បន្ទាប់ពីចាក់សាំងហើយ សង្ឃឹមថាសល់លុយខ្លះបានហូបកាហ្វេ ឬគុយទាវនឹងគេ មានអីចុងក្រោយនៅសល់ត្រឹមមីកំប៉ុងដូចរាល់ដង ព្រោះតែតម្លៃប្រេងសំាងស្រាប់តែកើនឡើងយ៉ាងគំហុក។
ថ្មីៗនេះ តម្លៃប្រេងសាំងបានកើនឡើងជាខ្លាំង។ ជាក់ស្តែង គ្រាន់តែប្រេងសាំងធម្មតា បានកើនថ្លៃពី ៤,២០០រៀលក្នុងមួយលីត្រ ក្នុងខែមករា ដល់ ៥,៣០០រៀលក្នុងមួយលីត្រ ក្នុងខែមីនា ឆ្នាំ២០២២។ មិនតែប៉ុណ្ណឹងទេ គេក៏នៅតែរំពឹងថា តម្លៃនេះនឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។
តើកត្តាចម្បងអ្វីខ្លះដែលជំរុញឲ្យតម្លៃប្រេងសាំងស្រាប់តែកាន់តែឡើងខ្លាំងភ្លាមៗបែបនេះ?
ចម្លើយដ៏សាមញ្ញមួយគឺមកពីភាពមិនស្មើគ្នារវាងតម្រូវការ និងការផ្គត់ផ្គង់នៃប្រេងសាំង។ តាមទ្រឹស្តីតម្រូវការ និងការផ្គត់ផ្គង់បានចែងថា តម្លៃកើនឡើងនៅពេលមានកង្វះខាតនៃការផ្គត់ផ្គង់ ឬនៅពេលមានកំណើនតម្រូវការខ្ពស់។ អតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់នេះត្រូវបានគេមើលឃើញថាបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម។
1. ជម្លោះរវាង រុស្សី និងអ៊ុយក្រែន
ជម្លោះនេះជាដើមចមមួយចម្បងដែលបណ្តាលឲ្យមានកង្វះខាតនៃការផ្គត់ផ្គង់ប្រេងឆៅនៅទូទាំងពិភពលោក។ ដោយរុស្សី ជាប្រទេសដ៏ធំមួយក្នុងចំណោមប្រទេសដែលផ្គត់ផ្គង់ប្រេងឆៅទូទាំងពិភពលោក ជាពិសេសក្នុងតំបន់អ៊ឺរ៉ុប។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច បានធ្វើឲ្យមានការរាំងស្ទះដល់ការនាំចេញប្រេងឆៅរបស់ប្រទេសរុស្សី។
2. ការកើនឡើងនៃតម្រូវការ
ដោយសារតែស្ថានភាពកូវីដមានការធូរស្បើយច្រើននៅតាមបណ្ដាប្រទេសមួយចំនួន មនុស្សជាច្រើនចាប់ផ្តើមធ្វើដំណើរឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលយ៉ាងយូរដោយសារតែការបិទខ្ទប់។ កត្តានេះក៏បានរួមចំណែកជំរុញឲ្យតម្រូវការប្រេងសាំងមានការកើនឡើង ស្របពេលដែលការផ្គត់ផ្គង់កំពុងតែធ្លាក់ចុះដោយសារកត្តាខាងលើ។
#អ្នកណាខ្លះរងផលប៉ះពាល់ពីការឡើងថ្លៃរបស់ប្រេងសាំងដ៏គំហុកនេះ?
នៅពេលតម្លៃប្រេងសាំងកើនឡើងខ្លាំង ច្បាស់ណាស់ថាវាមានផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងដូចជា៖
-អ្នកប្រកបរបរដោយពឹងផ្អែកលើមធ្យោបាយដឹកជញ្ចូន៖
អ្នករត់ឌុប អ្នកបើកបរតាក់ស៊ី ឬឡានឈ្នួល អ្នកដឹកជញ្ជូនអីវ៉ាន់ ឬម្ហូបអាហារ ជាដើម ដែលមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ត្រូវពឹងផ្អែកលើប្រេងសាំងជាគោល។ បើប្រេងសាំងឡើងថ្លៃ ការចំណាយលើថ្លៃដើមក្នុងរបររកស៊ី ក៏ដូចជាតម្លៃសេវាកម្មរបស់គាត់ក៏កើនឡើងដូចគ្នា ជាហេតុប៉ះពាល់ដល់ចំណូល ហើយប្រឈមនឹងការបាត់បង់អតិថិជនទៀតផង។
អាជីវករទូទៅ៖
អ្នកលក់ដូរទូទៅក៏ត្រូវពឹងផ្អែកលើការដឹកជញ្ជូនក្នុងការផ្ដល់សេវាកម្ម ឬអាជីវកម្មរបស់ពួកគេដែរ។ តួយ៉ាងដូចជាការចំណាយលើសេវាដឹកជញ្ជូនផលិតផលដែលត្រូវបូកបញ្ចូលក្នុងថ្លៃលក់។ ពេលសាំងឡើងថ្លៃ នោះតម្លៃទំនិញក៏ត្រូវតម្លើងដើម្បីរកបានប្រាក់ចំណេញ។ យ៉ាងណាមិញ គេក៏អាចប្រឈមនឹងការលក់ធ្លាក់ចុះ ដោយសារទំនិញឡើងថ្លៃ អតិថិជនមានតិចជាងមុន ព្រោះគេត្រូវកាត់បន្ថយចំណាយ។
ប្រជាជនទូទៅ៖
សូម្បីអ្នកធ្វើការ សិស្សានុសិស្ស ឬអ្នកប្រកបរបរដទៃទៀតក៏រងការប៉ះពាល់ដែរ។ យើងរាល់គ្នាចាំបាច់ត្រូវធ្វើដំណើរទៅធ្វើការ ឬប្រកបមុខរបរប្រចាំថ្ងៃ តែមិនមែនគ្រប់គ្នាសុទ្ធតែមានជម្រើសផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរដែលចំណាយតិចជាងមុននោះទេ។ ក្នុងករណីប្រេងសាំងឡើងថ្លៃ នោះចំណាយសរុបប្រចាំថ្ងៃ និងប្រចាំខែរបស់យើងក៏មានការកើនឡើង ដែលវាប៉ះពាល់ដល់ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមានប្រសិទ្ធិភាព។
តម្លៃប្រេងសាំងឡើងថ្លៃបានជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងរាល់គ្នាដោយខានមិនបាន។ ហេតុនេះហើយទើបគេនិយាយថា បម្រែបម្រួលនៃតម្លៃប្រេងសាំង គឺជាកត្តាលីករមួយ បណ្តាលឲ្យមានការកើនឡើងនូវអតិផរណាក្នុងប្រទេស។
តើអ្នកយល់ណាដែរចំពោះបញ្ហាមួយនេះ? អាចចែករំលែកមតិផ្ទាល់ខ្លួននៅខាងក្រោមឲ្យអេដមីនបានដឹងផងណា៎!!
ឯកសារយោង
1. Understanding the Correlation of Oil and Currency – Investopedia
2. សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី – ក្រសួងពាណិជ្ជកម្ម
3. Oil Prices Rise After Three-Day Slump. Supply Fears Are Taking Hold – Barron’s
4. Why Is The Price Of Oil Rising? – Forbes Advisor
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។