រឿងចំណូល គឺជាប្រធានបទជជែកដ៏ពេញនិយមមួយលើបណ្ដាញសង្គម រហូតមានការពិភាក្សាវែកញែកថាតើនាពេលបច្ចុប្បន្ននេះ យើងគួរប្រកាន់យកគោលគំនិតមួយណា៖ ចំណូលតែមួយប្រភព តែតិច ឬចំណូលច្រើនប្រភព ប៉ុន្តែក្នុងមួយប្រភពៗ គឺតិច? 🧐
តើគុណប្រយោជន៍អ្វីខ្លះដែលអាចទទួលបានពីចំណូលមួយប្រភព ហើយច្រើន?
១. អាចផ្តោតអារម្មណ៍លើការងារ
ពេលមានមួយដឹងមួយ យកចិត្តទុកដាក់លើការបំពេញការងារឲ្យបានល្អ ដើម្បីឡើងប្រាក់ខែ និងមុខតំណែង ឬសម្រាប់អាជីវករ ឬពាណិជ្ជករដែលចង់ពង្រីកអាជីវកម្មជាដើម ដូចឃ្លាមួយក្នុងកាព្យរបស់លោកតា ក្រម ង៉ុយ ដែលបានលើកឡើងថា “បើចេះប្រាកដ ប្រាក់រត់តាមហៅ”។
២. ងាយស្រួលគ្រប់គ្រងហិរញ្ញវត្ថុ
ពេលមានសិ្ថរភាពពីចំណូលតែមួយប្រភព អ្នកងាយស្រួលក្នុងការគ្រប់គ្រងចាត់ចែងលុយកាក់ ហើយមិនចាំបាច់ចាំលុយពីប្រភពនេះ ឬប្រភពនោះសិន។
៣. ឆាប់ទទួលបានឯករាជ្យភាពហិរញ្ញវត្ថុ
ពេលអ្នកមានប្រាក់ចំណូលមួយមានចំនួនច្រើន ឬគ្រប់គ្រាន់ដែលអាចឈរលើជំហរខ្លួនឯង ក្នុងការសម្រេចចិត្តធ្វើអ្វីៗដោយខ្លួនឯង នឹងធ្វើឲ្យអ្នកអាចឆាប់មានឯករាជ្យភាពហិរញ្ញវត្ថុ។ ព្រោះអ្នកអាចផ្គត់ផ្គង់លើតម្រូវការចំបាច់ប្រចាំថ្ងៃដោយខ្លួនឯង ដូចជាថ្លៃទឹក ភ្លើង និងម្ហូបអាហារជាដើម ដោយពុំមានជំនួយពីអ្នកដទៃ ឬត្រូវចាំប្រាក់ពីប្រភពចំណូលផ្សេងមកបង្រ្គប់។
ការមានប្រភពចំណូលតែមួយគឺស័ក្តិសមសម្រាប់អ្នក
– ផ្ដោតលើចំណូលក្រាស់ និងមានសុទិដ្ឋិនិយមទៅលើនិរន្តរភាពការងារបានយូរអង្វែង
– អ្នកចូលចិត្តការងារគោល ហើយចង់ពង្រីកការងារដែលកំពុងមានស្រាប់
– ការងារ ឬរបរបុគ្គលនោះមិនសូវប៉ះពាល់ខ្លាំងដោយសារវិបត្តិសេដ្ឋកិច្ច
– សម្រាប់អាជីវកម្មដែលឈរជើងយូរមកហើយ មានម៉ូយស្រាប់ ទោះដៃគូប្រកួតច្រើនក្ដី
តើគុណប្រយោជន៍អ្វីខ្លះដែលអាចទទួលបានពីចំណូលពីរបីប្រភពទៀត ?
