កាក់សេនជឿថា អ្នកទាំងអស់គ្នាសុទ្ធតែចង់សន្សំលុយ ហើយទុកវាប្រើពេលចាំបាច់ណាមួយ តែអ្នកខ្លះនៅស្ទាក់ស្ទើថា លុយសល់ពីចំណាយរួចតិចពេក មិនដឹងថាអាចសន្សំបានដូចគេដែរឬទេ? ហើយបើសន្សំមែន គួរសន្សំដូចម្តេច?
ខាងក្រោមជាតិចនិចមួយចំនួនដើម្បីចាប់ផ្តើមការសន្សំតិចតួច ឬហៅថាការសន្សំបែបមីក្រូ៖
១. កំណត់គោលដៅក្នុងការសន្សំ
ការកំណត់គោលដៅសន្សំបានច្បាស់លាស់ នឹងជួយជំរុញដល់ការបង្កើតផែនការសន្សំមួយដែលត្រឹមត្រូវ ស្របតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នកផ្ទាល់។ អ្នកអាចចាប់ផ្តើមផែនការសន្សំ តាមរយៈការផ្លាស់ប្តូរទម្លាប់ងាយៗដូចជា ការកាត់ចំណាយមិនចាំបាច់ ដកលុយសន្សំមុនចាយជាដើម។
២. បង្កើតទម្លាប់ក្នុងការសន្សំ
សន្សំតិចគ្មានបញ្ហានោះទេ នៅពេលដែលអ្នកជ្រើសរើសចំនួនលុយដែលស័ក្តិសមនឹងជីវភាពរបស់អ្នក។ សំខាន់បំផុតគឺមានទម្លាប់សន្សំ សន្សំដោយទៀងទាត់ ចាប់ផ្តើមពីលុយមួយកាក់មួយសេន ឬលុយអាប់ លុយរាយ ដោយមិនបោះបង់ មិនលួចដកលុយមកចាយ ដរាបណាមិនទាន់បានសម្រេចគោលដៅដែលខ្លួនរំពឹងទុក។
៣. ស្វែងរកកន្លែងសន្សំលុយបែបមីក្រូ
បច្ចុប្បន្នមិនខ្វះទេគ្រឹះស្ថានហិរញ្ញវត្ថុដែលមានផលិតផលសន្សំបែបមីក្រូ ដោយអ្នកអាចសន្សំលុយបាន ក្នុងចំនួនតិចតួចប្រចាំខែ ហើយផ្តល់អត្ថប្រយោជន៍ច្រើនដូចជាការប្រាក់ ឬការធានារ៉ាប់រងខ្នាតតូចជាដើម។ ចំពោះការសន្សំវិញ អ្នកគួររស្វែងរកផលិតផលណាដែលអនុញ្ញតឲ្យអ្នកសន្សំប្រាក់ដោយស្វ័យប្រវត្តិ ហើយងាយស្រួលក្នុងការសន្សំប្រចាំខែ។ បន្ថែមពីនេះអ្នកក៏គួររប្រៀបធៀបពីលក្ខខណ្ឌនៃផលិតផលខ្លះៗរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នោះថា តើមួយណាដែលអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើនជាងគេ។
កាក់សេនលើកទឹកចិត្តអ្នកទាំងអស់គ្នាកុំឲ្យមានការខ្មាសអៀនក្នុងការស្វែងរក ឬសាកសួរព័ត៌មានបន្ថែមជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីស្វែងយល់ពីតម្រូវការហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកព្រោះការចាប់ផ្តើមសន្សំទោះជាមួយកាក់ ឬមួយសេនក៏ដោយ វាគឺជាជំហានដំបូងក្នុងការឈានទៅសម្រេចបានគោលដៅហិរញ្ញវត្ថុពេលអនាគត៕