២០២០ទើបតែចប់សោះ ឥលូវទំព័រឆ្នាំ២០២១ក៏រៀបនឹងបិទទៅវិញ។ ច្បាស់ណាស់ថា ឆ្នាំ២០២១នេះគឺមិនស្រួលទេ ប្រៀបដូចជាជិះ roller coaster ចឹង មានទាំងឡើងមានទាំងចុះ ទឹកភ្នែកក៏មាន សំណើចសើចក្អាកក្អាយក៏មាន។
តាំងពីបើកក្បាល២០២១មក ជំងឺកូវីដ១៩កាន់តែរីកដុះដាលខ្លាំងជាងមុន ស្ថានភាពរស់នៅរបស់មនុស្សម្នាក់ៗមានការផ្លាស់ប្តូរ៣៦០ដឺក្រេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ម្នាក់ៗរៀនរស់នៅដោយបន្សាំខ្លួនជាមួយនឹងបរិបទថ្មីៗដែលមានភាពលំបាកខ្លាំងក្នុងការសម្របខ្លួន។ សាលារៀននានាក៏នៅតែបន្តការបិទដោយសិស្ស និស្សិតត្រូវបង្ខំចិត្តផ្លាស់ប្តូរពីការសិក្សាក្នុងថ្នាក់ មកជាការសិក្សាពីចម្ងាយតាមរយៈ Zoom និង Google Meet ជាដើម។
អ្វីដែលជារឿងគួរឲ្យសោកស្តាយនោះថាការរាតត្បាតនេះគឺមិនត្រឹមតែប៉ះពាល់ដល់សិស្ស និស្សិតតែមួយមុខនោះទេ។ ម្ចាស់អាជីវកម្ម និងអ្នកកាន់ជំនួញនានាក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈមក រាជរដ្ឋាភិបាលក៏បានបង្កើតនូវច្បាប់បិទខ្ទប់ដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ។ អាជីវករជាច្រើនបានសម្រេចចិត្តបិទរបររបស់ខ្លួន ក៏ដោយសារតែចំណូលដែលរកបានមិនអាចផ្គត់ផ្គង់ការចំណាយរាល់ថ្ងៃ និងគ្រួសារទាំងមូល។ មិនថាជំនួញតូច ជំនួញធំសុទ្ធតែមានការខាតបង់ច្រើនទាំងអស់គ្នា។ ម្ចាស់ជំនួញខ្លះបានសម្រេចចិត្តកាត់បន្ថយបុគ្គលិករបស់ខ្លួន ក៏ដោយសារតែមិនអាចរ៉ាប់រងនូវការចំណាយទៅលើប្រាក់ខែរបស់បុគ្គលិក។ អ្នកខ្លះបានយកលុយបន្ទាន់របស់ខ្លួនដែលខំប្រឹងសន្សំពីមុន យកមកប្រើប្រាស់ដើម្បីមកជួយទ្រទ្រង់របររបស់ខ្លួនឲ្យឈរជើងបាន។ សុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗក៏ចាប់ផ្តើមធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដោយសារតែអ្នកខ្លះពុំមានលទ្ធភាពក្នុងការបើកនូវរបរថ្មីមួយមកជំនួសរបរចាស់របស់ខ្លួន។
បើទោះជាជួបរឿងជាច្រើនក្តី ក៏មានអារម្មណ៍ថាខ្លួនបានរៀនមេរៀនច្រើនពីវាផងដែរ។ មេរៀនដែលសំខាន់នោះគឺជាការរំពឹងទុកនូវរឿងដែលយើងគិតថាមិនអាចកើតឡើងបាន (Expect the unexpected) នោះនៅពេលដែលរឿងអាក្រក់នោះកើតឡើង អ្នកទាំងអស់គ្នាអាចនឹងមានចិត្តនឹងនរនិងមានកម្លាំងចិត្តក្នុងការរកដំណោះស្រាយ ជាជាងភ័យព្រួយនឹងរឿងដែលកំពុងកើតឡើង។ មេរៀនមួយទៀតនោះគឺ អ្វីៗកើតឡើងសុទ្ធតែមានហេតុនិងផល។ អាចថាឆ្នាំនេះអ្នកជួបរឿងគ្រប់រស់ជាតិ មានទាំងផ្អែម ល្វីង ជូរចត់ ប៉ុន្តែចុងក្រោយអ្នកបានរៀនច្រើនពីវា។ មនុស្សមួយចំនួនទទួលបានពេលវេលាច្រើនដោយចំណាយជាមួយនឹងគ្រួសារ ដោយពីមុនម្នាក់ៗសុទ្ធតែមានការងាររវល់រៀងៗខ្លួន។ អ្នកខ្លះទៀតយកពេលកំឡុងពេលបិទខ្ទប់ទៅធ្វើអ្វីដែលខ្លួនចូលចិត្ត ដូចជារៀនភាសាបន្ថែម រៀនធ្វើម្ហូប សន្សំប្រាក់បានច្រើន និងអ្វីដែលសំខាន់នោះគឺ ជាការចំណាយពេលជាមួយនឹងខ្លួនឯង និងសួរខ្លួនឯងថាខ្លួនមកដល់ចំណុចណាហើយ (self-reflection) ហើយត្រូវបន្តដំណើរជីវិតទៅមុខយ៉ាងម៉េចទៀត។
បើទោះជាមានរឿងជាច្រើនកើតឡើង មានទាំងល្អ មានទាំងអាក្រក់ ក៏ដោយ ក៏នូវតែមានអារម្មណ៍ថាអរគុណសម្រាប់ឆ្នាំ២០២១នេះ ពីព្រោះថានេះជាជីវិតពិត មិនមែនជាសាច់រឿងប្រឌិតដែលតួឯកជួបរឿងតែសប្បាយតែមួយមុខនោះទេ។ គ្រប់រសជាតិដូច្នេះ ទើបអាចបំពេញអត្ថន័យដែលថានេះជាជីវិតរបស់យើង គឺមានឡើងហើយនឹងចុះ។ ២០២១នេះអាចថា សំបូររឿងមិនល្អច្រើន ក៏ប៉ុន្តែក៏មិនបានន័យថា វាអាក្រក់ទាំងស្រុងនោះឡើយ៕
When it rains, look for the rainbows 🌈. When it’s dark, look for the stars ⭐
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។