បើយោងទៅតាមរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ២% ដោយសារតែការរងផលប៉ះពាល់ពីជំងឺកូវីដ។ យ៉ាងណាក៏ដោយក្នុងឆ្នាំ ២០២១ នេះ គេបានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជាអាចនឹងមានកំណើន ៤% ឡើងវិញ។ ការព្យាករណ៍នេះ ជាចំណុចល្អមួយដែលអ្នកនិយមវិនិយោគលើវិស័យអចលទ្រព្យ អាចនឹងគួរពិចារណា ស្របពេលតម្លៃទិញលក់ក្នុងកំឡុងពេលនេះ អាចនឹងមានតម្លៃទាបជាងទីផ្សារ មុននឹងវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា។
ដោយការវិនិយោគលើអចលនទ្រព្យមានទ្រង់ទ្រាយធំ ព្រោះត្រូវការទុនច្រើន ខណៈដែលវិបត្តិកូវីដមិនទាន់ផុតរលត់ផងនោះ វិនិយោគិនត្រូវពិចារណាលើចំណុចសំខាន់ជាច្រើនឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យក្នុងឆ្នាំ ២០២១ នេះ។
១. ប្រភេទអចលនទ្រព្យដែលមានសក្ដានុពលចំណេញ
ប្រភេទអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្នមានដូចជាលំនៅដ្ឋាន ដីធ្លី ខុនដូ អាគារ ការិយាល័យ។ល។ សម្រាប់ឆ្នាំ ២០២១ នេះ ប្រភេទអចលនទ្រព្យដូចជាដីធ្លីសម្រាប់អភិវឌ្ឍគម្រោងត្រូវបានវាយតម្លៃថានឹងមានសក្ដានុពលចំណេញសម្រាប់ការវិនិយោគ។
បើយោងតាមការលើកឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ខេត្តដែលមានសក្ដានុពលក្នុងការទិញដីសម្រាប់វិនិយោគ ឬអភិវឌ្ឍន៍គម្រោងផ្សេងៗក្នុងឆ្នាំ២០២១នេះ គឺខេត្តកំពត និងខេត្តកែប មានសក្ដានុពលផ្នែកទេសចរណ៍។
ដោយឡែក សម្រាប់ការទិញលក់ជួលខុនដូរ បើយោងទៅតាមការលើកឡើងរបស់អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia បានរំពឹងថា វិស័យទិញលក់ខុនដូរអាចនឹងមានកំណើនឡើងវិញក្នុងត្រីមាស ឬត្រីមាសទី២ ក្នុងឆ្នាំ ២០២១ នេះ ក្រោយពេលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីឌ ១៩។
២.គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល
គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដូចជា ទីក្រុងរណប ផ្សារទំនើប ផ្លូវថ្នល់ អាកាសយានដ្ឋានជាដើម អាចជះឥទ្ធិពលធំទៅលើតម្លៃ និងសក្ដានុពលសម្រាប់ភាពជោគជ័យក្នុងការវិនិយោគអចលនទ្រព្យ។ ហេតុនេះ វិនិយោគិនចាំបាច់គួរតាមដានព័ត៌មានពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍នានា ចក្ខុវិស័យ និងផែនការទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់រដ្ឋាភិបាលជាប់ជានិច្ច។ គម្រោងអភិវឌ្ឍន៍មួយចំនួននាពេលបច្ចុប្បន្នមានដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោង ព្រលានយន្ដហោះ ជាដើម ដែលអាចញ៉ាំងឱ្យដីឡើងថ្លៃ ឬ មានឥទ្ធិពលវិជ្ជមានឬអវិជ្ជមានដល់ដំណើរការសេដ្ឋកិច្ច។
