យើងច្រើនគិតថា បើសិនជាថ្ងៃណាមួយ យើងឈប់បន្តសន្សំធានារ៉ាប់រងអាយុជីវិត យោងតាមហេតុផលសមស្របណាមួយ ក្រុមហ៊ុននឹងឱ្យលុយដែលយើងបង់ពីដើមមកវិញជាមិនខាន។ តែការឈ្វេងយល់បែបនេះ គឺមិនត្រឹមត្រូវឡើយ។ បន្ថែមលើនេះ យើងនឹងប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ដទៃទៀត រួមមាន៖
១. លែងមានការការពារប្រសិនបើមានរឿងអកុសលកើតឡើង
ប្រសិនបើមានរឿងអកុសលណាមួយកើតឡើងជាយថាហេតុ ធ្វើឲ្យអ្នកមិនអាចបន្តតួនាទីអ្នកផ្គត់ផ្គង់គ្រួសារ តើអ្នក និងគ្រួសារត្រូវជួបផលពិបាកអ្វីខ្លះ? មិនមានប្រាក់ចំណូលហើយត្រូវការចំណាយប្រចាំថ្ងៃផ្សេងៗទៀត នេះបើមានបំណុលធនាគារដែលត្រូវសងទៀត បន្ទុកជាន់បន្ទុកហើយ អត្ថប្រយោជន៍ផ្សេងៗដែលបានចែងលើបណ្ណសន្យារ៉ាប់រង នឹងត្រូវអសារបង់។
២. ខាតបង់លុយសន្សំពីដើមទី
បង់ធានារ៉ាប់រង "អាយុជីវិត" ប្រៀបដូចជាការសន្សំមួយដែរអ៊ីចឹង ខំបង់តាំងពីណាណីមកហើយ បើឈប់ត្រឺមពាក់កណ្ដាលទីបែបនេះប្រៀបដូចយកការខំប្រឹងពីដើមទៅបោះបង់ចោល។ ជាគោលការណ៍ ក្រុមហ៊ុនមិនអនុញ្ញាតឲ្យទាមទារត្រឡប់មកវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់ឡើយ។ ធ្វើបែបនេះ ស្មើនឹងបំពានកិច្ចសន្យា
លុយដែលសន្សំទាំងអម្បាលម៉ាននឹងចាត់ទុកជាមោឃៈ។
៣. មិនបានសម្រេចគោលដៅហិរញ្ញវត្ថុដូចដែលបានគ្រោងទុក
ជឿថាពេលដែលមានគំនិតចង់ទិញធានារ៉ាប់រងច្បាស់ជាមានបំណងចង់សម្រេចនូវគោលដៅហិរញ្ញវត្ថុណាមួយដែលបានគ្រោងទុកហើយ។ បើកំពុងសម្រេចក្ដីស្រមៃបាន៥០%ហើយ ស្រាប់តែឈប់ពាក់កណ្ដាលទីទៅវិញ មិនត្រឹមតែមិនសម្រេចគោលដៅហិរញ្ញវត្ថុនោះទេ បាត់បង់ទាំងប្រាក់សន្សំ ហើយអាចប្រឈមនឹងអសុវត្ថិភាពហិរញ្ញវត្ថុផងដែរ។
៤. បើកត្តាសុខភាពអ្នកមានការប្រែប្រួលក្នុងលក្ខខណ្ឌណាមួយ អ្នកនឹងមិនអាចទទួលបានការការពារបន្ត
រឿងទៅថ្ងៃមុខ គ្មាននរណាអាចស្មានដឹងទុកមុនទេ ថ្ងៃក្រោយទៅបើមានបញ្ហាសុខភាពធ្ងន់ធ្ងរ តើមានថវិកាបម្រុងគ្រប់គ្រាន់សម្រាប់ការព្យាបាលដែរឬទេ? អ្នកអាចគិតថាមិនបន្តបង់ ព្រោះគិតថាខ្លួននៅក្មេង សុខភាពនៅរឹងមាំ មិនត្រូវការធានារ៉ាប់រង ចុះបើសុខៗស្រាប់តែធ្លាក់ខ្លួនឈឺ អ្នកនឹងមិនទទួលបានកញ្ចប់សាច់ប្រាក់សម្រប់ការព្យាបាលនៅមន្ទីរពេទ្យទេ។ អ្នកនឹងប្រើប្រាស់លុយពីហោប៉ៅខ្លួនដែលអាចប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុផ្សេងៗ។
ប្រាកដណាស់ អ្នកអាចឈប់បង់បុព្វលាភធានារ៉ាប់រងពាក់កណ្ដាលទីដោយហេតុផលណាមួយ។ ប៉ុន្តែជំនួសឲ្យការប្រញាប់សម្រេចចិត្ត អ្នកគួរស្វែងរកជំនួយ ប្រឹក្សាយោបល់ពីខាងអ្នកជំនាញ ឬដំណោះស្រាយផ្សេងៗដែលក្រុមហ៊ុនធានារ៉ាប់រងអាចផ្ដល់ជូន ព្រោះអ្នកក៏មិនចង់បាត់បង់អត្ថប្រយោជន៍ និងថវិកាដែលខំសន្សំតាំងពីដើមទីមកដែរ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន