ថ្ងៃនេះអេដមីនចង់ណែនាំពីកម្ចីមួយ ដែលមានការពេញនិយមនៅប៉ែកអ៊ឺរ៉ុប ដែលគេហៅថា “Payday Loan”។
តើអ្វីជា Payday Loan?
Payday Loan ជាកម្ចីដែលមានរយៈពេលខ្លី ត្រឹម ៣០ថ្ងៃ ព្រមទាំងអាចខ្ចីបានចាប់ពី ៥០ដុល្លារ ទៅ ១០០០ដុល្លារ ដោយអាស្រ័យតាមអ្នកផ្តល់កម្ចី ហើយមានអត្រាការប្រាក់ខ្ពស់។ នៅតាមប្រទេសអ៊ឺរ៉ុប អាត្រាការប្រាក់នៃកម្ចី គឺចាប់ពី ៤០០% ទៅ ៧០០% ឬអាចខ្ពស់រហូតដល់ ១៥០០% ក្នុងមួយឆ្នាំ។
ភាគច្រើនអ្នកដែលទៅយកកម្ចីនេះគឺត្រូវការប្រាក់ភ្លាមៗ ដើម្បីតម្រូវការចាំបាច់។ អ្នកដែលចង់ខ្ចីអាចស្វែងរកសេវាកម្ចីនេះបាននៅតាមតូបដែលផ្តល់កម្ចីក្នុងទីប្រជុំជន (High Street Shop) ឬវេបសាយកម្ចីនានា។ ក្រៅពីនេះពួកគេអាចសាកស្វែងរកតាមសហភាពឥណទាន ឬធនាគារក្នុងតំបន់របស់ពួកគេ។
ដើម្បីទទួលបាននូវប្រាក់កម្ចីនេះ អ្នកខ្ចីត្រូវ៖
- អាយុចាប់ពី១៨ឆ្នាំឡើងទៅ
- មានគណនីធនាគារ
- មានការងារច្បាស់លាស់
- មានពិន្ទុក្រេឌីតល្អ
- កន្លែងខ្លះតម្រូវឱ្យសង់បំណុលចាស់សិន
- និងបំពេញព័ត៌មានផ្ទាល់ខ្លួនផ្សេងៗមួយចំនួន
ចំពោះការសងប្រាក់ត្រឡប់ទៅវិញ ម្ចាស់កម្ចីនឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិពីគណនីធនាគាររបស់អ្នកខ្ចី។ ក្នុងករណីដែលកុងធនាគារមិនមានប្រាក់គ្រប់គ្រាន់ ពួកគេនឹងត្រូវផាកពិន័យបន្ថែម។
កម្ចីនេះអាចនាំឲ្យអ្នកខ្ចីផុងចូលក្នុងបំណុលយ៉ាងច្រើន ទើបរដ្ឋាភិបាលបានបង្កើតច្បាប់ខុសៗគ្នាទៅតាមរដ្ឋដើម្បីទប់ស្កាត់ ដូចជាកាត់បន្ថយនូវអត្រាការប្រាក់នៃកម្ចី ព្រមទាំងតម្រូវឱ្យម្ចាស់កម្ចីត្រួតពិនិត្យពីលទ្ធភាពសងរបស់អ្នកខ្ចីផងដែរ។ មុននឹងសម្រេចចិត្តជ្រើសរើសនូវកម្ចីនេះ ទើបគេណែនាំឲ្យរកជំនួយពីបងប្អូន សាច់ញាតិ មិត្តភក្តិ ឬលក់របស់ប្រើប្រាស់ដែលមិនសូវចាំបាច់ជាដើម។
កម្ចីនេះមិនមាននៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែអ្នកអាចរកកម្ចីស្រដៀងនឹងកម្ចីនេះបានដូចជា កម្ចីរហ័សនៅធនាគារ អេ អឹម ខេ និងធនាគារ វីងជាដើម។ ប៉ុន្តែមុននឹងខ្ចី អ្នកគួរតែមានការគិតគូរឱ្យបានច្បាស់លាស់ ព្រមទាំងបានអាន និងស្វែងយល់ពីគោលការណ៍នៃធនាគារទាំងនោះផងដែរ៕