ធ្មេចបើកៗជិតផុតខែកញ្ញាទៀតហើយ! ជារៀងរាល់ឆ្នាំ Apple តែងតែប្រកាសនូវការចេញលក់ផលិតផលថ្មីៗរបស់ខ្លួនឱ្យតែដល់ខែកញ្ញា។ ដោយឆ្នាំនេះ Apple បានប្រកាសដាក់លក់នូវទូរស័ព្ទ iPhone 13 ដ៏ថ្មីស្រឡាងក្នុងជំនាន់ចុងក្រោយបង្អស់របស់ខ្លួន ដែលម៉ូឌែលស៊េរីថ្មីនេះ ទទួលបានការរំពឹងទុកល្អៗជាច្រើនពីសំណាក់អ្នកគាំទ្រ។
ប៉ុន្តែមានចំណោទមួយសួរថា តើការប្រកាសចេញស៊េរីថ្មីនេះ យើងជាអ្នកគាំទ្រគួរតែដូរថ្មីឡើងស៊េរី ឬបន្តប្រើទូរស័ព្ទចាស់ដែលនៅប្រើកើតរាល់ថ្ងៃនេះសិន?
ថ្ងៃនេះ យើងនឹងលើកយកចំណុចមួយចំនួនសម្រាប់អ្នកមានចំណាប់អារម្មណ៍ដូរទូរស័ព្ទថ្មីយក iPhone 13 ទៅពិចារណា៖
រូបរាង៖
បើមើលលើរូបរាង iPhone ជំនាន់មុនដូចជា iPhone 11 Pro Max និង iPhone 13 Pro Max គឺមានទំហំខុសគ្នាតែ 0.2 អុីញតែប៉ុណ្ណោះ។ បើចំពោះ iPhone 12 Pro Max និង 13 Pro Max គឺមានទំហំប៉ុនគ្នា។ បើអ្នកមិនប្រកាន់ជាមួយនឹងទំហំ អ្នកអាចប្រើស៊េរីមុនសិនក៏បាន ដ្បិតទំហំវាប្រហាក់ប្រហែលដែរ។ តែអ្វីថ្មីហើយប្លែកសម្រាប់ iPhone 13 គឺជម្រើសពណ៌ខៀវស្រាលថ្មី ដែលគេហៅថា Sierra Blue ហើយពណ៌នេះមានសម្រាប់តែស៊េរី iPhone 13 Pro និង Pro Max តែប៉ុណ្ណោះ។
Features (លក្ខណៈពិសេស)៖
បើតាមគេហទំព័រផ្លូវការរបស់ Apple ភ្នែកកាមេរ៉ារបស់ iPhone 13 Pro Max មាន 3 lens ដូចស៊េរីមុនដែរ ដែលជាប្រភេទ Telephoto Wide angle និង Ultra-wide angle ។ តែ feature បន្ថែមថ្មីក្នុងម៉ូឌែលនេះគឺ ការថតវីដេអូបែប Cinematic mode នៅក្នុងកម្រិត resolution 1080p ក្នុងល្បឿន 30fps។ សម្រាប់ថ្មកាន់វិញ ត្រូវបានឲ្យដឹងថាគេដាក់ថ្មឲ្យកាន់យូរជាមុន ពោលវាអាចទ្រទ្រង់ចំពោះការប្រើប្រាស់ធម្មតារហូតដល់ ២៨ម៉ោង (សម្រាប់ម៉ូឌែល 13 Pro Max)។
បន្ថែមពីនេះ ជាមួយនឹងឈីបជំនាន់ថ្មី របស់ Apple ធ្វើឲ្យទូរស័ព្ទជំនាន់ iPhone 13 រត់លឿនល្អជាមួយកម្មវិធីនានាក្នុងទូរស័ព្ទ លឿនជាងស៊េរី iPhone មុនៗ។ គួរឲ្យដឹងដែរថា មុខងារមួយចំនួនទៀតដូចជាការការពារពីការចូលទឹក កាមេរ៉ា ៣គ្រាប់ និងការថតរូបនៅទីកន្លែងងងឹតជាដើម សុទ្ធសឹងតែជាមុខងារដដែល ដែលទូរស័ព្ទ iPone ស៊េរីមុនៗក៏មានស្រាប់ទៅហើយ។
តម្លៃ៖
ដូចយើងដឹងខ្លះៗមកហើយទាក់ទងនឹងតម្លៃផលិតផល Apple ថាវាមានតម្លៃខ្ពស់ប៉ុណ្ណា។ ចំពោះ iPhone 13 ទាំង 3 ស៊េរី នៅស្រុកខ្មែរយើងមានតម្លៃលោតទៅខ្ទង់ពាន់ឯណោះ ដែលតម្លៃអាចមានចាប់ពី1,000ដុល្លារ រហូតទៅដល់ 2,000ដុល្លារជាង អាស្រ័យទៅតាមទំហំផ្ទុក memory និងស៊េរីរបស់ iPhone 13 នោះ។ ជម្រើសមួយគឺ អ្នកអាចចាំមួយរយៈរហូតវាធ្លាក់ថ្លៃបន្តិចសិនចាំទិញក៏បាន ព្រោះថាតាមការសង្កេតរាប់ឆ្នាំកន្លងមកនេះ តម្លៃ iPhone ជំនាន់នីមួយៗតែងតែធ្លាក់ចុះទៅតាមរយៈពេល។
ដូចការបកស្រាយខាងលើអ៊ីចឹង ជាមួយការបន្ថែមមុខងារថ្មីទាំងនេះ អ្នកអាចថ្លឹងថ្លែងមើលជាមុនសិនថាតើវាពិតជាសាកសមជាមួយនឹងតម្លៃដាក់លក់ដែរឬទេ។
ចុងបញ្ចប់ អេដមីនសុំផ្តាំផ្ញើថា ‘មើលលុយក្នុងកុងផង’ ចៀសវាងដាច់យ៉ៃមីកំប៉ុងចុងខែ សូមសម្រេចចិត្តឲ្យច្បាស់មុននឹងទិញ។ ត្រូវសួរខ្លួនឯងថា នេះពិតជាតម្រូវការ ខានមិនបាន ឬគ្រាន់តែចង់បានយកមកប្រើឱ្យល្អមើលមួយឆាវ៕