និយាយពីរឿងភាគកូរ៉េខាងត្បូង ឬ K-drama ជាពិសេសរឿងដែលមានតួសម្តែងល្បីៗ ដូចជា Lee Minho, Park Shin Hye, Suzy ឬក៏ Nam Joo-hyuk ជាដើម និងរឿងមួយចំនួនដូចជា Descendants of the Sun និង Squid Game ដែលមិនត្រឹមតែផ្ទុះភាពល្បីល្បាញជុំវិញទ្វីបអាសុីនិងសកលលោកប៉ុណ្ណោះទេ ថែមទាំងត្រូវបានផលិតករជនជាតិផ្សេងទៀតទិញសិទ្ធិយកទៅផលិតបន្តតាមរឿងនេះទៀតផង។ តែមានដឹងអត់ថា មូលហេតុអ្វីបានជាវិស័យភាពយន្តភាគរបស់កូរ៉េខាងត្បូងមានសន្ទុះខ្លាំងជុំវិញពិភពលោកដូច្នេះ?
មុនចូលដល់មូលហេតុ យើងងាកមកមើលថាវិស័យនេះចាប់ផ្តើមមានសន្ទុះតាំងពីពេលណាមកសិន។ ក្នុងឆ្នាំ ១៩៩៩ សន្ទុះវប្បធម៌របស់កូរ៉េខាងត្បូងបានរីកសាយភាពជុំវិញពិភពលោក ទាំងវិស័យ K-pop និង K-drama ដោយមានការទទួលស្គាល់ពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រជាច្រើន។ ដល់ឆ្នាំ២០០២ រឿង “Winter Sonata” បានធ្វើឲ្យវិស័យភាពយន្តរបស់កូរ៉េកាន់តែមានភាពរង្គោះរង្គើរ រីឯរលកវប្បធម៌កូរ៉េ (Korean Wave) កាន់តែមានឥទ្ធិពលពាសពេញទ្វីបអាសុី និងពិភពលោកទាំងមូល។ ចំណែករឿង“ស្នេហ៍រដូវរងា”វិញគឺជារឿងភាគកូរ៉េដំបូងគេបង្អស់ដែលត្រូវបានបកប្រែជាភាសាខ្មែរ និងចាក់បញ្ចាំងក្នុងប៉ុស្តិ៍ទូរទស្សន៍នៅប្រទេសយើងផងដែរ។
កត្តាមួយចំនួនដែលធ្វើឲ្យK-dramaអាចវាយលុកវិស័យភាពយន្តទាំងក្នុងទ្វីបអាសុីនិងជុំវិញពិភពលោកមានដូចជា៖
ការឆ្លុះបញ្ចាំងពីតថភាពសង្គមនិងតម្លៃអប់រំ៖
រឿងភាគកូរ៉េមួយចំនួនធំបានឆ្លុះបញ្ចាំងនូវតថភាពសង្គមសព្វថ្ងៃដូចជារឿង Squid Game ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ រឿងល្បែងមឹក ឬ Squid Game នេះ បានឆ្លុះបញ្ចាំងអំពីគម្លាតវណ្ណៈសង្គមរវាងអ្នកមាននិងអ្នកក្រ ការជាប់បំណុលនិងបញ្ហាជនអន្តោរប្រវេសន៍ដែលជាតថភាពសង្គមពិតនៅប្រទេសកូរ៉េខាងត្បូង។ ការបង្ហាញតថភាពសង្គមរបស់ប្រជាជនកូរ៉េទាំងនេះហើយដែលទាក់ ចិត្តទស្សនិកជនគ្រប់ស្រទាប់វណ្ណៈទូទាំងពិភពលោកឲ្យទស្សនាចង់ដឹងចង់ឃើញនិងស្វែងយល់បន្ថែម។
ការបង្ហាញនូវទេសភាពដ៏ស្អាតៗក្នុងប្រទេស៖
