនិញ ការយឺតយ៉ាវទទួលទំនិញដោយសារការរាំងស្ទះ ឬច្រកព្រំដែនបិទញឹកញាប់ ជាពិសេសក្នុងសម័យកូវីដ ១៩ នេះតែម្ដង។ ចំពោះអាជីវកម្មអនឡាញដែលប្រើប្រាស់ការដឹកជញ្ជូនក្នុងស្រុកអាចប្រឈមបញ្ហាមួយចំនួនដូចជា តម្លៃសេវាកម្មថ្លៃ រអាក់រអួលពេលវេលាដឹកជញ្ជូន អ្នកដឹកជញ្ជូនមិនស្មោះត្រង់ ឬយកលុយបន្ថែមពីអតិថិជន។ បញ្ហាទាំងនេះហើយដែលធ្វើឲ្យអតិថិជនបាត់បង់ការជឿទុកចិត្តទៅលើអាជីវកម្មអនឡាញ។
ស្ទះលុយលើអីវ៉ាន់លក់មិនចេញ
បញ្ហានេះច្រើនកើតមានឡើងក្នុងករណីអតិថិជនបញ្ជាទិញហើយ តែទាក់ទងមកទទួលទំនិញមិនបាន បាត់ស្រមោល ខលមិនលើក ឬមិនយកទំនិញតែម្តង។ បែបនេះបានន័យថា អ្នកលក់ត្រូវកប់លុយក្នុងអីវ៉ាន់ចាស់ និងស្ទះលុយសម្រាប់ទូទាត់អីវ៉ាន់ចូលថ្មី។
លក់ដេញជើងគ្នា៖
ការប្រកួតប្រជែងលើទីផ្សារជារឿងទូទៅ មិនថាការកំណត់តម្លៃ ឬការផ្សព្វផ្សាយពាណិជ្ជកម្ម។ ការកំណត់តម្លៃលក់ទំនិញជាកត្តាប្រកួតប្រជែងចំបងមួយ ហេតុនេះបានជាអ្នកលក់មួយចំនួនព្យាយាមលាក់តម្លៃ ឬព្យាយាមកំណត់តម្លៃលក់ទាបជាងដៃគូប្រកួតប្រជែង ដើម្បីទាក់ទាញអតិថិជនឱ្យបានច្រើន។
ធម្មតា ការរកស៊ីតែងមានផលវិបាកដែលត្រូវប្រឈម។ ទោះជាយ៉ាងនេះក្ដី បើសិនអ្នកកំពុងពិចារណាចង់ចាប់របររកសុីតាមអនឡាញ អ្នកគប្បីត្រៀមខ្លួន រៀបចំផែនការ និងយុទ្ធសាស្ត្រអាជីវកម្មផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យមួយចំនួនខាងលើ៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។