តម្លៃភាគហ៊ុនជាតម្លៃក្នុងមួយឯកតារបស់ភាគហ៊ុននៃក្រុមហ៊ុនណាមួយក្នុងពេលបច្ចុប្បន្ន ដែលត្រូវបានដាក់លក់ក្នុងផ្សារមូលបត្រ។ នៅពេលដែលក្រុមហ៊ុនប្រកាសលក់ភាគហ៊ុនជាសាធារណៈ តម្លៃភាគហ៊ុនត្រូវបានកំណត់ដោយក្រុមហ៊ុនជាមួយនឹងធនាគារវិនិយោគ (Investment bankers) ហើយតម្លៃភាគហ៊ុននីមួយៗត្រូវកំណត់ទៅតាមការវាយតម្លៃ និងតម្រូវការរបស់ស្ថាប័នវិនិយោគ (Institutional Investor)។
កត្តាចម្បងដែលធ្វើឱ្យតម្លៃភាគហ៊ុនប្រែប្រួលមានកត្តាសេដ្ឋកិច្ចរបស់ប្រទេស និងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផ្ទាល់។ ក្រៅពីនេះ ក៏មានកត្តាផ្សេងៗទៀតដូចជា៖
-ការផ្គត់ផ្គង់ និងតម្រូវការ៖ តម្លៃភាគហ៊ុននឹងឡើង បើតម្រូវការផលិតផលក្រុមហ៊ុនខ្ពស់ តែបើការផ្គត់ផ្គង់ច្រើនជាងតម្រូវការ នោះតម្លៃភាគហ៊ុននឹងធ្លាក់ចុះ។
-ការផ្លាស់ប្តូរការគ្រប់គ្រង ផលិតកម្ម និងសេវាកម្ម៖ ប្រសិនបើប្រព័ន្ធគ្រប់គ្រងផ្លាស់ប្តូរទៅកាន់តែរឹងមាំនោះតម្លៃភាគហ៊ុនកាន់តែមានតម្លៃថ្លៃ។ បើជាការប្រែប្រួលល្អដូចជា បង្កើនគុណភាពផលិតផល ឬពង្រឹងសេវាកម្ម តម្លៃភាគហ៊ុននឹងឡើងថ្លៃ។ បើករណីផ្ទុយវិញ តម្លៃធ្លាក់ចុះទៅតាមហ្នឹងដែរ ព្រោះគ្មានតម្រូវការពីអតិថិជន។
-កេរ្តិ៍ឈ្មោះក្រុមហ៊ុន៖ កេរ្តិ៍ឈ្មោះក្រុមហ៊ុនជារឿងសំខាន់។ ប្រសិនជាមានរឿងអាស្រូវ ឬពាក្យចចាមអារ៉ាមមិនល្អ អាចប៉ះពាល់ដល់តម្លៃភាគហ៊ុន។
-តម្រូវការបស់អ្នកវិនិយោគ៖ បើភាគហ៊ុនមានតម្រូវការច្រើនពីវិនិយោគិន នោះវានឹងត្រូវដាក់លក់ក្នុងតម្លៃថ្លៃ តែបើភាគហ៊ុនមិនសូវមានតម្រូវការពីវិនិយោគិនទេ នោះវានឹងត្រូវដាក់លក់ក្នុងតម្លៃទាប។
ក្នុងការវិនិយោគលើភាគហ៊ុន អ្នកវិនិយោគអាចទទួលផលចំណេញតាម ២ បែប៖
១. ផលចំណេញជាភាគលាភ៖ ក្រុមហ៊ុននឹងផ្តល់ភាគលាភដល់វិនិយោគិននៅពេលរកស៊ីចំណេញ រៀងរាល់មួយខែម្តង ឬបីខែម្តង ឬកន្លះឆ្នាំម្តងអាស្រ័យលើគោលការណ៍តាមក្រុមហ៊ុន។
២. ផលចំណេញតាមការជួញដូរ៖ ការទទួលផលចំណេញតាមរយៈការជួញដូរភាគហ៊ុន ដោយទិញភាគហ៊ុននៅពេលវាមានតម្លៃទាប ហើយលក់ទៅវិញនៅពេលវាមានតម្លៃខ្ពស់។
មុនសម្រេចទិញភាគហ៊ុនណាមួយ អ្នកគួរវិភាគ និងមើលលើកត្តាខាងក្រោមនេះ។
- សិក្សាពីប្រវត្តិ និងស្ថិរភាពក្រុមហ៊ុន
- ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- តាមដានសន្ទុះនៃការរីកចម្រើននៃក្រុមហ៊ុន
- ប្រើសេវាកម្មឈ្មួញកណ្តាលដើម្បីឲ្យវិភាគ និងសង្ខេបព័ត៌មានមកពីប្រភពផ្សេងៗ
- ស្រាវជ្រាវពីសកម្មភាពទីផ្សារ និងភាពពេញនិយមរបស់ផលិតផល ឬសេវាកម្មនៃក្រុមហ៊ុននោះ
ការវិនិយោគតម្រូវឲ្យអ្នកមានចំណេះដឹង និងការវិភាគច្រើន ព្រោះទីផ្សារឆាប់ប្រែប្រួល ងាយឡើង ឬចុះ ដូច្នេះបើអ្នកមិនច្បាស់លាស់ ឬខ្វះព័ត៌មានលើការវិនិយោគនោះ អ្នកអាចជួបហានិភ័យ ហើយខាតបង់ទាំងប្រាក់ និងពេលវេលា៕