ប្រទេសកូរ៉េខាងត្បូងសំបូរទៅដោយទីតាំងទេសចរណ៍ជាច្រើនដូចជា ទីតាំងប្រវត្តិសាស្រ្ត កន្លែង shopping អាហារតាមចិញ្ចើមផ្លូវ (street foods) និងកន្លែងធម្មជាតិស្រស់ស្អាតជាច្រើនដែលសុទ្ធសឹងជាតំបន់ដែលទាក់ទាញឱ្យមាន អ្នកទៅទស្សនាជាច្រើនដូចជា ទីក្រុងសេអ៊ូល ខេត្តប៊ូសាន ទីក្រុងខ្វាងជូ កោះជេជូ តំបន់ Itaewon ។ល។ ឧទាហរណ៍ដូចជារឿង Hometown Cha-Cha-Cha ដែលទើបតែបញ្ចប់ថ្មីៗនេះបានដក់ចិត្តទស្សនិកជនជាច្រើនជាមួយទេសភាព និង ឆ្នេរសមុទ្រដ៏ស្រស់ត្រកាលរួមផ្សំនឹងការឆ្លុះបញ្ចាំងអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ។ ការបង្ហាញពីទេសភាពទាំងអស់នោះធ្វេីអេាយទស្សនិកជនមានអារម្មណ៏ ថាដូចបានឃេីញដេាយផ្ទាល់ ហេីយចង់ទៅលេងនៅថ្ងៃណាមួយ។
ភាពល្អប្លែកនៃវប្បធម៌កូរ៉េ៖
អ្នកស្នេហាវិស័យK-dramaប្រាកដជាស្គាល់ច្បាស់ហើយនូវវប្បធម៌ល្បីៗរបស់ជនជាតិកូរ៉េខាងត្បូងមួយចំនួន ដូចជាឈុតសម្លៀកបំពាក់បុរាណ “Hanbok” អាហារប្រពៃណី “ជ្រក់ស្ពៃក្តោបគីមឈី”និងមីកូរ៉េ“Ramen”ជាដើម។ មិនអាចរំលងបាននោះគឺវិស័យ ម៉ូដសម្លៀកបំពាក់របស់ ជនជាតិកូរ៉េ ដ៏ប្លែកៗស្អាតៗ ដែលជះឥទ្ធិពលដល់អ្នកទស្សនា ពិសេសគឺយុវវ័យតែម្ដង។ បើក្រលេកទៅមើលរឿង Hotel Del Lunaដែលសម្តែងដោយIU បានប្រើប្រាស់ឈុតសម្លៀកបំពាក់ស្រស់ស្អាត ទាន់សម័យហើយមិនឲ្យជាន់គ្នានោះទេ។ មិនតែប៉ុណ្ណោះឈុតនីមួយៗមានតម្លៃខ្ពស់ ខ្លាំងទៀត។ បន្ថែមពីនេះរាល់ខ្សែភាពយន្តកូរ៉េខាងត្បូងត្រូវបានសម្ដែងដោយតួអង្គ ដែលមានរូបសម្បត្តិស្រស់ស្អាតទើបធ្វើឱ្យការបង្ហាញពីវប្បធម៌ទាំងអស់នេះកាន់តែទទួលបានចំណាប់អារម្មណ៍ និងការគាំទ្រជាលំដាប់។
គួរឲ្យដឹងដែលថាក្នុងឆ្នាំ២០២០ប្រទេសអាមេរិចបានក្លាយជាប្រទេសឈានមុខលើការនាំចូលម្ហូបអាហារកូរ៉េ ហេីយក្នុងឆ្នាំដដែលនេះអត្រាភ្ញៀវទេសចរចូលមកប្រទេសកូរ៉េ មានការកើនឡើងជាលំដាប់។រីឯវិស័យកែសម្ពស្សនៅប្រទេសកូរ៉េក៏បានកើនឡើងសម្រាប់ភ្ញៀវទេសចរដោយសារតែការរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីភាពយន្តកូរ៉េទាំងនេះលេីយុវវ័យ ជាពិសេសលើការស្លៀកពាក់ដែលពួកគេព្យាយាមដើរឲ្យទាន់តាម trend ក្នុងរឿងនីមួយៗ។
វិស័យភាពយន្តរបស់កូរ៉េខាងត្បូងនៅតែបន្តជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពិភពលោក។ ទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដក៏ដោយការរីកសាយភាយនូវវប្បធម៌របស់ប្រទេសមួយនេះនៅតែបន្តទៅមុខ។
Click to read more about: ឥទ្ធិពលប្រទេសកូរ៉េខាងត្បូងមកលើពិភពលោក
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។