Telegram ត្រូវបានរកឃើញដោយលោក Pavel Durov ដែលជាសហគ្រិនជនជាតិរុស្សី និងបានបើកដំណើរការឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៣ កន្លងទៅ។ រីឯចំនួនអ្នកប្រើប្រាស់វិញកើនឡើងជាង ១០មុឺននាក់ជារៀងរាល់ថ្ងៃ កំឡុងពេលដែលគាត់បង្កើតកម្មវិធីនេះដំបូងៗ។
បច្ចុប្បន្ន Telegram មានអ្នកប្រើប្រាស់ជាសកម្មចំនួន ៧០០ លាននាក់ក្នុងមួយខែ និង ប្រហែល ១៩៦ លាននាក់ប្រចាំថ្ងៃ។ ក្នុងឆ្នាំ ២០២៣ នេះដែរ ពួកគេរំពឹងថានឹងមានអ្នកប្រើប្រាស់ប្រមាណ ១.០៦៨ ពាន់លាននាក់ ដោយឃើញពីកំណើននៃអ្នកប្រើប្រាស់ចំនួន ៤៦.២២ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។
សព្វថ្ងៃ Telegram អាចរកចំណូលបានតាមរយៈ៖
- ការដោនឡូតកម្មវិធីលើទូរស័ព្ទដៃ និងកុំព្យូទ័រ
កាលពីខែកក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន Telegram រកចំណូលបានពីការដោនលោតពី Apple App Store មានចំនួនជិត ២.៤លានដុល្លារអាមេរិក ដែលតំណាងឱ្យប្រហែល ៨០ ភាគរយនៃចំនួនសរុប។ ហើយបើងាកមកមើលប្រាក់ចំណូលប្រចាំខែបានមកពីការដោនលោត ដោយអ្នកប្រើប្រាស់ Android នៅក្នុង Google Play Store វិញគឺលើសពី ៥៨៨ ពាន់ដុល្លារអាមេរិក ។
- ការទិញកញ្ចប់ Premium
Premium subscriptions ដែលមានវត្តមានកាលពីខែមិថុនា ឆ្នាំ ២០២២ មានតម្លៃចាប់ពី ៤ ដុល្លារ ដល់ ៦ ដុល្លារក្នុងមួយខែអាស្រ័យលើទីតាំងររស់នៅរបស់អ្នក ហើយវាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដែលទិញយកទៅប្រើប្រាស់រួមមានៈ៖ ស្លាកសញ្ញាផ្ទៀងផ្ទាត់ (verification) មានស្ទីកគ័រ (Sticker) និងមាន React ប្លែកៗ ការបំប្លែងសំឡេងទៅជាអត្ថបទ ការទាញយកឯកសារ និងរូបភាពលឿនជាងមុន និងមានមុខងារផ្សេងៗទៀតជាច្រើន។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ មានអ្នកបង់លុយប្រើប្រាស់ Telegram Premium ច្រើនជាងមួយលានអ្នកជុំវិញពិភពលោក។ ចាប់តាំងពីមានជម្ងឺរាតត្បាតកូវីត ១៩ មកពិភពលោកប្រើប្រាស់កម្មវិធីនេះច្រើនដើម្បីទំនាក់ទំនង មិនថាវិស័យអប់រំ ការរកសុី និងអាជីវកម្ម ជំនួញទីផ្សារ ឬការងារ សុទ្ធតែប្រើប្រាស់វាផ្លាស់ប្តូរគំនិតយោបល់ ហើយក្នុងនោះក៏មានកម្ពុជាយើងដែរ។
Telegram បន្តរំពឹងទុកពីការរីករាលដាលរបស់ខ្លួន ដោយរំពឹងថាអ្នកប្រើប្រាស់ថ្មីកើនឡើងចំនួន ១.៥ លាននាក់ជារៀងរាល់ថ្ងៃ ហើយក្នុងឆ្នាំ ២០២៥ Telegram នឹងមានអ្នកប្រើប្រាស់រហូតដល់ ២.២៨ ពាន់លាននាក់ ដែលជាការកើនឡើង ១១៣.៧ ភាគរយគិតពីឆ្នាំ ២០២៣៕