ទន្ទឹមនឹងនេះ តើអ្នកគួរយល់ដឹងអ្វីខ្លះពីលក្ខខណ្ឌទូទៅនៃការងារនៅកម្ពុជា?
ក. ថិរវេលាធ្វើការ
យោងតាមមាត្រា១៣៧នៃច្បាប់ការងារ ថិរវេលាធ្វើការពេញលេញនៃនិយោជិតទាំងអស់មិនត្រូវអោយលើសពី៨ម៉ោងក្នុងមួយថ្ងៃ ឬ៤៨ម៉ោងក្នុងមួយសប្ដាហ៍ឡើយ ដើម្បីអ្នកធ្វើការអាចមានថ្ងៃសម្រាកប្រចាំសប្ដាហ៍។ តែបើនិយោជិតបានតម្រូវអោយធ្វើការលើសម៉ោងធ្វើការធម្មតា នោះនិយោជិកត្រូវអោយឈ្នួលថ្លៃម៉ោងបន្ថែមលើអត្រាតម្លើង៥០% និង ១០០%ប្រសិនបើបុគ្គលិកត្រូវធ្វើការថែមម៉ោងនៅពេលយប់ឬនៅថ្ងៃឈប់ប្រចាំសប្ដាហ៍។
ខ. ការកំណត់ប្រាក់ឈ្នួលអប្បបរមា
បើតាមមាត្រា១០៤ ប្រាក់ឈ្នួលអប្បបរមាដែលត្រូវធានា ហោចណាស់ត្រូវអាចទ្រទ្រង់កំពស់ជីវភាពនិយោជិតទាំងអស់អោយបានសមរម្យទៅតាមសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ ប្រាក់ឈ្នួលអប្បបរមាដែលបានធានានេះត្រូវកំណត់ឡើងមិនថាវិជ្ជាជីវៈឫអាជីវកម្មណាទេ ប៉ុន្តែវាអាចប្រែប្រួលទៅតាមតំបន់ដោយផ្អែកលើកត្តាសេដ្ឋកិច្ចជាក់ស្ដែងដែលកំណត់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ តួយ៉ាង ដូចក្នុងស្ថានភាពនៃវិបត្តិCOVID-19នេះ អាចមានសហគ្រាសខ្លះត្រូវកាត់បន្ថយប្រាក់ឈ្នួលបុគ្គលិកផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពហិរញ្ញវត្ថុនៃសហគ្រាសមួយនោះ។
គ. ការបើកប្រាក់ឈ្នួល
យោងតាមប្រកាសស្ដីពីច្បាប់ការងារនេះដែរ រាល់ប្រាក់ឈ្នួលត្រូវប្រគល់ដោយផ្ទាល់ដៃទៅសាម៉ីខ្លួននិយោជិតនោះ លុះត្រាតែបុគ្គលិកយល់ព្រមបើកប្រាក់ឈ្នួលតាមវីធីផ្សេង។ ការបើកប្រាក់ឈ្នួលត្រូវបានហាមឃាត់ដាច់ខាត មិនអោយប្រព្រឹត្តឡើងក្នុងតៀមស្រវឹងឬទីកន្លែងកំសាន្តទេ លើកលែងតែអ្នកដែលធ្វើការក្នុងគ្រឹះស្ថានទាំងនោះ។
ក្នុងករណីមានការខកខានបើកប្រាក់ឈ្នួល និយោជិតមានសិទ្ធិប្ដឹងសុំបើកប្រាក់វិញ ដែលមានសុពលភាពរហូតដល់៣ឆ្នាំ ក្រោយពីថ្ងៃត្រូវបើកប្រាក់ឈ្នួលនោះ៕
ប្រភព៖
១. Haymarket Affair Digital Collection. Chicago Historical Society.
២. ច្បាប់ការងារ អនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