ធនាគារ វីង លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាសន្សំដើម្បីសម្រេចគោលដៅ
មិនថាការសន្សំសម្រាប់អាពាហ៍ពិពាហ៍ ថវិកាទំនុកបម្រុងសម្រាប់ការសិក្សារបស់កូនៗ ការទិញផ្ទះក្នុងក្តីស្រមៃ ឬបណ្តាក់ទុនរួមគ្នាដើម្បីបើកអាជីវកម្មក្តី គណនី “សន្សំដើម្បីគោលដៅ” របស់ធនាគារ វីង នឹងជួយឱ្យការសន្សំជាលក្ខណៈបុគ្គល ឬជាក្រុម អាចសម្រេចគោលដៅហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។
ធនាគារ វីង (ខេមបូឌា) មក បានដាក់ឱ្យដំណើការដំណោះស្រាយហិរញ្ញវត្ថុថ្មីបំផុតមួយ ដើម្បីរួមចំណែកជាមួយប្រជាជនកម្ពុជាក្នុងការបណ្តុះនូវទម្លាប់សន្សំប្រាក់ ហើយថែមទាំងអាចបង្កើនចំណូលជាមួយអត្រារការប្រាក់ខ្ពស់ ដែលអាចជួយដល់ពលរដ្ឋកម្ពុជាសម្រេចគោលដៅហិរញ្ញវត្ថុមិនថាគោលដៅនោះមានរយៈពេលខ្លី ឬរយៈពេលវែងនោះឡើយ។
គណនីសន្សំដើម្បីគោលដៅ របស់ធនាគារ វីង ក្លាយជាជម្រើសនៃដំណោះស្រាយដ៏ល្អសម្រាប់ការរៀបចំផែនការអាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃ ការសន្សំសម្រាប់ផែនការវិស្សមកាល ថវិកាបម្រុងសម្រាប់ការសិក្សារអប់រំ ការទិញផ្ទះក្នុងក្តីស្រមៃ ការចាប់ផ្តើមអាជីវកម្ម ឬសន្សំដើម្បីគោលដៅផ្សេងៗជាច្រើនទៀត។ គណនីសន្សំដើម្បីគោលដៅ ផ្តល់នូវភាពបត់បែន និងការជំរុញលើកទឹកចិត្តដើម្បីជួយឱ្យគោលបំណងទាំងនោះអាចសម្រេចទៅបានយ៉ាងរលូន។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ជាមួយនឹងគណនីសន្សំដើម្បីគោលដៅ អតិថិជននឹងអាចទាញយកប្រយោជន៍ពីមធ្យោបាយនៃការសន្សំដ៏មានសក្តានុពលមួយនេះ ដែលផ្តល់នូវភាពងាយស្រួល បត់បែន និងអត្រាការប្រាក់ខ្ពស់ ក្នុងការជួយជំរុញគោលដៅរបស់ពួកគេឱ្យសម្រេចបានកាន់តែលឿនជាងពេលមុនៗ”។
អតិថិជនអាចដាក់សន្សំជាមួយគណនីសន្សំដើម្បីគោលដៅ បានទាំងរូបបិយប័ណ្ណប្រាក់រៀល និងប្រាក់ដុល្លារ ជាមួយនឹងរយៈពេលនៃការសន្សំចាប់ពី១ខែ រហូតដល់ ៦០ខែ ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានអត្រាការប្រាក់ខ្ពស់ ៨,៧៥ ភាគរយ ក្នុងមួយឆ្នាំ។ ការទទួលបានអត្រាការប្រាក់ខ្ពស់បែបនេះ ជំរុញឱ្យមានការសន្សំប្រកបដោយភាពឆ្លាតវៃ ដែលអាចបង្កើនផលចំណេញត្រឡប់មកវិញបានយ៉ាងល្អប្រសើរ។
គណនីសន្សំដើម្បីគោលដៅ មានលក្ខណៈស្រដៀងគ្នាទៅនឹង គណនីប្រាក់បញ្ញើមានកំណត់ ដោយមានបន្ថែមជាមួយនូវភាពបត់បែន ដែលអនុញ្ញាតឱ្យអតិថិជនអាចកំណត់ពេលដាក់ប្រាក់សន្សំបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយអាចដាក់សន្សំប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ពីរសប្តាហ៍ម្តង ឬប្រចាំខែក៏បានដែលផ្តល់ជាជម្រើសស្របតាមស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន។
អតិថិជនអាចបើកគណនីសន្សំដើម្បីគោលដៅ តាមរយៈអេប Wing Bank នៅលើស្មាតហ្វូន ជាមួយនឹងការដាក់សន្សំដំបូងត្រឹមតែ ២០.០០០ រៀល ឬ៥ដុល្លារប៉ុណ្ណោះ ដែលផ្តល់នូវភាពបត់បែនទៅដល់អតិថិជនទាំងអស់ងាយស្រួលក្នុងការចាប់ផ្តើមសន្សំ។
លក្ខណៈពិសេសលេចធ្លោមួយនៃគណនីសន្សំដើម្បីគោលដៅ នោះគឺអាចអនុញ្ញាតឱ្យអតិថិជនដាក់ប្រាក់សន្សំជាលក្ខណៈបុគ្គល ឬជាក្រុមនៅក្នុងគណនីសន្សំតែមួយ ដោយអាចមានសមាជិកចូលរួមរហូតដល់ ១០នាក់។ ការសន្សំជាលក្ខណៈបុគ្គល ឬជាក្រុម អាចបង្កើតរហូតដល់ចំនួនប្រាំគណនី ដោយផ្តល់បែបផែនគោលដៅជាច្រើនផ្សេងៗគ្នាទៅដល់អតិថិជនងាយស្រួលកំណត់គោលដៅក្នុងការសន្សំ។
មុខងារសំខាន់មួយទៀតចំពោះគណនីសន្សំដើម្បីគោលដៅ គឺការជួយតាមដានវឌ្ឍនភាព ក៏ដូចជាជំរុញលើកទឹកចិត្ត ដើម្បីប្រាកដថាគោលដៅហរិញ្ញវត្ថុរបស់អតិថិជន អាចសម្រេចទៅបានដោយរលូន។ តាមរយៈអេប Wing Bank ម្ចាស់គណនីសន្សំជាលក្ខណៈបុគ្គល ឬក៏ជាសមាជិកនៃគណនីសន្សំរួមគ្នា អាចតាមដានការសន្សំរបស់ពួកគេបានយ៉ាងងាយស្រួល និងពិនិត្យមើលកំណើននៃប្រាក់សន្សំ ដើម្បីប្រាកដថា អតិថិជននៅតែរក្សាដំណើរការឆ្ពោះទៅសម្រេចគោលដៅសន្សំបានដោយជោគជ័យ៕