៣.ផ្ដោតលើការវិនិយោគរយៈពេលវែង
វត្តមាននៃវិបត្តិកូវីដអាចនឹងមិនទាន់ផុតរលត់នៅឆ្នាំ២០២១នៅឡើយទេ ដរាបណាវ៉ាក់សាំងដែលមានប្រសិទ្ធភាព នៅមិនទាន់ទទួលបានប្រើប្រាស់ទូលំទូលាយទូទាំងពិភពលោកនៅឡើយ។ ហេតុនេះ វិនិយោគិនគប្បីពិចារណានូវការវិនិយោគរយៈពេលយូរ ចៀសជាងរំពឹងផលចំណេញក្នុងរយៈពេលខ្លី។ ម្យ៉ាងទៀត ក្នុងករណីទីផ្សារមិនទាន់មានមានសកម្មភាពនៅឡើយ អ្នកគួរប្រាកដថា អ្នកបានត្រៀមកញ្ចប់ថវិកាដាច់ដោយឡែកសម្រាប់តែការវិនិយោគ ចៀសវាងមានការប៉ះពាល់ដល់កញ្ចប់ប្រាក់សម្រាប់គោលដៅប្រើប្រាស់ដទៃទៀត។
៤.លក្ខខណ្ឌច្បាប់ដែលគួរយកចិត្តទុកដាក់
តាមសេចក្ដីប្រកាសពីការលើកលែងពន្ធលើចំណេញមូលធន ២០% ថ្មីៗនេះគឺត្រូវបានពន្យារដល់ឆ្នាំ២០២២។ វាក៏ជាផលចំណេញល្អមួយសម្រាប់វិនិយោគិនក្នុងការទិញលក់នៅក្នុងវិស័យអចលនទ្រព្យនេះ ដោយប្រាក់ចំណេញបានមកពីការលក់ទិញ ជួល ឬផ្ទេរកម្មសិទ្ធិពុំចាំបាច់ត្រូវបង់ពន្ធមូលធននេះឡើយ។
ជារួម ថ្វីត្បិតថាសកម្មភាពវិនិយោគអចលនទ្រព្យរងផលប៉ះពាល់ខ្លាំងក្នុងឆ្នាំ២០២០ ក៏ពិតមែន ប៉ុន្តែ ដើមឆ្នាំ២០២១ ជាពេលដែលយើងអាចចាប់ផ្ដើមគិតគូរដើម្បីឈានជើងចូលក្នុងវិស័យនេះ ព្រោះថាទោះ ក្នុងស្ថានភាពវិបត្តិក៏ពិតមែន ឱកាសទទួលបានផលចំណេញក៏អាចមានដែរនៅក្នុងវិបត្តិនោះដែរ។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជាបង្កើនសក្តានុពលនៃផលចំណេញពីការវិនិយោគរបស់អ្នក អ្នកគួរតែប្រឹក្សាយោបល់បន្ថែមជាមួយអ្នកជំនាញច្បាស់លាស់ផ្នែកអចលនទ្រព្យ ដ្បិតថាពួកគាត់មានចំណេះជំនាញ និងមានប្រភពព័ត៌មានច្រើន៕
ដើម្បីស្វែងយល់លម្អិត សូមចូលអានបន្ថែមនូវអត្ថបទខាងក្រោម៖
១. របាយការណ៍របស់ធនាគារពិភពលោក (Cambodian Economy Hit Hard by Pandemic But Projected to Recover in 2021| World Bank – ១៥ ធ្នូ ២០២០)
២. របាយការណ៍ពីគេហទំព័រ Global Property Guide (Phnom Penh’s condominium glut – ២៩ កញ្ញា ២០២០)
៣. អត្ថបទក្នុងគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពី គម្រោងផ្លូវល្បឿនលឿន
៤. អ្នកជំនាញ៖ ឆ្នាំ២០២១ ជាពេលវេលាល្អសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ|Propertysia – ១១ មករា ២០២១
៥. Cambodia’s Real Estate Market to Recover by 60% in 2021, but Lower Than 2019 Baseline |CBRE Cambodia