ផ្ទុយមកវិញ មានមជ្ឈដ្ឋានខ្លះទៀតខ្វែងគំនិតយល់ឃើញផ្សេងវិញថា ចំណូលច្រើនប្រភពប្រសើរជាង ស៊ូតិចមែន ប៉ុន្តែវាបានយិតយោងគ្នាទៅវិញទៅមក ទោះមួយជួបគ្រោះ នៅមានពីរបីទៀតជួយទប់ទល់ និងយោងតាមហេតុផលមួយចំនួនទៀត ដូចជា៖
១. រក្សាសុវត្ថិភាពហិរញ្ញវត្ថុ
ស្ថានភាពសេដ្ឋកិច្ចរមែងប្រែប្រួល ទីផ្សារសេរីដៃគូប្រកួតប្រជែងកើនឡើងជាលំដាប់ កន្លែងការងារអាចជម្រុះបុគ្គលិកចេញថ្ងៃណាមួយក៏យើងមិនដឹង។ ពេលអ្នកមានចំណូលផ្សេងពីចំណូលច្បង (main income) អ្នកនឹងមានលុយចាយបណ្តោះអាសន្ន ពីប្រភពដទៃទៀត។
២. បានបទពិសោធន៍ច្រើន
ការប្រឡូកក្នុងការងារច្រើន ក៏ផ្តល់បទពិសោធន៍ និងឱកាសឲ្យអ្នកបានសាកល្បងធ្វើអ្វីដែលអ្នកចូលចិត្ត ឬមិនដែលធ្វើពីមុនសោះ។សម្រាប់វិស័យជំនួញវិញ អ្នកអាចជួប និងភ្ជាប់ទំនាក់ទំនងជាមួយអ្នករកស៊ីដូចគ្នា ដើម្បីដោះដូរគំនិត និងកសាងភាពជាដៃគូផងដែរ។
៣. ទប់ទល់ជាមួយអតិផរណា វិបត្តិសេដ្ឋកិច្ច
ការចំណាយក្នុងពេលមានអតិផរណានឹងឡើងថ្លៃ ក្នុងករណីដែលប្រាក់ខែចម្បងមិនអាចទប់ទល់គ្រប់គ្រាន់ ការមានប្រភពចំណូលផ្សេងទៀតនឹងជួយសម្រាលបន្ទុក។ ឧទាហរណ៍ ក្នុងអំឡុងពេលកូវីដ១៩ ដែលមនុស្សជាច្រើនបាត់បង់ការងារ ហើយប៉ះពាល់ដល់សេដ្ឋកិច្ច ដូច្នេះបើបាត់បង់ចំណូលមួយ អាចសល់ចំណូលមួយទៀត មកដោះស្រាយសិន។
ការពង្រីកប្រភពចំណូលគឺត្រូវបានលើកទឹកចិត្តសម្រាប់:
- ការងារ ឬរបរដែលងាយរងផលប៉ះពាល់ដោយសារទីផ្សារ និងសេដ្ឋកិច្ច
- ចង់ប្រើប្រាស់ជំនាញរកលុយក្រៅ
- មិនមានធានារ៉ាប់រងទៅលើប្រាក់ចំណូលបាត់បង់ពីការងារ
- បំណុលជាប់ខ្លួនលើសពី៥០%នៃប្រាក់ខែ (ចំណូល) ចម្បង
ប្រភពចំណូលមួយតែបានច្រើន និងប្រភពច្រើនតែបានតិចគឺសុទ្ធតែមានអត្ថប្រយោជន៍រៀងៗខ្លួន និងត្រូវបានណែនាំសម្រាប់មនុស្សនីមួយៗខុសៗគ្នា ទៅតាមស្ថានភាពការងារ ឬរបររកស៊ី និងស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែង។ សម្រាប់អ្នកមិនទាន់ចង់ប្រថុយប្រថាន ពេលចេញរកស៊ី ឬធ្វើការដំបូងគួរផ្ដោតលើចំណូលចម្បងសិនក៏ល្អដែរ ចាំដល់ពេលមួយដែលយើងមានបទពិសោធន៍គ្រប់គ្រាន់ សឹមសិក្សាស្រាវជ្រាវច្បាស់លាស់ពីលទ្ធភាពពង្រីកប្រភពចំណូលបន្ថែម ដើម្បីចៀសវាងហានិភ័យនានា៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន